ប្រព័ន្ធផ្សព្វផ្សាយប្រទេសចិន រាយការណ៍ថាស្ថាបនិកក្រុមហ៊ុន Alibaba Group លោក Jack Ma បានបង្ហាញខ្លួនជាសាធារណៈលើកដំបូងក្នុងរយៈពេលជិត ៣ ខែមកនេះ។ លោកមិនត្រូវបានគេឃើញនោះទេ ចាប់តាំងពីបានរិះគន់ជាសាធារណៈនូវអ្នកបង្កើតច្បាប់ហិរញ្ញវត្ថុចិនកាលពីឆ្នាំមុន។

សារព័ត៌មាន Global Times ដែលមានសម្ព័ន្ធភាពជាមួយបក្សកុម្មុយនីស្តនិងសារព័ត៌មានផ្សេងទៀតបាននិយាយកាលពីថ្ងៃពុធថា លោក Jack Ma បានចូលរួមព្រឹត្តិការណ៍តាមអ៊ិនធឺរណេត ដែលរៀបចំឡើងដោយកម្មវិធីសប្បុរសធម៌របស់លោក។ វីដេអូឃ្លីបបង្ហាញ លោកកំពុងនិយាយអំពីការអប់រំ។ លោកមិនបាននិយាយអំពីអវត្តមានរបស់លោកឬនិយាយពីកន្លែងស្នាក់នៅរបស់លោកនោះទេ។ មហាសេដ្ឋីបច្ចេកវិទ្យារូបនេះ កាលពីខែតុលា បាននិយាយនៅក្នុងសុន្ទរកថាមួយថា ច្បាប់ហិរញ្ញវត្ថុរបស់ប្រទេសចិនគឺ “ហួសសម័យ” ។ ចាប់តាំងពីពេលនោះមក លោកមិនត្រូវបានគេឃើញជាសាធរណៈឡើយ។

នៅខែបន្ទាប់រដ្ឋាភិបាលបានបញ្ឈប់ការចាប់ផ្តើមទីផ្សារភាគហ៊ុនដែលបានគ្រោងទុករបស់ក្រុមហ៊ុន Ant Group ដែលជាដៃហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Alibaba ។ បន្ទាប់មកទីក្រុងប៉េកាំងបានបើកការស៊ើបអង្កេតប្រឆាំងនឹងភាពផ្តាច់មុខនៅក្នុងក្រុមហ៊ុននេះកាលពីខែធ្នូ។ សកម្មភាពទាំងនេះបានជំរុញឱ្យភាគហ៊ុនរបស់ក្រុមហ៊ុន Alibaba ធ្លាក់ចុះ។ ប៉ុន្តែតម្លៃបានកើនឡើងជាង ១០ ភាគរយកាលពីថ្ងៃពុធបន្ទាប់ពីមានព័ត៌មានអំពីការលេចមុខចេញជាថ្មីរបស់លោក Jack Ma ។