ស្រាវជ្រាវដោយ ឈឹម សេរីភួន៖ នួន ជា មានឈ្មោះពីកំណើត ឡៅ គឹមរន មានបងប្អូន៩នាក់ ស្លាប់អស់៣នាក់នៅសល់៦នាក់់ គឺ៖ ទី១ឈ្មោះ ឡៅ រឿត (ស្រី) ពិការជើងទាំងសងខាង, ទី២ឈ្មោះ ឡៅ ហ៊ិច (ស្រី), ទី៣ឈ្មោះ ឡៅ គឹមរន (រូបគាត់), ទី៤ឈ្មោះ ធូ ពុន (ស្រី) មានប្ដីឈ្មោះ អ៊ឺម សាន ជាទាហានក្នុងរបបសាធារណរដ្ឋខ្មែរ មានឋានន្តរសក្ដិ វរសេនីយ៍ឯក, ទី៥ឈ្មោះ ឡៅ ប៉ិនម៉ី (ប្រុស) ជាមន្រ្តីគយសម័យសង្គមរាស្រ្តនិយម និងទី៦ ឡៅ គឹមនី (ស្រី) មានប្ដីឈ្មោះ កោះ ពាញ ជាមន្រ្តីរតនាគរ និងជាប្អូនប្រុសរបស់វរសេនីយ៍ឯក កោះ ឈួន ជាមេបញ្អាការកងពល ក្នុងរបបសាធារណរដ្ឋខ្មែរ ។ ម្ដាយនួន ជា ឈ្មោះដុស ពាញ ជាកូនច្បងគេ ក្នុងគ្រួសារមួយមានបងប្អូនចំនួន៤នាក់ គឺ៖ ទី១ឈ្មោះ ដុស ពឿត (ស្រី), ទី២ឈ្មោះ ដុស យ៉ៅ (ស្រី) , ទី៣ឈ្មោះ ដុស ឈឿត (ស្រី) , ទី៤ឈ្មោះ ដុស អ៊ឺង (ស្រី) ជាប្អូនពៅគេ វជាប្រពន្ធរបស់ សៀវ ហេង មេដឹកនាំចលនាតស៊ូឥស្សរៈខ្មែរ-វៀតមិញ នៅភូមិភាគពាយ័ត្យនោះ ។ ដូច្នេះ នួន ជា ត្រូវជាក្មួយប្រសារបស់ស៊ីវ ហេង ។ នួន ជា ហៅឡៅ គឹមរន ដែលមានឈ្មោះប្រចាំគ្រួសារមួយទៀតគឺឈ្មោះ ទូច បានបញ្ចប់ការសិក្សានៅសាលាបឋមសិក្សា និងអនុវិទ្យាល័យបាត់ដំបង រួចហើយបានបន្តការសិក្សានៅទីក្រុងបាងកក ប្រទេសសៀមបន្តទៀត នៅក្នុងឆ្នាំ១៩៤២ ដែលពេលនោះខេត្តបាត់ដំបង ត្រូវបានសៀមដណ្ដើមយកទៅកាន់កាប់ជាថ្មីម្ដងទៀត ដោយប្រើឈ្មោះរបស់គាត់ជាភាសាថៃថា៖ «រុងឡឺត ឡៅឌី»។ តែមុននឹងទៅបន្តការសិក្សានៃទីក្រុងបាងកកនោះ គាត់បានសាងផ្នួសដើម្បីតបស្នងសងគុណឱពុកម្ដាយរយះពេល៣ខែដែរ។

ព្រះសង្ឃមួយអង្គ ព្រះនាមព្រះគ្រូអាចារ្យអ៊ុក ជា ជាអ្នកនាំគាត់ឲ្យទៅស្នាក់នៅនឹងកុដិរបស់ព្រះអង្គក្នុងវត្តបិនចាម៉ាបូភីត ដែលមានព្រះសង្ឃអង្គ៣អង្គទៀត មកពីខេត្តបាត់ដំបង ដូច នួន ជា ដែរ។ នួន ជា បានរស់នៅក្រោមការមើលថែរក្សារបស់ព្រះសង្ឃទាំង៣អង្គនោះ បន្ទាប់មកក៏បានចុះឈ្មោះចូលរៀននៅក្នុងសាលាមធ្យមសិក្សារបស់រដ្ឋាភិបាលថៃដែលមានឈ្មោះថាសាលាវត្តបិនចាម៉ាបូភីត ដែលស្ថិតនៅក្នុងបរិវេណវត្តនោះដែរ។ នៅក្នុងឆ្នាំ១៩៤៥ ក្រោយបញ្ចប់ការសិក្សានៅថ្នាក់វិទ្យាល័យ នួន ជា ក៏បានបន្តសិក្សានៅមហាវិទ្យាល័យធម្មសាត ក្នុងក្រុងបាងកកនោះបន្តទៀត ដោយរៀនត្រៀមរយៈពេល២ឆ្នាំ ។ ក្នុងពេលសិក្សានៅមហាវិទ្យាល័យធម្មសាតនោះ នួន ជា ក៏បានឆ្លៀតធ្វើការនៅក្រសួងហិរញ្ញវត្ថុ របស់សៀម ផងដែរ។ ប៉ុន្តែដោយសារគាត់មិនចូលចិត្តធ្វើការផ្នែកហិរញ្ញវត្ថុ ដែលមួយថ្ងៃៗ គិតតែពីរឿងគុណលេខរាប់លុយនោះ គាត់ក៏បានផ្លាស់ទៅធ្វើការនៅក្រសួងការបរទេសវិញ ។ នៅក្រសួងការបរទេសសៀមនោះ នួន ជា ធ្វើការនៅផ្នែកឥណ្ធូចិន ឬួនមាន៖ កម្ពុជា វៀតណាម ឡាវ និងភូមា មួយទៀត។ ពេលនោះ ដោយឃើញរបាយការណ៍របស់ស្ថានទូតថៃ នៅក្រុងភ្នំពេញ រាយការណ៍ពីការសង្កត់សង្កិន ជិះជាន់ ធ្វើបាប បាញ់សម្លាប់ប្រជាជនខ្មែរ នួន ជា ក៏មានការឈឺចាប់ ហើយមានការជក់ចិត្តនៅក្នុងការអានសៀវភៅ និងកាសែតកុម្មុយនិស្ដ ដែលនិយាយពីការរំដោះប្រជាជន និងប្រទេសជាតិឲ្យរួចផុតពីវណ្ណៈជិះជាន់ និងពួកអាណានិគម ពួកចក្រភពនិយម ។

នួន ជា ចាប់អារម្មណ៍បំផុតចំពោះសៀវភៅកុម្មុនិស្តមួយដែលមានសសេរឱ្យជនជាតិវៀតណាម ថៃ និងឡាវ រួបរួមគ្នាស្រោចប្រទេសជាតិរបស់ពួកគេ ព្រោះវាត្រូវនឹងអ្វីដែលគាត់ចង់បានដែរ ហើយគាត់ក៏បានស្ម័គ្រចិត្តចូលជាសមាជិកអង្គការយុវជនប្រជាធិបតេយ្យសៀម (ជាសាខាបក្សកុម្មុយនិស្តថៃ) និងបានចូលរួមជួយដល់ការងារសង្គមផ្សេងៗ ពិសេសបានចូលរួមធ្វើបាតុកម្មប្រឆាំងអំពើផ្ដាច់ការ និងការជិះជាន់ផ្សេងៗជាបន្តបន្ទាប់។ ក្រោយពីចូលជាសមាជិកអង្គការយុវជនកុម្មុនិស្តថៃ មិនបានប៉ុន្មាន គាត់ក៏បានចូលជាសមាជិកកុម្មុយនិស្តថៃ បន្តទៀត។ នៅក្នុងឆ្នាំ១៩៤៧ ឡៅ លីវ ត្រូវជាឪពុករបស់នួន ជា បានទទួលមរណភាពដោយសារជំងឺរាគមួល នួន ជា ក៏បានវិលត្រឡប់មកពីទីក្រុងបាងកក មកចូលរួមបុណ្យសពឪពុកនៅពេលនោះដែរ។ នៅក្នុងឆ្នាំ១៩៥០ នួន ជា បានវិលត្រឡប់មកមាតុភូមិប្រទេសវិញ ហើយបានសុំផ្ទេរសមាជិកភាពពីបក្សកុម្មុយនិស្តថៃ មកជាសមាជិកបក្សកុម្មុយនិស្តឥណ្ឌូចិនវិញ និងបានមកចូលរួមក្នុងចលនាតស៊ូខ្មែរឥស្សរៈជាមួយស៊ីវ ហេង ដែលជាប្រធានគណៈកម្មាធិការរំដោះប្រជាជននិងជាប្រធានរណសិរ្សឯកភាពឥស្សរៈ(UIF) នៅភូមិភាគពាយ័ព្យ ដោយគាត់បានទទួលតួនាទីជាសមាជិកគណៈកម្មាធិការនយោបាយយោធាភូមិភាគនោះផងដែរ។

ចំណែកស៊ីវ ហេង វិញ មានប្រភពមួយបានអះអាងថា គាត់មានដើមកំណើតជាខ្មែរកម្ពុជាក្រោម ឈ្មោះ ថាច់ ហេង មានឪពុកឈ្មោះ ថាច់ ហួត តែពេលធំដឹងក្ដី គាត់បានមករស់នៅទីក្រុងភ្នំពេញ ជួយលក់ថ្នាំឲ្យថៅកែហាងថ្នាំចិនសែមួយ ឈ្មោះស៊ីវ ប៉ាវ នៅខាងលិចផ្សារថ្មី ។ កាលសម័យនោះថ្នាំចិនសែយីហោ ស៊ីវ ប៉ាវ នេះល្បីល្បាញ និងពូកែស័ក្ដិសិទ្ធិណាស់ សម្រាប់ព្យាបាលជំងឺគ្រុនក្ដៅ កញ្រ្ជិល ស្រែង កមរមាស់ តាអក ឈឺក្បាល រដូវស្រ្តី និងជំងឺផ្សេងៗច្រើនមុខទៀត ។ ក្រោយមក ថៅកែហាងថ្នាំចិនសែ ស៊ីវ ប៉ាវ នេះ ក៏បានយកថាច់ ហេង ធ្វើជាកូនចិញ្ចឹម ហើយបានដូរត្រូកូលទៅជា ស៊ីវ ហេង វិញ ។ ក្រោយមក ស៊ីវ ហេង បានធ្វើដំណើរចុះឡើងពីភ្នំពេញ ទៅបាត់ដំបង ហើយមានទំនាក់ទំនងជាមួយកៅ តក់ និងចូលរួមជាមួយចលនាតស៊ូខ្មែរឥស្សរៈនៅខេត្តបាត់ដំបងនោះ និងបានរៀបការជាមួយម្ដាយមីងពៅរបស់នួន ជា ឈ្មោះ ដុស អ៊ីង នោះ នៅក្នុងឆ្នាំ១៩៥៣៕ (វាយអត្ថបទដោយ៖ កញ្ញាកៅ សុផានីត)