ខេត្តតាកែវ៖ ប្រជាពលរដ្ឋរស់នៅក្នុងក្រុងដូនកែវ តែងតែលើកឡើងថា មានជនខិលខូចនាំគ្នាលួចឆក់ត្រី នៅក្នុងបឹងតាកែវ ទើបធ្វើឲ្យត្រី នៅក្នុងបឹងនោះខ្សត់ ហើយសកម្មភាពបែបនេះ នឹងនាំឲ្យត្រី នៅក្នុងបឹងឈានទៅរកការវិនាសហិនហោចអស់។

ប្រជាពលរដ្ឋជាអ្នកនេសាទត្រី ដោយការស្ទូច  បានបន្ដ​ថា កាលពីមុន ត្រីនៅក្នុងបឹង​តាកែវនេះសម្បូរណាស់។ ប៉ុន្ដែនៅពេលនេះ ត្រីបាន​ចាប់ផ្តើម​ខ្សត់ទៅៗ ​ដោយសារ​មាន​អ្នក​លួច​ឆក់​ត្រី​។ ជនខិលខូចទាំងនោះ ភាគច្រើនតែជិះ​​តាម​ទូកឆក់ត្រី​ នៅ​ពាក់កណ្តាល​អ​ធ្រា​ត្រ​ស្ទើរ​រៀងរាល់ថ្ងៃ។ ករណីនេះប្រសិនបើ​មន្ត្រី​ជំនាញ​មិនជួយ​អន្តរាគមន៍​ទប់ស្កាត់ឲ្យ​បន្ទាន់ទេ​ ត្រី​នៅ​ក្នុង​បឹង​តាកែវ ដែល​ជា​តំបន់​អភិរក្ស​នេះ នឹងហិនហោចអស់ជាមិនខាន​។

លោក សៅ កុស​ល្យ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តតាកែវ​ បានឲ្យ​ដឹង​ថា ក្រោយ​ពេល​បងប្អូន​ប្រជាពលរដ្ឋ រាយការណ៍មក​ថា មាន​សកម្មភាព​លួច​ឆក់​ត្រី នៅ​ក្នុង​បឹង​តាកែវ ទើប​ធ្វើឲ្យ​ត្រី​ នៅក្នុង​បឹង​នេះកាន់តែ​បាត់បង់ទៅ។ ប៉ុន្ដែបន្ទាប់ពីមានសេចក្ដីរាយការណ៍បែបនេះ លោក​និង​ក្រុម​មន្ត្រី​ជំនាញ​បាន​លួច​ឃ្លាំមើល ក៏​ឃើញ​មាន​សកម្មភាព​លួច​ឆក់​ត្រី​ នៅក្នុង​បឹងនេះ​ប្រាកដ​មែន។

នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តតាកែវ បានបន្ដថា បន្ទាប់ពីឃើញមានអ្នកប្រព្រឹត្ដល្មើសបែបនេះ ​មន្ត្រី​ជំនាញ​បានឃាត់ខ្លួន​អ្នកឆក់​ម្នាក់ ​រួម​ជាមួយ​វត្ថុ​តាង ហើយ​កសាងសំណុំរឿង ​បញ្ជូន​ជននោះ​ទៅកាន់​សាលាដំបូង​ខេត្តតាកែវ ​កាលពីដើម​ខែមករា ឆ្នាំ​២០២១កន្លងមកនេះ៕