ខេត្តបាត់ដំបង៖ សង្ស័យឆ្លងចរន្តអគ្គិសនី ផ្ទះប្រជាពលរដ្ឋ១ខ្នងត្រូវបានភ្លើងឆាបឆេះអស់ទាំងស្រុង ខណ:ប្តីប្រពន្ធជាម្ចាស់ផ្ទះរវល់ចេញទៅធ្វើការអស់។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង៤រសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នៅភូមិអូរខ្ជាយ ឃុំវត្តតាមឹម ស្រុកសង្កែ។ ម្ចាស់ផ្ទះជាប្ដីឈ្មោះ ឈួន រីណា ភេទប្រុស អាយុ៣៥ឆ្នាំ និងប្រពន្ធឈ្មោះ ស៊ឹម សុម៉ាលីន អាយុ៣៣ឆ្នាំ ។

មុនពេលកើតហេតុ ប្តីប្រពន្ធទាំងពីរនាក់បានចាក់សោផ្ទះ ហើយចេញទៅធ្វើការងាររៀងៗខ្លួនអស់។ សង្ស័យថាឆ្លងចរន្តអគ្គិសនី បណ្ដាលឱ្យភ្លើងឆាបឆេះផ្ទះអស់ទាំងស្រុង ។ ចំណែកឯរថយន្តម៉ាកហាយប្រ៊ីដ១គ្រឿងរបស់ម្ចាស់ផ្ទះដែលជាប់ហ្វ្រាំងដៃ ត្រូវបានប្រជាពលរដ្ឋអ្នកជិតខាងវាយកញ្ចក់ចូលដោះហ្វ្រាំងដែលជាប់នោះ ហើយរុញចេញមកក្រៅបរិវេណផ្ទះទាន់។

ផ្ទះដែលរងការឆាបឆេះនេះ ជាប្រភេទផ្ទះតៀម ជញ្ជាំងថ្ម លាយក្តារ មានទំហំ ៩ម៉ែត្រx៧ម៉ែត្រ ខូចខាតអស់ទាំងស្រុង រីឯទ្រព្យសម្បត្តិនៅមិនទាន់បានដឹងនៅឡើយទេ៕