វិធីដាំ៖ ការដាំក្នុងផើងអាចទទួលបានផលល្អជាងដាំលើដី ឬវិធីផ្សេងទៀត បើទោះជាអាកាសធាតុក្តៅខ្លាំង ឬត្រជាក់ខ្លាំងក៏ដោយ។ លើសពីនេះ ដើម្បីងាយស្រួលលក់ដុំ ឬលក់រាយទៅឲ្យអតិថិជនដែលមានតម្រូវ ការ។ មុនដាំត្រូវលាយដីជាមួយជីកំប៉ុសដែលមានវត្ថុធាតុដើមផ្សំចេញពីជីអង្កាម ស្លឹកឈើ និងស្មៅដែលងាយរលួយ។ បន្ទាប់មកយកដើមផ្កាកុលាបដែលបានផ្សាំអាយុ ១ខែ យកទៅដាំក្នុងជាលឫស្សីដែលបានរៀបចំដីរួចនោះ។ ពេលដាក់ដាំក្នុងជាលឫស្សី ត្រូវជីករណ្តៅជម្រៅ ៥សង់ទីម៉ែត្រ ហើយគម្លាតរវាងរណ្ដៅមួយទៅរណ្ដៅមួយប្រវែងកន្លះម៉ែត្រ។ ក្នុងមួយជាលឫស្សី ដាំបានតែមែកផ្កាកុលាបដែលបានផ្សាំមួយដើមប៉ុណ្ណោះ ដើម្បីឲ្យដើមផ្កាកុលាបងាយស្រួលលូតលាស់បានល្អ និងងាយស្រួល។ ក្រោយពីរៀបចំដីរួច ចាំបាច់ជ្រើសរើសមែក ឬដើមផ្កាកុលាបណាដែលថ្លោសល្អ មិនយកមែកដែលខ្ចីពេក ឬចាស់ពេក មកដាំលើដីដែលបានរៀបចំនោះ។

ការថែទាំ៖ ផ្កាកុលាបទោះជាដាំក្នុងជាលក្តី ឬលើដីក្តី គឺត្រូវទាមទារស្រោចទឹកវាមួយថ្ងៃពីរដង គឺព្រឹកល្ងាច បោចស្មៅ ដាក់ជី ជ្រួយដីឲ្យធូរ ដើម្បីឲ្យទឹកងាយជ្រាបចូលក្នុងដី រក្សាសំណើមបានយូរ ធ្វើឲ្យឫសផ្កាកុលាបអាចស្រូបយកជីជាតិស្រួលទាំងដើម និងស្លឹកឲ្យឆាប់ចេញផ្កា។

រយៈពេលប្រមូលផល៖ផ្កាកុលាបមានអាយុបាន ៣ខែ ចាប់ផ្ដើមចេញផ្កា និងអាចលក់បានបណ្ដើរៗហើយ៕