រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ សមត្ថកិច្ចបានបង្ហោះវីដេអូ នៃប្រតិបត្តិការរុករក និងបង្រ្កាបឃាតករ លើកសំរឿងករណីឃាតកម្មបាញ់សម្លាប់មន្រ្តីនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ០០និង០៥នាទីយប់ ចំណុចមុខផ្ទះសំណាក់សំាងហ័រទៀន ផ្លូវសហព័ន្ធរុស្សី ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។

សូមបញ្ជាក់ថា ក្រោយពីមានហេតុការណ៍បាញ់សម្លាប់មន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ កែ ចាន់មាន ភេទប្រុស អាយុ២៥ឆ្នាំ (អ្នកបើករថយន្ត) នៅចំណុចផ្ទះជួលក្បែរវត្តទួលតាឯក ភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ចំណែកបក្សពួកម្នាក់ទៀតឈ្មោះ អ៊ា ណារ៉េន ហៅ រ៉េន ភេទប្រុស អាយុ៣៨ឆ្នាំ បានគេចទៅលាក់ខ្លួននៅក្នុងភូមិសាស្រ្តខេត្តរតនគិរី, ខេត្តមណ្ឌលគិរី, ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ។ រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវរហូតដល់កំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ ហើយបានសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, ស្នងការដ្ឋានគរបាលខេត្តក្រចេះ អនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ០៣២ វ ដ វ ន ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ របស់លោកលិ សុផា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។ នៅវេលាម៉ោង១៧ និង៤៦នាទី កម្លាំងសមត្ថកិច្ចយើងបានប្រទះឃើញជនសង្ស័យនៅចំណុចមាត់អូរជាប់ជើងភ្នំ អូរកណ្តៀរ ក្នុងដីចំការស្វាយចន្ទី ស្តិតក្នុងភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ហើយសមត្ថកិច្ចយើងបានឲ្យជនសង្ស័យប្រគល់ខ្លួនតាមសម្រួល ប៉ុន្តែខណៈពេលនោះជនសង្ស័យរឹងរូសមិនព្រមប្រគល់ខ្លួន និងបានបាញ់មកលើសមត្ថកិច្ចយើង ភ្លាមនោះសមត្ថកិច្ចយើងបានប្រើសិទ្ធិការពារខ្លួនដោយបាញ់តបតគ្នាទៅវិញទៅមក បណ្តាលឲ្យជនសង្ស័យឈ្មោះ អ៊ា ណារ៉េន ស្លាប់នៅហ្នឹងកន្លែងកើតហេតុតែម្តង។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតមាន អាវុធខ្លីមួយដើម ម៉ាក CZ 75B លេខ 5493V ពណ៌ទឹកប្រាក់ មួយដើម ។ បច្ចុប្បន្នសាកសពបានប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តក្រចេះ ដើម្បីចាត់ចែងតាមនីតិវិធី ។ សូមរំលឹកថា កាលពីវេលា១២ និង០៥នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ មានករណីឃាតកម្មមួយ បានកើតឡើងតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៉ី ត្រង់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ ដោយផ្តើមចេញពីករណីគ្រោះថ្នាក់ចរាចរណ៍។ ជនរងគ្រោះមានឈ្មោះ រ៉េត ស៊ីណាត មុខរបរជាមន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

សាក្សីបានឲ្យដឹងថា មុនកើតហេតុ គេបានឃើញជនដៃដល់ដែលជាខ្មាន់កាំភ្លើង បានជិះរថយន្ត១គ្រឿងម៉ាក ឡិចស៊ីស RX300 ពណ៌ខ្មៅ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៉ី លុះជិះមកដល់ចំណុចកើតហេតុ បានបុកពីក្រោយរថយន្ត Ford Rapter របស់ជនរងគ្រោះ បណ្តាលឲ្យបែកស្តុបខាងក្រោយ បន្តាប់ពីបុកហើយភាគីទាំងពីរ ក៏បានបើករថយន្តចូលខាង ដើម្បីសម្របសម្រួលគ្នា ។

ប្រភពបន្តថា បន្ទាប់ពីសម្រួលគ្នាអស់រយៈពេលជិតកន្លះម៉ោងមិនត្រូវគ្នា ស្រាប់តែមួយសន្ទុះក្រោយមកទៀតជនសង្ស័យបាន ដើរទៅឡានទាញកាំភ្លើងយកមកបាញ់ជនរងគ្រោះ តែម្តងដោយត្រូវចំក្បាល និងដងខ្លួនបណ្តាលឲ្យស្លាប់បាត់បង់ជីវិតនៅកន្លែង។ ចំណែកជនដៃដល់បានបើករថយន្តគេចចេញពីកន្លែងកើតហេតុ បាត់ស្រមោល។ ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះអន្តរាគមន៍ រកឃើញសំបកគ្រាប់កាំភ្លើងចំនួន៩គ្រាប់ នៅកន្លែងបាញ់តែប៉ុណ្ណោះ។ ចំណែក សពជនរងគ្រោះបានប្រគល់ជូនសាច់ញាតិ ដើម្បីធ្វើបុណ្យតាមប្រពៃណី ។

តាមរយៈវីដេអូឃ្លីបដែលគេចែកចាយតាមបណ្តាញសង្គមហ្វេសប៊ុក គេឃើញជនដៃដល់ ឲ្យស្ត្រី២នាក់ និងក្មេងប្រុសម្នាក់ ដែលសង្ស័យជាប្រពន្ធ ជាប្អូនស្រី និងកូន ជិះម៉ូតូកង់បីត្រឡប់ទៅផ្ទះមុន ហើយក្រោយមក ទើបជនដល់ជាឃាតករដកកាំភ្លើងពីចង្កេះបាញ់ប្រហារជនរងគ្រោះបណ្តាលឲ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាមយ៉ាងរន្ធត់៕ សូមប្រិយមិត្តទស្សនាវីដេអូដូចខាងក្រោម៖