ខេត្តត្បូងឃ្មុំ៖ បុរសជាប្ដីម្នាក់បើកបរម៉ូតូជូនប្រពន្ធមកពីពិនិត្យជំងឺនៅមន្ទីរពេទ្យ ត្រឡប់ទៅផ្ទះវិញ ពុំទាន់ដល់ផង ត្រូវបានរថយន្តបុកស្លាប់ទាំងពីរអ្នកភ្លាមៗ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នៅត្រង់ចន្លោះបង្គោលគីឡូ១៣៣-១៣៤ លើកំណាត់ផ្លូវជាតិលេខ៧ ស្ថិតនៅភូមិអណ្តូងជា ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ។

ជនរងគ្រោះជាប្ដីឈ្មោះស៊ុយ ស៊ន ភេទប្រុស អាយុ៥៦ឆ្នាំ និងប្រពន្ធឈ្មោះ ឆាន ចាន់ឌី អាយុ៥០ឆ្នាំ រស់នៅភូមិអញ្ចើម ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ (ស្លាប់នៅកន្លែងហេតុកើតហេតុ)។

មុនពេលកើតហេតុ ជនរងគ្រោះជាប្ដីបើកបរម៉ូតូជូនប្រពន្ធមកពីពិនិត្យជំងឺនៅមន្ទីរពេទ្យ ត្រឡប់ទៅផ្ទះវិញ ក្នុងទិសដៅពីលិចទៅកើត តាមបណ្ដោយផ្លូវជាតិ៧។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែបុកជាមួយរថយន្តម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-8042 បណ្ដាលឲ្យស្លាប់ទាំងពីរនាក់ភ្លាមៗតែម្ដង។ ចំណែក អ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនបាត់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅវាស់វែង រួចយកម៉ូតូ និងរថយន្តមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បីរង់ចាំធ្វើការស្រាវជ្រាវ និងដោះស្រាយតាមនីតិវិធី។ ចំណែកសាកសពពីរនាក់ប្ដីប្រពន្ធត្រូវបានប្រគល់ទៅឱ្យសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕