ខេត្តបន្ទាយមានជ័យ៖ ពលករខ្មែរចំនួន៣នាក់ ទើបត្រឡប់មកពីប្រទេសថៃ ហើយមិនព្រមចូលធ្វើចត្ដាឡីស័ក ក៏ត្រូវបានអាជ្ញាធរយករថយន្ដមកដឹកទាំងគ្រួសារ កាលពី​​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២១ ស្ថិតក្នុង​ភូមិ​ព្រៃ​ឫស្សីសង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ដើម្បីនាំទៅធ្វើចត្ដាឡីស័ក។

​លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរី​សោភ័ណ​ បានបញ្ជាក់ថា​ អាជ្ញាធរ​មូលដ្ឋាន​ភូមិ​-​សង្កាត់​ បាន​រាយការណ៍​មក​​​​ថា មាន​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​៣​នាក់​ ទើបនឹង​ត្រឡប់​មក​ពី​ប្រទេស​ថៃ ​​មិន​ព្រមចូល​ធ្វើ​ច​ត្តា​ឡី​ស័ក​។ បន្ទាប់ពីមានសេចក្ដីរាយការណ៍បែបនេះ និងមាន​​ការ​ណែនាំ​ពី​លោក អ៊ុំ រាត្រី   អភិបាល​ខេត្តបន្ទាយមានជ័យ ផង លោកបានឲ្យ​ក្រុម​ការងារ​យក​រថយន្ត​សា​មុ​យ​១​គ្រឿង មកដឹកពួកគាត់​ទាំង​៣​គ្រួសារ​ ដើម្បី​នាំតៅ​ធ្វើ​ច​ត្តា​ឡី​ស័ក ​នៅ​មណ្ឌល​វិទ្យាល័យ​សម្តេចឪ ក្រុង​សិរី​សោភ័ណ​​។

លោកអភិបាលក្រុងសិរីសោភ័ណ បានបញ្ជាក់ថា ពួកគាត់ទាំង៣គ្រួសារនេះ រស់នៅ​ភូមិ​ព្រៃ​ឫស្សី សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ។ សកម្មភាពរបស់ពួកគាត់តែ៣នាក បាន​នាំទុក្ខ​ដល់​ក្រុម​គ្រួសារ។ រីឯអាជ្ញាធរធ្វើបែបនេះ ក៏ដើម្បី​បង្ការ និង​ទប់ស្កាត់​កូ​វី​ដ​-១៩ មិន​ឱ្យ​កើត​មាន​ក្នុង​សហគមន៍។ អាជ្ញាធរ​​ត្រូវតែ​អនុវត្ត​​តាម​ការ​​ណែនាំ​របស់​ក្រសួងសុខាភិបាល​កម្ពុជា ត្រូវ​ពង្រឹង​ការ​ត្រួតពិនិត្យ និង​ធ្វើ​ច​ត្តា​ឡី​ស័ក ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ។ ពលរដ្ឋទាំងនោះត្រូវ​អនុវត្ត​ការធ្វើ​ច​ត្តា​ឡី​ស័ក ​រយៈពេល​១៤ថ្ងៃ នៅក្នុង​មណ្ឌល ដែល​ត្រូវ​បាន​ត្រួត​ពិនិត្យ​សុខភាព និង​ធ្វើតេស្ត​សំណាក។

ជាមួយគ្នានេះដែរ លោក លី សុ​វ​ណ្ណា​រិ​ទ្ធ​ អភិបាលស្រុក​អូរ​ជ្រៅ​  បាន​បញ្ជាក់​​ថា ចាប់ពី​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២០ ​ដល់​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២១​ មាន​ប្រជាពលរដ្ឋ​ត្រឡប់​ពី​ប្រទេស​ថៃ និង​ភាគី​ថៃ ​ចាប់​បញ្ជូន​តាម​ច្រក​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ មាន​ចំនួន​៥ ៤៩៤​នាក់ ហើយក្នុង​នោះមាន​ស្រី​ចំនួន​២ ៤៣៥​នាក់ផងដែរ។

​​លោក​វេជ្ជបណ្ឌិត រឿ​ន សុធី​ អនុប្រធានមន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ បាន​បញ្ជាក់​​ថា ប្រជាពលរដ្ឋ​​​ត្រឡប់​ពី​ប្រទេស​ថៃ តាមច្រកជាច្រើន រួមមាន ​ច្រក​អូរ​ជាន់ (ស្រុក​អូរ​ជ្រៅ) ​ច្រក​ម៉ា​ឡៃ (ស្រុក​ម៉ា​ឡៃ) និងច្រក​បឹង​ត្រកួន (ស្រុក​ថ្មពួក) ។ រីឯពលរដ្ឋ ដែលតម្រូវឲ្យ​​ធ្វើ​ច​ត្តា​ឡី​ស័ក ​រយៈពេល​១៤​ថ្ងៃនោះ មាន​ចំនួន​៩ ០៣០​នាក់ ក្នុង​នោះ​ស្រី​៣ ៨៩៧​នាក់។ ចំណែកមន្រ្ដីជំនាញ​​បាន​យក​សំណាក់​ពីពលរដ្ឋ ចំនួន​៩ ៩៣៥​នាក់ ហើយក្នុង​នោះ​ស្រី​៤ ៣២៥​នាក់ ហើយ​អ្នក​​បាន​បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក ត្រូវអនុញ្ញាឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ មាន​ចំនួន​ ៤ ៩៤៤​នាក់ ក្នុង​នោះ​ស្រី​២  ០៨៩​នាក់។ ដោយឡែកអ្នក​​កំពុង​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក ​រយៈពេល​១៤​ថ្ងៃ ​មាន​ចំនួន​២ ៥៨៣​នាក់ ក្នុង​នោះ​ស្រី​១ ១០០​នាក់ វិជ្ជមាន​កូ​វី​ដ-​១៩​ មាន​ចំនួន​៣៤​នាក់ ក្នុង​នោះ​ស្រី​២៥​នាក់ និង​ប្រុស​៩​នាក់​៕​