ខេត្តក្រចេះ៖ កាលពីអំឡុងខែសីហា ឆ្នាំ២០២០ ពុទ្ធបរិស័ទជើងវត្ត ព្រមទាំងគណៈកម្មការ និងអាចារ្យវត្ត បានតវ៉ាសុំឱ្យដកតួនាទីព្រះតេជគុណអេង ផល្លា ពីចៅអធិការវត្តវិហារសសរ១០០ ក្នុងស្រុកសំបូរ ដោយពួកគាត់បានលើកឡើងថា ចៅអធិកាអង្គនេះបានប្រើប្រាស់ថវិកាវត្តខ្វះតម្លាភាព និងប្រើសម្រាប់កិច្ចការផ្ទាល់ខ្លួនជាដើម…។ ព្រះតេជគុណអេង ផល្លា មិនមែនជាកូនចៅប្រជាពុទ្ធបរិស័ទនៅក្នុងស្រុកសំបូរនោះទេ ព្រះអង្គត្រូវបានគេរៀបចំឱ្យទៅធ្វើជាព្រះចៅអធិការវត្តវិហារសសរ១០០ នៅឆ្នាំ២០១៦។

ក្រោយផ្ទុះការតវ៉ានោះ សម្តេចសង្ឃនាយក នន្ទ ង៉ែត បានសម្រេចបញ្ចប់ មុខតំណែងព្រះតេជគុណ អេង ផល្លា ពីចៅអធិការវត្តព្រះវិហារធំសសរ១០០ និងបានព្យួរតួនាទីជាអនុគណស្រុកសំបូរ ថែមទៀតផង ធ្ចើឱ្យមានការស្ងប់ស្ងាត់មួយរយៈ ។ស្រាប់តែនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ថ្មីៗនេះ សម្តេចសង្ឃនាយកនន្ទ ង៉ែត បានចេញសេចក្ដីប្រកាសតែងតាំងព្រះតេជគុណ អេង ផល្លា ឡើងធ្វើជាព្រះចៅអធិការវត្តវិហារសសរ១០០ វិញដដែល ធ្វើឱ្យអាចារ្យ គណៈកម្មការវត្ត និងប្រជាពុទ្ធបរិស័ទចំណុះជើង វត្តវិហារសសរ១០០ កើតការមិនសប្បាយចិត្ត និងផ្ទុះការតវ៉ាជាថ្មីផងដែរ។ អាចារ្យ គណៈកម្មការ និងប្រជាពុទ្ធបរិស័ទ បានជួបជុំគ្នាតវ៉ាជាថ្មី នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ម្សិលមិញនេះ។

បើតាមការអះអាងពីលោកតា សោ ម៉ុន អាចារ្យទី១វត្តវិហារសសរ១០០ បានឲ្យដឹងថា ការដែលអាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទ ផ្ទុះការតវ៉ានេះ ព្រោះព្រះតេជគុណ អេង ផល្លា ក្រោយមកកាន់តួនាទីជាចៅអធិការវត្តមក បានបំផ្លាញសមិទ្ធផលប្រវត្តិសាស្ត្រមួយចំនួន នៅក្នុងវត្ត ហើយសម្រេចការងារផ្សេងៗដោយអត្តនោម័ត គ្មានការពិគ្រោះយោបល់ជាមួយគណៈកម្មការ ឬអាចារ្យវត្តនោះឡើយ។ ជាក់ស្តែង ស្រះទឹកមួយដែលមានអាយុកាលរាប់រយឆ្នាំ ក៏ព្រះអង្គបានឱ្យគេចាក់ដីលុបដែរ បើទោះបីលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច មិនឱ្យលុបក៏ដោយ។ ក្រៅតែពីការបំផ្លាញសមិទ្ធផលប្រវត្តិសាស្ត្រក្នុងវត្ត និងចាត់ចែងការងារផ្សេងៗដោយអត្តនោម័តហើយនោះ ចៅអធិការវត្តអង្គនេះ ចាត់ចែងថវិកាបច្ច័យរបស់វត្ត ខ្វះតម្លាភាព និងគ្មានព័ត៌មានច្បាស់លាស់ផងដែរ។

លោកតាអាចារ្យសោ ម៉ុន បន្ថែមថា បច្ច័យដែលវត្តទទួលបាន ត្រូវបានព្រះតេជគុណ អេង ផល្លា យកទៅគ្រប់គ្រង និងចាត់ចែងដោយអង្គឯង។ មិនតែប៉ុណ្ណោះក្នុងមួយឆ្នាំៗវត្តអាចរកបច្ច័យរហូតដល់ទៅ៣០ម៉ឺនដុល្លារ ស្រាប់តែចុងក្រោយបែរជាត្រូវជំពាក់បច្ច័យកសាងក្នុងវត្ត រហូតដល់ទៅជាង៣០ម៉ឺនដុល្លារទៅវិញ។ នេះជាភាពមិនប្រក្រតីមួយលើការចាត់ចែងថវិកាវត្ត។ លោកតា សោ ម៉ុន បានបញ្ជាក់ថា៖ លោកតា ព្រមទាំងគណៈកម្មការ និងពុទ្ធបរិស័ទចំណុះជើងវត្ត មិនព្រមទទួលព្រះតេជគុណ អេង ផល្លា ឱ្យធ្វើជាចៅអធិការវត្តវិហារសសរ១០០ វិញ ជាដាច់ខាត។ តើឱ្យព្រះតេជគុណ អេង ផល្លា មកវិញ បានប្រយោជន៍អី? លើកមុន ព្រះតេជគុណ អេង ផល្លា បានបំផ្លាញសមិទ្ធផលវត្តអស់ច្រើនណាស់ទៅហើយ ហើយនៅជំពាក់លុយគេទៀត។ ឥឡូវនេះចង់មកវិញធ្វើអីទៀត ឱ្យមកបំផ្លាញរបស់វត្តតទៅទៀត ឬយ៉ាងម៉េច?។

លោកយាយ យឹម ស្តើង អាយុ៧០ឆ្នាំ ពុទ្ធបរិស័ទចំណុះជើងវត្ត បានសង្កត់ធ្ងន់ថា «អត់ទទួលទេ ឱ្យព្រះតេជគុណ អេង ផល្លា មកធ្វើជាចៅអធិការវត្តវិញ គ្មាននរណាមកធ្វើបុណ្យទៀតទេ គាត់មិនឱ្យយកព្រះតេជគុណ អេង ផល្លា ចូលក្នុងវត្តសសរ១០០ ជាដាច់ខាត។ ប្រជាជនពុទ្ធបរិស័ទចំណុះជើងវត្ត គេក្តៅក្រហាយណាស់ ព្រឹកមិញ(ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១) គេចង់នាំគ្នាធ្វើបាតុកម្ម តែលោកស្នងការ អត់ឱ្យធ្វើ។ គេធ្វើបាតុកម្មដេញ មិនឱ្យលោកអេង ផល្លា ចូលវត្ត»៕