វាលខ្សាច់សាហារ៉ាគឺជាតំបន់វាលខ្សាច់ដ៏ក្ដៅនឹងមានទំហំធំជាងគេនៅលើពិភពលោក ហើយក៏ជាសមុទ្រខ្សាច់ដែលក្ដៅបំផុតផងដែរ ។ តើវាលខ្សាច់ដ៏ធំមួយនេះមានទំហំធំប៉ុណ្ណា? ខាងក្រោមនេះគឺជារឿងរ៉ាវខ្លះៗដែលពាក់ព័ន្ធជាមួយនឹងសមុទ្រខ្សាច់មួយនេះ៖

វាលខ្សាច់សាហារ៉ាគឺជាតំបន់មួយដែលមានភ្លៀងធ្លាក់តិចតួច ឬក៏គ្មានភ្លៀងធ្លាក់ទាល់តែសោះក៏មាន នឹងស្ទើតែគ្មានរុក្ខជាតិអាចលូតលាស់បាន។វាលខ្សាច់មួយនេះឋិតនៅភាគខាងជើងនៃទ្វីបអាហ្រ្វិក វាលខ្សាច់នេះមានទំហំធំខ្លាំងណាស់ ដែលធំស្ទើរតែប៉ុនទឹកដីសហរដ្ឋអាមេរិក ហើយផ្ទៃក្រឡារបស់វាមានដល់ទៅ៩.៤ លានគីឡូម៉ែត្រការ៉េ លាតសន្ធឹងទៅដល់មហាសមុទ្រអាតាឡង់ទិក និងឆ្លងកាត់ប្រទេសជាច្រើនដូចជា ប្រទេសអេស៊ីប ប្រទេសម៉ាលី ប្រទេសម៉ារ៉ុប ប្រទេសសូដង់ ប្រទេសទុយនេស៊ី ប្រទេសមីសេរីយ៉ា ប្រទេសលីបយ៉ា ប្រទេសមូរីតានី ប្រទេសអាស៊ី និងប្រទេសឆាត ផងដែរ។

តើមូលហេតុអ្វីបានជាសមុទ្រសាហារ៉ាក្លាយទៅជាតំបន់វាលខ្សាច់ដែលក្ដៅខ្លាំងបែបនេះ? តំបន់វាលខ្សាច់សាហារ៉ាធ្លាប់ជាតំបន់វាលខ្សាច់ព្រៃត្រូពិក ដែលមានរុក្ខជាតិដុះលូតលាស់ និងមានទឹកភ្លៀងជាទៀងទាត់អស់រយះពេលរាប់ពាន់ឆ្នាំមកហើយ ប៉ុន្តែដោយសារកត្តាបម្រែបម្រួលអ័ក្សរង្វិលរបស់ផែនដី ធ្វើឲ្យប៉ះពាល់ទៅដល់ខ្យល់មូសុងទឹកភ្លៀង បានធ្វើឲ្យតំបន់មួយនេះប្រែក្លាយទៅជាតំបន់វាលរហោឋានមកទល់សព្វថ្ងៃ។ តំបន់វាលខ្សាច់សាហារ៉ាមានអាកាសធាតុប្រែប្រួលយ៉ាងខ្លាំង បើប្រៀបធៀបទៅនឹងអាកាសធាតុកាលពីរាប់ពានឆ្នាំមុន ដែលមានអាកាសធាតុត្រជាក់ ដោយសារតែទទួលរងនូវឥទ្ធិពលដោយសារខ្យល់មូសុង។

នៅក្នុងពេលបច្ចុប្បន្ននេះ តំបន់មួយចំនួននៅក្នុងវាលខ្សាច់សាហារ៉ាមានសីតុណ្ហភាពក្ដៅខ្លាំង ដោយយ៉ាងទាបបំផុតមានសីតុណ្ហភាពចន្លោះពី៣០ទៅ៣៨អង្សាសេ ហើយពេលខ្លះអាចឡើងទៅដល់៥០អង្សាសេក៏មាន ។