ព័ត៌មាន NHK របស់ជប៉ុនបានឲ្យដឹងថា សហជីពការងារតំណាងឱ្យបុគ្គលិកកម្មករនៅក្រុមហ៊ុនផលិតរថយន្ត Mazda បានសម្រេចចិត្តមិនស្នើសុំដំឡើងប្រាក់ខែគោលនោះទេ ក្នុងការចរចាប្រាក់ឈ្នួលប្រចាំឆ្នាំនៅឆ្នាំនេះ។ ប៉ុន្តែជាក់ស្តែងសហជីពនឹងស្នើសុំការដំឡើងប្រាក់ឈ្នួលនៅក្នុងសមាសភាពផ្សេងទៀតនៃប្រាក់ឈ្នួលរបស់និយោជិក។ ក្រុមហ៊ុនផលិតរបស់ប្រទេសជប៉ុនមួយនេះ បាននិងកំពុងពុះពារខណៈពេលមានជំងឺរាតត្បាតឆ្លងរាលដាល។ ការដំឡើងប្រាក់ខែគោល កើនឡើងនៅភាគរយដូចគ្នាសម្រាប់បុគ្គលិកទាំងអស់ហើយជា រឿយៗឆ្លុះបញ្ចាំងពីស្ថានភាពពាណិជ្ជកម្មរបស់និយោជក។

សហជីពបុគ្គលិកក្រុមហ៊ុន រថយន្ត Mazda បានស្នើសុំការការតម្លើងប្រាក់ខែគោលក្នុងរយៈពេល ៧ ឆ្នាំជាប់ៗគ្នា។ ប្រភពបាននិយាយថា ឆ្នាំនេះ សហជីពនៅតែមានបំណងស្នើសុំដំឡើងប្រាក់ខែ ដែលជាទូទៅផ្អែកលើអតីតភាពការងារ។ សហជីពក៏ត្រូវបានគេរំពឹងថានឹងស្នើសុំប្រាក់រង្វាន់សំខាន់ៗផងដែរដោយនិយាយថាបុគ្គលិក កំពុងខិតខំប្រឹងប្រែងដើម្បីបង្កើនផលិតភាព ខណៈមានការរីករាលដាលនៃជំងឺឆ្លង។ ចំនួនទឹកប្រាក់ប្រចាំឆ្នាំនឹងស្មើនឹងប្រាក់ខែប្រហែល ៥ ខែ។

សហជីពនឹងបញ្ចប់ជំហររបស់ខ្លួន នៅថ្ងៃសុក្រនេះ និងបញ្ជូនសំណើទៅថ្នាក់គ្រប់គ្រងក្រុមហ៊ុន Mazda នៅពាក់កណ្តាលខែកុម្ភៈ។ ការលក់របស់ក្រុមហ៊ុនផលិតរថយន្ត Mazda ត្រូវបានទទួលរងគ្រោះយ៉ាងខ្លាំងដោយសារជំងឺរាតត្បាតឆ្លង។ ក្រុមហ៊ុនត្រូវបានគេរំពឹងថានឹងខាតបង់ប្រហែល ៨៧០ លានដុល្លារសម្រាប់ឆ្នាំពាណិជ្ជកម្មដែលបញ្ចប់នៅខែមីនា ខាងមុខនេះ។