ខេត្តព្រៃវែង៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការជាមួយកម្លាំងនគរបាលស្រុកពារាំង បានឆ្មក់ចុះបង្ក្រាបទីតាំងសង្វៀនជល់មាន់ដ៏ធំមួយកន្លែង ឃាត់ខ្លួនមនុស្សបានចំនួន១៣នាក់ ម៉ូតូចំនួន២២គ្រឿង រថយន្តចំនួន៥គ្រឿង អង្រុតក្រុងមាន់ចំនួន០៩ កន្ត្រក់មាន់ចំនួន៥ និងស្កុតបិតខ្នាយមាន់ចំនួន៤៨ដុំ។

ការឆ្មក់ចុះបង្ក្រាបនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៨អា ក្នុងឃុំព្រៃព្នៅ ស្រុកពារាំង ពេលក្រុមអ្នកញៀនល្បែង ជិត១០០នាក់ កំពុងតែបញ្ជល់មាន់ ស្រែកហ៊ោកញ្ជ្រៀវយ៉ាងទ្រហឹងអឺងកង ប្រែជាជាភ័យស្លន់ស្លោភ្នែកនៅកញ្ចឹងក ត្រូវសមត្ថកិច្ចចាប់បានចំនួន១៣នាក់ ក្រៅពីនោះនាំគ្នារត់បាតជើងសព្រាត គ្មានងាកក្រោយ ។

លោកឩត្តមសេនីយត្រី ពៅ ជីវី ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានឱ្យដឹងថា ទីតាំងបើកលេងល្បែងបញ្ជល់មាន់នេះ មានម្ចាស់ឈ្មោះ ឡុង នី បច្ចុប្បន្នធ្វើការនៅប្រទេសកូរ៉េ ហើយការបើកលេងនេះម្ចាស់អត់បានដឹងទេ គឺសាច់ញាតិម្នាក់ឈ្មោះ ហេង អឿន ភេទប្រុស អាយុ៤៧ឆ្នាំ នៅភូមិសំរាប ឃុំព្រៃព្នៅ ជាអ្នកមកលួចបើក លេងជារៀងរាល់ថ្ងៃ ហើយកន្លងមក កំលាំងនគរបាលប៉ូស៌្តិ៍រដ្ឋបាលឃុំព្រៃព្នៅ ធ្លាប់បានហៅឈ្មោះហេង អឿន នេះអប់រំនិងធ្វើកិច្ចសន្យាឈប់លេងចំនួន២ដងរួចមកហើយ តែបុគ្គលនេះនៅតែបំពាន ទើបមានការរៀបចំផែនការឆ្មក់ចុះបង្ក្រាបបែបនេះ។

នៅព្រឹកថ្ងៃទី១៨ ខែមករានេះ លោកស្នងការរង ពៅ ជីវី បានបញ្ជាក់ថា ក្រុមអ្នកញៀនល្បែងជល់មាន់ទាំង១៣នាក់ រួមនឹងវត្ថុតាងទាំងអស់ ត្រូវកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តព្រៃវែង ដើម្បីចាត់ការបន្តហើយ ៕