មុនពេលដាំដុះ៖
– យើងអាចរកទិញ គ្រាប់ពូជម្នាស់បាននៅតាមផ្សារកសិកម្ម តែយកល្អគួររកកូនម្នាស់ពីអ្នកដាំដុះម្នាស់ល្អ ជាងព្រោះវាងាយឆាប់ធំឆាប់បានផលតែត្រូវចេះជ្រើសរើសពូជកូនម្នាស់ ដែលមានផ្លែធំល្អ សុខភាពល្អ ស្លឹកភ្លឺ មិនមានខ្លោច។ ជាទូទៅ ត្រូវយកកូនម្នាស់ដែលថ្លោសល្អ មានទម្ងន់៣ខាំកន្លះទៅកន្លះគីឡូក្រាម ។
– ផើងដំណាំដែលមានទំហំធំ និងជ្រៅល្មម ។
– ដីដែលសមស្របសម្រាប់ដំណាំម្នាស់ គឺដីជូរបន្តិចតែយើង ក៏ពុំអាចដឹងច្បាស់ថាដីណាពិតប្រាកដ ដែល ជូរ ឬមិនជូរឡើយ ដូច្នេះយើងអាចរកដីមមោកច្រើន ដីបាតបឹង ត្រពាំង ជាដើម។
– ជីកំប៉ុស្ត
– ចំបើង

ការរៀបចំដាំដុះ៖
– យកដីមកលាយជាមួយ នឹងកម្ទេចកម្ទីសំរាម ឈើពុកៗ និងជីកំប៉ុស្ត ច្របល់ចូលគ្នាឱ្យសព្វ ។
– ចាក់ល្បាយដីទាំងនោះ ចូលក្នុងផើងដំណាំឱ្យពេញល្មម ដោយរក្សាផើងដំណាំ នៅក្នុងទីម្លប់ក្រោមដើមឈើខ្ពស់ ឬមានកម្តៅខ្លះៗ។
– ជ្រុំដីឱ្យធូរមុនដាំបើដីហាប់ម្នាស់នឹងមិនលូតលាស់បានល្អទេ។
– ត្រូវប្រឡេះស្លឹកខ្លីៗចេញឱ្យដល់គល់ចេញដើម្បីឱ្យកូនម្នាស់ឆាប់ដុះ ឫសមុនពេលដាក់ដាំដុះ។
– កប់កូនម្នាស់ក្នុងជម្រៅរាក់ល្មម រួចយកដីកប់គល់ឱ្យនឹង និងយកចំប៉ើងគ្របគល់។
– ស្រោចទឹកមួយផ្តិលចំបណ្តូលម្នាស់គឺគ្រប់គ្រាន់។

ការថែទាំ៖
– ម្នាស់ជាប្រភេទដំណាំធន់ និងងាយស្រួលថែទាំ។
– ត្រូវឧស្សាហ៍ជ្រុំគល់ធ្វើដីឱ្យធូរ និងបោចសម្អាតស្មៅនៅនឹងគល់ដំណាំដើម្បីកម្ចាត់សំបុកសត្វចង្រៃ ។
– ពេលផ្កាចេញបានកន្លះខែ ឬ២០ថ្ងៃ ត្រូវដកស្លឹកបណ្តូលបំផុតរបស់ក្តិបម្នាស់ចំនួន៧ ទៅ ៨សន្លឹកដើម្បី ឱ្យដើមចុងផ្លែស្វិត តូច មិនលូតទើបផ្លែធំ។
– បើមានម្នាស់ណាខូចស្លឹក ឬដើមណាមិនល្អត្រូវគាស់យកទៅដុត ឬកប់ចោលដើម្បីកុំឱ្យឆ្លងជំងឺដល់ដើម ដទៃ៕