ភ្នំពេញ៖ ដោយមានការធុញទ្រាន់ពេក ចំពោះក្រុមជនមួយចំនួន ដែលនៅតែទិតៀន និងលើកឡើងពីការលុបបឹងសំរោង ហៅបឹងតាមោក ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ក្នុងឱកាសអញ្ជើញសម្ពោធអគារទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូននៅព្រឹកថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១នេះ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងថា៖ «ខ្ញុំមានការធុញទ្រាន់ជាមួយការលើកឡើងច្រំដែលៗនៃមនុស្ស មួយចំនួន ដែលថាយើងលុបបឹង យើងលុបអានេះ យើងលុបអានោះ។ ឥឡូវខ្ញុំចង់សួរអស់លោកត្រឡប់ទៅវិញ តើទីក្រុងភ្នំពេញកាលពីដើមកន្លែងណាគោក កន្លែងណាទឹក នៅទីក្រុងភ្នំពេញសុទ្ធតែបឹងទាំងអស់ ផ្ទះខ្ញុំនៅ នៅលើព្រែកតែម្តង វិមានឯករាជ្យកសាងនៅកន្លែងព្រែកតើ»។

សម្តេចតេជោបញ្ជាក់ថា៖ «យើងមានបឹងរាំង បឹងព្រលិត បឹងកេងកង ចុះពេលនោះម៉េចក៏គេលុបបាន? ឥឡូវម៉េចក៏ខ្ញុំលុបមិនបាន។ ក្រែងត្រូវការអភិវឌ្ឍន៍ បើត្រូវការអភិវឌ្ឍន៍ វាត្រូវការលុប។ ជំនាន់មុនគេធ្វើបាន ជំនាន់ខ្ញុំធ្វើមិនបានហ្អី?»។

ពាក់ព័ន្ធនឹងផ្ទៃបឹងតាមោកនេះដែរ សម្តេចហ៊ុន សែន បង្ហាញពីការសោកស្តាយក្នុងការចុះអនុក្រឹត្យថា៖ «និយាយពីបឹងតាមោកមួយ ខ្ញុំស្តាយនោះស្តាយ។ ស្តាយត្រង់ខ្ញុំចុះហត្ថលេខាលើអនុក្រឹត្យមួយខុស ធ្វើអនុក្រឹត្យមួយឱ្យឯងចុះហត្ថលេខាទឹកឡើងដល់ណា ព្រំដែនដល់នោះ។ ស្រាប់តែឥឡូវទៅមើលក្នុងអនុក្រឹត្យនោះ គឺសុទ្ធតែស្រែប្រាំងប្រជាជន។ ខ្ញុំនឹងកាត់បន្តទៅទៀតប្រាប់ឱ្យហើយ ព្រោះសុទ្ធតែស្រែប្រាំងប្រជាជន បើមិនកាត់ឱ្យ»។

សម្តេចហ៊ុន សែន បានលើកឡើងថា ការលុបបឹងសម្រាប់ការអភិវឌ្ឍន៍មិនមែនមានតែកម្ពុជានោះទេ នៅបណ្តាប្រទេសខ្លះ បានលុបរហូតដល់សមុទ្រថែមទៀត ដើម្បីយកដីទៅអភិវឌ្ឍន៍សំណង់ផ្សេងៗ ប្រទេសនានា គេបូមដល់ទៅសមុទ្រ ពង្រីកសមុទ្រយកដីដើម្បីអភិវឌ្ឍន៍ទៅហើយ ម៉េចក៏កម្ពុជាធ្វើនេះក៏ខុស ធ្វើនោះក៏ខុស? ច្រណែនឬអ្វី?»

សម្តេចបានបញ្ជាក់ថា៖ «រឿងអ្នកជេរ គេជេរទៅ រឿងយើងអ្នកធ្វើ គឺធ្វើ។ ខ្ញុំនិយាយតែនិយាយដដែលមានតែអ្នកឈ្នះប៉ុណ្ណោះ ដែលមានសិទ្ធិសរសេរប្រវត្តិសាស្ត្រ»។

បើទោះបីសម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រឱ្យមានការលុបផ្ទៃបឹងមួយចំនួន ដើម្បីឆ្លើយតបនឹងការអភិវឌ្ឍក៏ដោយ តែសម្តេចតេជោ មិនគាំទ្រឡើយចំពោះការលុបប្រឡាយ ស្ទឹង ដែលនាំបាំងមុខទឹក ឬបង្វែរមុខទឹកទៅតំបន់ផ្សេង ដែលទាមទារឱ្យមានការស្តារ ឬទម្លុះមុខទឹកដែរ។ សម្តេចតេជោ ហ៊ុន សែន បានរម្លឹកថា រាជធានីភ្នំពេញ ដែលពីមុនផ្ទៃដីត្រឹមជាង៣០០គីឡូម៉ែត្រក្រឡានោះ ឥឡូវនេះបានពង្រីករហូតដល់ជាង ៧០០គីឡូម៉ែត្រក្រឡាហើយ។ សម្តេចនឹងបន្តអភិវឌ្ឍន៍រាជធានីភ្នំពេញ ទៅបែកខាងជើង ខាងត្បូង និងទៅតំបន់អរិយក្សត្រ៕