ការរបកស្បែកអាចបណ្តាលមកពីលក្ខខណ្ឌ ជាច្រើនដូចជា៖ ភាពស្ងួត ការឆ្លង មេរោគ ប្រព័ន្ធភាពស៊ាំមិនប្រក្រតី និងរលាកដោយកម្តៅថ្ងៃ។ នៅពេលស្រទាប់ខាងលើនៃស្បែកត្រូវ បានបំផ្លាញនោះការរបកស្បែកនឹងកើតមានឡើង។ ស្បែកចាប់ផ្តើមរមាស់ហើយខូចនៅពេលស្បែកត្រូវនឹងកម្តៅថ្ងៃ ខ្យល់ ភាពស្ងួត និងភាពសំណើមយូរពេក។ ការរមាស់យូរទៅធ្វើឱ្យរបកស្បែក។ កន្ទួលរមាស់ចាប់ផ្តើមកើតមាននៅលើស្បែកធ្វើឱ្យស្បែកឡើងក្រហម ស្ងួត។

ភាពកន្ទួលរមាស់លើស្បែកកាន់តែខ្លាំងឡើងអាចក្លាយជាសញ្ញានៃប្រតិកម្មអាឡែកហ្ស៊ី ពីសារធាតុ គីមីមាននៅក្នុងសាប៊ូដុសខ្លួន ម្សៅសាប៊ូ ឬគ្រឿងសម្អាង។ មេរោគផ្សិត និងមេរោគបាក់តេរី រួមទាំងស្រែង និងរមាស់ក៏អាចបណ្តាលឱ្យរបកស្បែកផងដែរ។ ប៉ុន្ដែបងប្អូនកុំបារម្ភអីថ្ងៃនេះយើងនឹងបង្ហាញពីវិធីសាស្រ្ដដែលអាចជួយបំបាត់បញ្ហាស្បែករបកនេះបានយ៉ាងមានប្រសិទ្ធភាព។

ទឹកជីរអង្កាម
យកស្លឹកជីរអង្គាម មួយបាច់មកបុកលាយជាមួយទឹករួចច្របាច់យកទឹក។ យកទឹកជីអង្គាមនេះលាបលើកន្លែងរបកស្បែកថ្នមៗ។ ទុកវាឱ្យស្ងួតរួចលាងសម្អាតនឹងទឹកត្រជាក់ក្រោយរយៈ ពេល១ម៉ោង។ ធ្វើបែបនេះ ៣ដង ក្នុងមួយថ្ងៃហើយក៏លាបវារួចហើយទុកចោលរយៈពេលពេញមួយយប់ក៏បាន។ ទឹកជីរអង្កាមស្រស់ ហើយត្រជាក់នឹងជួយបំបាត់ស្បែករមាស់បានភ្លាមៗ និងជួយព្យាបាលការរបកស្បែក។

ឪឡឹក
យកឪឡឹកមួយដុំមកជូតពីលើស្បែកដែល របករយៈពេល ពី ៥ទៅ ១០នាទី។ ទុកវាឱ្យស្ងួត ហើយ ប្រសិនបើអ្នកចង់លាងសម្អាតអាចលាងសម្អាតបានក្រោយរយៈ ពេល ១ម៉ោងកន្លះ។ បន្តការយកឪឡឹក មកជូតលើស្បែករាល់ ២ទៅ ៣ម៉ោងម្តង។ អាស៊ីតម៉ាឡិចនៅក្នុងផ្លែឪឡឹក មិនត្រឹមតែជួយព្យាបាលស្បែក ខូចប៉ុណ្ណោះទេតែថែមទាំងអាចព្យាបាលភាពកន្ទួលរមាស់ និងការរលាកជួយឱ្យស្បែកត្រជាក់គ្រប់ពេល វេលា។

ប្រទាលកន្ទុយក្រពើ
ប្រទាលកន្ទុយក្រពើ អាចជួយព្យាបាលជំងឺ និងបញ្ហាស្បែកបានគ្រប់ប្រភេទ។ ប្រទាលកន្ទុយក្រពើ សម្បូរ ទៅដោយសារធាតុប្រឆាំងនឹងផ្សិត ប្រឆាំងបាក់តេរី ប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងនឹងការរលាក។ វាអាចជួយថែរក្សាស្បែកពីការឆ្លងមេរោគគ្រប់ប្រភេទ និងជួយព្យាបាលជាលិកាស្បែកខូច។ យកចាហ៊ួយ ចេញពីប្រទាលកន្ទុយក្រពើស្រស់មកលាបលើស្បែករបករយៈ ពេល ១០នាទី។ លាបម្តងទៀត រៀងរាល់ ២ទៅ ៣ម៉ោងម្តងដើម្បីជួយឱ្យស្បែក មានសំណើមល្អហើយលែងមានកន្ទួលរមាស់។

ប្រេងដូង
ប្រេងដូង ជាឱសថព្យាបាលជំងឺរបកស្បែកបានយ៉ាងងាយបំផុត។ វាមិនត្រឹមតែផ្តល់សារធាតុចិញ្ចឹមដល់ស្បែកប៉ុណ្ណោះទេតែក៏អាចជួយប៉ះប៉ូវ និងលាងជម្រះកោសិកាស្បែកខូចផងដែរ។ វាអាចកម្ចាត់ មេរោគឆ្លងគ្រប់ប្រភេទបំបាត់ភាពស្ងួត កាត់បន្ថយ ភាពឈឺចាប់ និងជួយបំបាត់ស្បែករមាស់បញ្ឈប់ការ របកស្បែកជួយឱ្យស្បែកមានសំណើម។ លាបប្រេងដូងលើស្បែកដែលរបកឱ្យបាន ញឹកញាប់តាមដែល អាចធ្វើទៅបាន។

ទឹកដោះគោជូរ
យកទឹកដោះគោជូរ ជូតពីលើស្បែករបក។ ទុកវាចោលរយៈពេល១ម៉ោង រួចលាងសម្អាតនឹងទឹកក្តៅ។ លាបវា ២ទៅ ៣ដងជាប្រចាំដើម្បីកម្ចាត់មេរោគឆ្លងលើស្បែក និងដើម្បីព្យាបាលការខូចស្បែករបក ស្បែក៕