ភ្នំពេញ៖ ទោះបីផលិតកម្មមហាហង្ស បានផ្ញើលិខិតអញ្ជើញជាផ្លូវការលើកទី២ ដើម្បីអញ្ជើញកញ្ញា សេង រដ្ឋា កញ្ញាឯក Miss Grand Cambodia 2020 ឲ្យចូលខ្លួនដោះស្រាយ ដោយព្រមានថា បើកញ្ញា មិនចូលខ្លួនដោះស្រាយទេ ត្រូវប្រឈមនឹងការដកតំណែងជាផ្លូវការ ក៏ដោយ ក៏នាងនៅបដិសេធមិនចូលខ្លួនដោះស្រាយតាមការអញ្ជើញរបស់ផលិតកម្មនោះដដែល។

លិខិតអញ្ជើញរបស់ផលិតកម្មមហាហង្ស ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ បានបញ្ជាក់ថា ដើម្បីសម្របសម្រួលភាគីទាំង២ ដោយសារមានការផ្ដល់យោបល់ពីខាងមេធាវីក្រុមហ៊ុន ដូច្នេះក្រុមហ៊ុន សូមអញ្ជើញកញ្ញា សេង រដ្ឋា កញ្ញាឯក Miss Grand Cambodia 2020 មកចូលរួមដោះស្រាយបញ្ហាដែលកើតឡើងកន្លងមក ដោយសន្តិវិធី នៅការិយាល័យផលិតកម្មមហាហង្ស ថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៣រសៀលនេះ។ ប៉ុន្តែបើកញ្ញា សេង រដ្ឋា នៅតែមិនចូលខ្លួនមកដោះស្រាយទេ ខាងក្រុមហ៊ុននឹងធ្វើការតាមផ្លូវច្បាប់ សម្រេចដកហូតតំណែងកញ្ញាឯក Miss Grand Cambodia 2020 របស់កញ្ញាដោយស្វ័យប្រវត្តិ ហើយខាងក្រុមហ៊ុននឹងធ្វើសន្និសីទសារព័ត៌មានតាមក្រោយ ប្រសិនបើមានការប្រែប្រួលអ្វីមួយរវាងភាគីទាំងពីរ។

តបទៅលិខិតអញ្ជើញខាងលើនេះ កញ្ញា សេង រដ្ឋា បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកនាងថា នាងពិតជាមិនអាចទទួលយកបាននូវអ្វីដែលអ្នកគ្រប់គ្រងកម្មវិធីបានបរិហារកេរ្តិ៍ឈ្មោះរបស់នាងនៅលើបណ្តាញសង្គម រហូតដល់មានការចុះផ្សាយព័ត៌មានជាសាធារណៈបែបនេះទេ។នាងបន្តថា នាងនឹងធ្វើតាមអ្វីដែលអ្នកគ្រប់គ្រងកម្មវិធីបានប្រកាសជាសាធារណៈកន្លងមក (ដកតំណែង) ហើយអ្វីដែលនាងធ្វើបាននៅពេលនេះ គឺចូលខ្លួនបង្ហាញវត្តមាននៅថ្ងៃសន្និសីទកាសែតតែមួយគត់ ដែលនឹងប្រព្រឹត្តទៅដោយមានកាលបរិច្ឆេទច្បាស់លាស់ណាមួយតែប៉ុណ្ណោះ ដូចដែលអ្នកគ្រប់គ្រងកម្មវិធីបានប្រកាសជាសាធារណៈកន្លងមក។ កញ្ញា សេង រដ្ឋា បន្តថា នាងពិតជាស្រឡាញ់វិស័យមួយនេះណាស់ ទម្រាំមានថ្ងៃនេះ ទោះនាងលំបាកយ៉ាងណា ក៏នាងនៅតែញញឹម ដើម្បីអ្នកទាំងអស់គ្នា ។

គួរបញ្ជាក់ដែរថា ការផ្ទុះរឿងរ៉ាវចម្រូងចម្រាសរវាងកញ្ញា សេង រដ្ឋា កញ្ញាឯក Miss Grand Cambodia 2020 និងម្ចាស់ផលិតកម្មមហាហង្ស ផ្តើមចេញពីកញ្ញា សេងរដ្ឋា ឆ្លើយតបទៅអ្នកគាំទ្រនាង ថានាងនៅមិនទាន់ទទួលបានការហ្វឹកហាត់ណាមួយពីអ្នកផលិតកម្មវិធីនៅឡើយទែ ចាប់តាំងពីនាងជាំប់ជាកញ្ញាឯក Miss Grand Cambodia 2020មក។ ចម្លើយនេះហើយដែលនាំឲ្យខាងម្ចាស់ផលិតកម្មមហាហង្ស មានការអន់ចិត្ត ប្រាប់ទៅអ្នកគាំទ្រនាងវិញថា មកពីនាងមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ក្រុមហ៊ុនទៅវិញទេ។

តាមគម្រោង កញ្ញា សេង រដ្ឋា ម្ចាស់មកុដ Miss Grand Cambodia 2020 នឹងត្រូវបញ្ជូននាងទៅចូលរួមការប្រកួតបន្តទៀតនៅក្នុងកម្មចិធី Miss Grand International 2021 នៅប្រទេសថៃ ក្នុងអំឡុងខែមីនាឆ្នាំ២០២១ ខាងមុខនេះ ៕