ថៃ ៖ រដ្ឋាភិបាលថៃបានធ្វើការប្រកាសនៅថ្ងៃសុក្រនេះថា មានករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ចំនួន ៣០៩ ករណីបន្ថែមទៀត ដែលក្នុងនោះចំនួន ២៩៧ ជាករណីឆ្លងក្នុងស្រុក និងចំនួន ១២ករណី ជាករណីនាំចូល។

អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ លោក Taweesilp Visanuyothin បានលើកឡើងថា នៅក្នុងចំណោមករណីថ្មី ចំនួនន ២៩៧ករណីក្នុងនោះរួមមាន ៨០ករណីត្រូវបានរកឃើញនៅក្នុងមន្ទីរពេទ្យ និងចំនួន ២១៧ត្រូវបានរកឃើញតាមរយៈការស្វែងរកករណីសកម្មនៅក្នុងសហគមន៍។

រីឯក្នុងចំណោមករណីនាំចូលចំនួន ១២ករណី នោះមាន៤នាក់ជាជនជាតិថៃដែលពួកគេទើបនឹងបានវិលត្រឡប់មកពីប្រទេសអារ៉ាប់រួម អ៊ីតាលី ស៊ូដង់ និងស្រីលង្កា។

គួររំលឹកផងដែរថា មកទល់នឹងពេលនេះប្រទេសថៃទាំងមូលមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១៣,១០៤ នាក់ហើយ ដែលមានអ្នកស្លាប់ចំនួន៧១នាក់ផងដែរ ខណៈពេលដែលប្រទេសនេះជាប់ចំណាត់ថ្នាក់ ១២៨ ក្នុងបញ្ជីដែលមានអ្នកឆ្លងជំងឺកូវីដ១៩ក្នុងពិភពលោក៕

ប្រភព ៖ Bangkok post