ភ្នំពេញ៖ បន្ទាប់ពីប្រជាពលរដ្ឋចំនួន២នាក់ មិនទទួលយកចំណែករបស់ខ្លួន បានកៀងគរប្រជាពលរដ្ឋដើម្បីតវ៉ាបញ្ហាជម្លោះដីធ្លី កាលពី១០ឆ្នាំមុន នាព្រឹកថ្ងៃទី១៤ ខែមករា ហើយត្រូវបានលោកដួង តារា អញ្ជើញចុះទៅសាកសួរ និងហៅទៅជួបដោះស្រាយគ្នា តាមគោលនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មក កាលពីវេលារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១កន្លងទៅ នៅក្នុងភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ អតីតតំណាងប្រជាពលរដ្ឋ១៦៣គ្រួសារបានធ្វើសន្និសីទកាសែត បង្ហាញឯកសារដល់សាធារណជន និងបានផ្តល់ជាដំណឹងដល់លោកដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ឱ្យបានជ្រាបថា ដីទំនាស់ប្រមាណជាង១០ឆ្នាំនោះ ត្រូវបានសមត្ថកិច្ចចម្រុះអនុវត្តសាលដីការបស់តុលាការកំពូលប្រគល់ឱ្យប្រជាពលរដ្ឋ ហើយអាជ្ញាធរ និងមន្ត្រីជំនាញបានធ្វើប្លង់រឹងឯកភាព លក់យកលុយចែកគ្នាអស់ហើយ មិនត្រូវលើកយកមកដោះស្រាយទៀតនោះទេ។

លោកស្រី ព្រីង សុជាតិ អតីតជាតំណាងប្រជាពលរដ្ឋចំនួន ១៦៣គ្រួសារ បានឱ្យដឹងថា បន្ទាប់ពីលោកស្រី ជា សារ៉ុម បានកៀរគរប្រជាពលរដ្ឋ ដើម្បី ធ្វើការតវ៉ា លោកដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ចើញរូបគាត់ទៅជួបដោះស្រាយនៅវិមានសន្តិភាព កាលពីរសៀលថ្ងៃទី១៤ ខែមករា ដោយមានការចូលពីលោក មួង ឃីម ផងដែរ ។

ក្នុងការហៅជួបដោះស្រាយនោះ លោក ដួង តារា ក៏បានឱ្យគាត់ហៅក្រុមហ៊ុនចេញមុខមកដោះស្រាយ ចេញលុយឱ្យភាគីខាងលោកស្រីជា សារ៉ុម ចំនួន១០នាក់ទៀត។ បើពុំនោះទេ គាត់នឹងធ្វើរបាយការណ៍ទៅសម្តេចតេជោ ឱ្យធ្វើការវះកាត់ ដើម្បីឲ្យមានយុត្តិធម៌។ ក្នុងករណីនេះ លោកស្រីតំណាងរូបនោះ បានបញ្ជាក់ថា ដីទំនាស់នោះ បានចប់ជាស្ថាពរហើយ លោក ដួង តារា មិនត្រូវហៅមកដោះស្រាយទៀតនោះទេ គឺគាត់គ្មានសិទ្ធិនោះទេ។ នៅក្នុងការជួបដោះស្រាយគ្នានោះ លោក ដួង តារា បានជួបសាកសួរ និងមើលឯកសារតែម្ខាង ចំណែកខាងខាងគាត់ពុំត្រូវបានសួររកឯកសារអ្វីឡើយ។

លោកស្រី ព្រីង សុជាតិ អតីតជាតំណាងប្រជាពលរដ្ឋចំនួន ១៦៣គ្រួសារ បានបញ្ជាក់ថា ដីនោះមានទំហំប្រមាណជាង៩០០០ម៉ែត្រការ៉េ ស្ថិតនៅភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ជាដីរួមរបស់ប្រជាពលរដ្ឋចំនួន១៦៣គ្រួសារ ដែលបានឈ្នះក្តីពីលោកគឹម កៅ ជាតំណាងឱ្យក្រុមហ៊ុន គឹមហាប់ តាមអំណាចសាលដីកាតុលាការកំពូល ហើយបានចុះអនុវត្តសាលក្រមតាំងពីឆ្នាំ២០១៨ ប្រគល់ដីនោះ ឱ្យប្រជាពលរដ្ឋ។ បន្ទាប់ពីទទួលបានដីរួចហើយ ត្រូវបានអាជ្ញាធរ ព្រមទាំងមន្ត្រីជំនាញក្រសួងរៀបចំដែនដីនគររូបនីយ៍កម្ម និងសំណង់ ក៏បានចុះមកធ្វើប្លង់រឹងជូនប្រជាពលរដ្ឋ ដែលមានរូបគាត់ជាតំណាង ហើយប្រជាពលរដ្ឋចំនួន១៦១គ្រួសារ ក៏បានឯកភាពលក់នោះ នៅសល់តែ២គ្រួសាររបស់លោកស្រី ជា សារ៉ុម មិនព្រមលក់ ទើបអាជ្ញាធររៀបចំកាត់ដី ចំណែករបស់គាត់ចេញ ហើយលោកស្រីជា សារ៉ុម មិនសុខចិត្ត ក៏បានបន្តធ្វើការតវ៉ារហូត ។

លោកស្រី ព្រីង សុជាតិ បានឱ្យដឹងទៀតថា នៅក្នុងការលក់ដីរួមចែកលុយគ្នានោះមានឯកសារគតិយុត្តិ ដែលទទួលស្គាល់ពីតុលាការទាំង៣ថ្នាក់ និងមានអាជ្ញាធរដឹងឮ ទាំងបញ្ជីឈ្មោះ របស់ប្រជាពលរដ្ឋចំនួន១៦៣គ្រួសារ ។ ពាក់ព័ន្ធក្នុងករណីនេះ លោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ បានបញ្ជាក់នៅយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ថា៖ “តាមពិតទៅ រឿងនេះត្រូវបានបញ្ចប់រួចអស់ហើយ ដោយមានការសម្របសម្រួលដោះស្រាយពីលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ប៉ុន្តែនៅសល់ចំនួន ២ គ្រួសារទៀត គាត់មិនព្រមទទួលយកដំណោះស្រាយ ទើបឈាននាំគ្នាមកតវ៉ា នឹងធ្វើសន្និសីទសារព័ត៌មាននេះ។

លោកអភិបាលខណ្ឌ បន្តថា ការតវ៉ា ការធ្វើសន្និសីទសារព័ត៌មាននេះ ជាសិទ្ធិសេរីភាពរបស់ពលរដ្ឋ ត្រូវតែមានគោលជំហរដោះស្រាយជូនគាត់ ទៅតាមផ្លូវច្បាប់។ ករណីនេះដែរ លោកដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនអាចសុំការបកស្រាយបានឡើយទេ៕