ភ្នំពេញ ៖ ប៉ុន្មានថ្ងៃមកនេះ រឿងរ៉ាវទាក់ទិននឹង Miss Grand Cambodia 2020 ក្លាយជាព័ត៌មានដ៏ក្ដៅគគុកមួយនៅក្នុងបណ្តាញសង្គម ជាពិសេសគឺការប្រកាសថានឹងមានការដកដំណែងរបស់់បវរកញ្ញាឯក សេង រដ្ឋា ថែមទៀតផងដែលធ្វើឲ្យមហាជននៅតែមានការសង្ស័យថាតើនឹងមានរឿងអ្វីកើតឡើងនៅពីក្រោយបញ្ហាមួយនេះឬយ៉ាងណា?


ជាក់ស្តែង ស្រាប់តែពេលថ្មីៗនេះខាងក្រុមហ៊ុន ក៏ដូចជាអ្នករៀបចំកម្មវិធី Miss Grand Cambodia បានធ្វើការប្រកាសជាសាធារណៈក្នុងគោលបំណងអញ្ជើញកញ្ញា សេង រដ្ឋា ដែលជា Miss Grand Cambodia 2020 ឲ្យទៅចូលរួមដោះស្រាយបញ្ហាដែលបានកើតឡើង នៅថ្ងៃទី១៩ វេលាម៉ោង ០៣ៈ០០ រសៀលបន្តិចទៀតនេះ នៅការិយាល័យផលិតកម្ម មហាហង្សផ្ទាល់តែម្ដង។


ក្នុងនោះផងដែរ នៅលើគណនីហ្វេសប៊ុកផេកឈ្មោះ Miss Grand Cambodia ផ្ទាល់ក៏បានបង្ហោះសារមួយថា “ដើម្បីសម្របសម្រួលភាគីទាំង២ ដោយសារមានការផ្ដល់យោបល់ពីខាងមេធាវីក្រុមហ៊ុន ដូច្នេះក្រុមហ៊ុនក៏បានចេញលិខិតអញ្ជើញកញ្ញា សេង រដ្ឋា មកចូលរួមដោះស្រាយបញ្ហាដែលកើតឡើងកន្លងមក តាមសន្តិវិធី នៅការិយាល័យផលិតកម្មមហាហង្ស ថ្ងៃអង្គារ៍ ទី១៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៣រសៀលនេះ។
ប្រសិនបើ កញ្ញា សេង រដ្ឋា មិនចូលខ្លួនមកដោះស្រាយតាមសន្តិវិធីទៅតាមលិខិតអញ្ជើញរបស់ក្រុមហ៊ុនទេ នោះជំហ៊ានទីពីរមេធាវីខាងក្រុមហ៊ុននឹងចេញលិខិតកោះហៅកញ្ញា សេង រដ្ឋា ដើម្បីចូលខ្លូនមកដោះស្រាយជាលើកទីពីរ ប៉ុន្តែបើកញ្ញា សេង រដ្ឋា នៅតែមិនចូលខ្លួនដោះស្រាយទេ ខាងក្រុមហ៊ុននិងធ្វើការតាមផ្លូវច្បាប់សម្រេចដកហូតតំណែងរបស់កញ្ញាដោយស្វ័យប្រវត្តិ ខាងក្រុមហ៊ុននិងធ្វើសន្និសីទសារព័ត៌មានតាមក្រោយប្រសិនបើមានការប្រែប្រួលអ្វីមួយរវាងភាគីទាំងពីរ។”


ខណៈនោះដែរកញ្ញា សេង រដ្ឋា ក៏បានបង្ហោះសារមួយថា “សុំទោសផង fan beauty pageant និង អ្នកគាំទ្រដ៏សែនល្អរបស់ខ្ញុំ សេង រដ្ឋា ខ្ញុំពិតជាមិនអាចទទួលយកបាននៅអ្វីដែរអ្នកគ្រប់គ្រងកម្មវិធីបានបរិហារកេរ្តិ៍ឈ្មោះរបស់ខ្ញុំនៅលើបណ្តាញសង្គម រហូតដល់មានការចុះផ្សាយពត័មានជាសាធារៈបែបនេះ
ខ្ញុំនិងធ្វើតាមអ្វីដែរអ្នកគ្រប់គ្រងកម្មវិធីបានប្រកាសជាសាធារៈកន្លងមក (ដក តំណែង)
ហើយអ្វីដែរខ្ញុំធ្វើបាននៅពេលនេះគឺ ចូលខ្លួនបង្ហាញវត្តមាន នៅថ្ងៃសន្និសីតកាសែតតែមួយគត់ ដែលនិងប្រព្រឹត្តឡើងដោយមានការបរិច្ឆេទ ពេលវេលាច្បាស់លាស់ណាមួយ តែប៉ុណ្ណោះ ដើម្បីដកតំណែងនាងខ្ញុំ ដូចអ្វីដែរអ្នកគ្រប់គ្រងកម្មវិធីបានប្រកាសជាសាធារណៈកន្លងមក
❤️ខ្ញុំពិតជាស្រឡាញ់វិស័យមួយនេះណាស់ ទំរាំមានថ្ងៃនេះ ទោះខ្ញុំលំបាកយ៉ាងណា ក៍ខ្ញុំនៅតែញញឹមដើម្បីអ្នកទាំងអស់គ្នា love u my Fan
I like simple life “។


ទោះបីជាយ៉ាងណាក៏ដោយគេនៅតែរង់ចាំថា តើរឿងរ៉ាវទាំងអស់នោះនឹងទៅជាយ៉ាងណា ជាពិសេសអ្នកគាំទ្រទាំងអស់ក៏កំពុងតែចង់ដឹងថា តើមានរឿងអ្វីដែលនៅពីក្រោយបញ្ហានេះ ទើបធ្វើឲ្យមានរឿងរ៉ាវកាន់តែធ្ងន់ធ្ងរបែបនេះកើតឡើង៕