ខេត្តកណ្តាល ៖ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១១និង៣០នាទី សមត្ថកិច្ច បានធ្វើការឃាត់រថយន្តកុងតឺន័រ១គ្រឿង និងអ្នកបើកបរ នៅលើកំណាត់ផ្លូវជាតិលេខ០៤ ចំណុចស្តុបផ្លូវបំបែកផ្សារថ្នល់ទទឹង ស្ថិតនៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ចន្លោះគីឡូម៉ែត្រ ៣០-៣១ ដែលអ្នកបើកបរមានផ្ទុះសារធាតុញៀន និងបើករេពេញផ្លូវតែម្នាក់ឯង។

សមត្ថកិច្ច បានឲ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើយតាមបទបញ្ជាពីលោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងមានការសម្របសម្រួលឯកភាពពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ទើបកម្លាំងសណ្ដាប់ធ្នាប់ចរាចរណ៍បានធ្វើការឃាត់រថយន្ត ០១គ្រឿងម៉ាកហ៊ីណូ (ប្រភេទសណ្ដោងរ៉ឺម៉ក) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ៣E-៦១៦០ បើកបរដោយឈ្មោះ នុត សម្បត្តិ ភេទប្រុស អាយុ២១ឆ្នាំ ទីលំនៅភូមិបន្លាស្អិត ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ច បញ្ជាក់ថា រថយន្តខាងលើនេះ បានបើកបរមកពីទិសខាងកើតទៅលិច (ភ្នំពេញ-ព្រះសីហនុ) ក្នុងស្ថានភាពរេចុះរេឡើងឆាបកៀរម៉ូតូ និងរថយន្តដែលធ្វើដំណើរតាមដងផ្លូវនាំឲ្យខូចសណ្ដាប់ធ្នាប់ចរាចរណ៍នៅលើដងផ្លូវ។ ក្រោយពេលឃាត់រថយន្ត និងអ្នកបើកបរមកដល់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល កម្លាំងជំនាញចរាចរណ៍បានពិនិត្យឃើញថា រថយន្តខាងលើមានឯកសារដូចខាងក្រោម៖ ប័ណ្ណសំគាល់យាន្ត(កាតគ្រីរថយន្ត), ប័ណ្ណសំគាល់ស៊ីមីរ៉ឺម៉ក(កាតគ្រីរ៉ឺម៉ក) ,វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្ត (ឈៀករថយន្ត), លិខិតអនុញ្ញាតឲ្យយាន្តយន្តធ្វើអាជីវកម្មដឹកជញ្ជូនទំនិញ។ ចំណែក អ្នកបើកបរ គឺគ្មានប័ណ្ណបើកបរ (បាត់មិនទាន់ធ្វើឡើងវិញ)។

ក្រោយពេលពិនិត្យឯកសាររថយន្តចប់ កម្លាំងជំនាញផ្នែកគ្រឿងញៀន នៃអធិការដ្ឋានស្រុកអង្គស្នួល បានធ្វើតេស្តទឹកនោម រកមើលសារធាតុញៀន ជាលទ្ធលឃើញថា អ្នកបើកបររថយន្តខាងលើមានផ្ទុកសារធាតុញៀនពិតប្រាកដមែន។ បច្ចុប្បន្នអ្នកបើកបររថយន្តត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕