ខេត្តព្រះសីហនុ ៖ យុវជនម្នាក់ បានជិះម៉ូតូបោះពួយយ៉ាងលឿនដូចហោះ ហើយខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកសត្វឆ្កែហើយដួលម៉ូតូខ្ទាតចូលក្រោមរថយន្ត បណ្តាលឲ្យរថយន្តកិនស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ កាលពីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧៣-១៧៤ ស្ថិតនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ។

យុវជនរងគ្រោះ ឈ្មោះ មុត មាន អាយុ១៨ឆ្នាំ មានទីលំនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ចំណែក រថយន្តបង្កបានបើកបន្តដំណើរទៅមុខចេញពីកន្លែងកើតហេតុ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ធ្វើការវាស់វែង និងកំណត់ហេតុ ប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារយកទៅចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី។ ពេលនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរករថយន្តបង្ក ដើម្បីដោះស្រាយជាមួយក្រុមគ្រួសារជនរងគ្រោះតាមនីតិវិធី ៕