ខេត្តកណ្តាល ៖ សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ តាមគណនីហ្វេសប៊ុក Ven Phannith ដែលបានបង្ហោះវីដេអូឃ្លីប បង្ហាញពីសកម្មភាពចោរស្រីម្នាក់ ចាប់កូនប្រុសរបស់គាត់នៅមុខសាលារៀនមួយកន្លែងនៅក្នុងក្រុងតាខ្មៅ ដោយភ្ជាប់ជាមួយសំណេរថា «នេះវីដេអូមីចោរស្រី ។ វាចាប់កូនខ្ញុំទៅចោលនៅផ្សារតាខ្មៅ មុនដំបូងវានាំកូនខ្ញុំទៅទិញ បន្ទាប់មកវាក៏យកម៉ូតូមកឌុបកូនខ្ញុំទៅ។ វាយកកូនខ្ញុំទៅទុកចាលនៅតាខ្មៅ វាជិះម៉ូតូកូនទារ ពណ៌ក្រហម មើលផ្លាកលេខមិនច្បាស់ ហើយសំណាងបានបងស្រីម្នាក់ឃើញ ហើយជូនមកដាក់នៅសាលាបឋមតាខ្មៅ ហើយក៏បាននាយកសាលាបឋមតាខ្មៅសួរនាំ ហើយក៏ជូនមកដល់សាលាស្វាយរលំវិញ វាចាប់កូននៅម៉ោង9:41am 13.01.2021ជួយស៊ែរកមុខវាផង»។

ក្រោយពីម្ចាស់ហ្វេសប៊ុកខាងលើបង្ហោះវីដេអូ និងសំណេរបែបនេះ អង្គភាពសារព័ត៌មាន«KBN» យកវីដេអូនោះ និងខ្លឹមសារ មកធ្វើការផ្សព្វផ្សាយ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះកូនតូចរបស់ខ្លួន និងចង់សមត្ថកិច្ចតាមប្រមាញ់ស្រ្តីសង្ស័យយកផ្តន្ទាទោសតាមផ្លូវច្បាប់។

ជុំវិញនឹងករណីខាងលើនេះ លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យលោកអធិការនគរបាលក្រុងតាខ្មៅ ធ្វើការស្រាវជ្រាវករណីនេះជាបន្ទាន់។ ជាលទ្ធផល អធិការនគរបាលក្រុងតាខ្មៅ បានបញ្ជាក់ឱ្យដឹងថា ករណីបានកើតឡើងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៩និង៤១នាទី នៅចំណុចសាលាបឋមសិក្សាតាម៉ាកុរស្មីសាមគ្គី ភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យ ភេទស្រី មិនស្គាល់អត្តសញ្ញាណ ពាក់អាវពណ៌ក្រហម ជិះម៉ូតូកូនទា។ ចំណែកជនរងគ្រោះឈ្មោះ វិរៈ សុផាយុ ភេទប្រុស អាយុ៧ឆ្នាំ សិស្សថ្នាក់ទី១ នៃសាលាបឋមសិក្សាតាម៉ាកុរស្មី មានទីលំនៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ បានទ្រព្យសម្បត្តិបាត់បង់ ខ្សែក និងខ្សែដៃប្លាទីនទម្ងន់៣ជី។

ក្នុងរបាយការណ៍របស់សមត្ថកិច្ចខេត្តកណ្តាលបញ្ជាក់ថា នៅមុនពេលកើតហេតុក្មេងរងគ្រោះកំពុងចេញលេងនៅក្នុងបរិវេណសាលា ស្រាប់តែមានស្រ្តីសង្ស័យបានជិះម៉ូតូកូនទាចូលមកចុះដើរចូលទៅជិតក្មេងរងគ្រោះហើយនិយាយថា “ម៉ាក់ឱ្យមកយក” ពេលនោះ ក្មេងរងគ្រោះមិនចង់ទៅទេ តែស្រ្តីសង្ស័យបាននិយាយថា “ទៅជាមួយមីងទិញអីវ៉ាន់ឱ្យអូនលេង” ទើបក្មេងរងគ្រោះព្រមទៅជាមួយ ហើយស្រ្តីសង្ស័យបានដឹកដៃក្មេងរបងគ្រោះ និងលើកដាក់ម៉ូតូពីខាងមុខ រួចជិះចេញមកទិសខាងជើង ។ ពេលមកដល់មុខការដ្ឋានខ្សាច់ ស្ថិតនៅភូមិលេខ១ សង្កាត់ស្វាយរលំ ស្រ្តីសង្ស័យបាននិយាយថា “ឈប់ដោះខ្សែក និងខ្សែដៃសិន ខ្លាចចោរលួច” ក្រោយពីដោះរួច ក៏បន្តដំណើរមកទៀត ។ ពេលជិះបណ្តើរស្រ្តីសង្ស័យបាននិយាយប្រាប់ក្មេងរងគ្រោះថា ទៅផ្សារតាខ្មៅទៅទិញអីវ៉ាន់លេងរួចចាំទៅផ្ទះ។

របាយករណ៍ខាងលើបន្តទៀតថា លុះជិះមកដល់ផ្សារកាច់ជ្រុង សង្កាត់តាខ្មៅ ស្រ្តីសង្ស័យបានទម្លាក់ក្មេងរងគ្រោះចោល ហើយនិយាយប្រាប់ក្មេងរងគ្រោះថា “ចាំហ្នឹងហើយ មីងទិញអីវ៉ាន់ឱ្យអូនលេង” រួចក៏ជិះម៉ូតូគេចខ្លួនបាត់ ដោយចាំយូរពេកក្មេងរងគ្រោះបានឃើញមនុស្សស្រីម្នាក់បានដើរមកជិតខ្លួន ក៏ប្រាប់ថា “មីងជូនខ្ញុំទៅសាលា” ដោយឃើញស្ថានភាពក្មេងរងគ្រោះ ក៏សួរនាំដោយនឹកស្មានថា ជាសិស្សរៀននៅសាលាក្បែរនេះ ក៏ឌុបយកទៅសាលាបឋមតាខ្មៅ ។ ពេលទៅដល់ទីនោះលោកគ្រូនាយករងឆ្លើយថា មិនមែនជាសិស្សរបស់គាត់ទេ។

លោកនាយករង និងស្ត្រីខាងលើបម្រុងដឹកក្មេងរងគ្រោះមកប៉ុស្តិ៍តាខ្មៅ តែពេលមកដល់ផ្លូវ២១A ក្មេងរងគ្រោះបាននិយាយប្រាប់ថា ផ្ទះខ្លួនទៅតាមនេះ លោកនាយករង និងបងស្រីបានជូនទៅដល់សាលាតាម៉ាកុរស្មីសាមគ្គី ធ្វើការប្រគល់ជូនគ្រូ និងម្តាយក្មេងរងគ្រោះនៅទីនោះទៅ ហើយត្រឡប់មកផ្ទះរៀងៗខ្លួនតែម្តង។ រហូតមកដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៩ និង៣០នាទី កម្លាំងជំនាញបានធ្វើការស្រាវជ្រាវ សួរបំភ្លឺលោកនាយរងសាលាបឋមតាខ្មៅ និងម្តាយជនរងគ្រោះ ករណីនេះពិតជាមានដូចការរៀបរាប់ខាងលើប្រាកដមែន។ ពេលនេះ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ សហការជាមួយកម្លាំងជំនាញពាក់ព័ន្ធកំពុងស្រាវជ្រាវរកមុខសញ្ញាខាងលើមកផ្ដន្ទាទោសតាមច្បាប់ឱ្យខានតែបាន៕