រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយពេលការិយាល័យស៊ើបការណ៍សហព័ន្ធន៍ (Federal Bureau of Investigation) ហៅកាត់ FBI បានស៊ើបការណ៍សម្ងាត់ដឹងថា ក្រុមបាតុករប្រដាប់អាវុធ នឹងបំផ្ទុះអាវុធ នៅក្នុងថ្ងៃចូលស្បថឡើងកាន់តំណែងរបស់លោក ចូ បៃដិន ក្លាយជាប្រធានាធិបតីទី៤៦របស់សហរដ្ឋអាមេរិកនោះមក កងឆ្មាំការពារជាតិរបស់ប្រទេសមហាអំណាចលេខ១ ទាំងសេដ្ឋកិច្ច និងយោធារបស់ពិភពលោកមួយនេះ បានដាក់កម្លាំងយោធា ២០ ០០០នាក់ ដើម្បីទប់ទល់នឹងហេតុការណ៍ដ៏អាក្រក់ណាមួយ ដែលអាចនឹងកើតឡើងជាយថាហេតុ។

បើតាមសារព័ត៌មាន Washington Post បានចេញផ្សាយ នៅព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ថា  កងកម្លាំងឆ្មាំការពារជាតិរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ បានចល័ត នៅពាសពេញរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីធានាដល់​ធានាសុវត្ថិភាព និងសន្តិសុខ មុនថ្ងៃចូល​ស្បថ​ឡើងកាន់តំណែង ជាប្រធានាធិបតីទី៤៦របស់សហរដ្ឋអាមេរិក ​លោក ចូ បៃដិន (Joe Biden) នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ។​

មេប៉ូលិសរដ្ឋធានីវ៉ាស៊ីនតោន បានថ្លែងថា កងទ័ពជាង ២០ ០០០នាក់ បានដាក់ពង្រាយ នៅទូទាំងរដ្ឋធានី ​ដើម្បីការពារ ប្រឆាំងនឹងអំពើហិង្សា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បន្ទាប់ពីអ្នកគាំទ្ររបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានលុកលុយ នៅក្នុងវិមានកាពីតូល ខណៈសមាជិកសភាកំពុងជួបប្រជុំគ្នា ដើម្បីបញ្ជាក់អំពីការឈ្នះឆ្នោតរបស់លោក Biden ។ ការដាក់ពង្រាយកងទ័ព​ខាងលើ បានកើត​ឡើង បន្ទាប់ពី FBI បានព្រមានថា ក្រុមបាតុករ​ប្រដាប់អាវុធ អាចនឹងផ្ទុះឡើង នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ចំថ្ងៃ​លោក ចូ បៃដិន ស្បថចូលកាន់តំណែង។

សូមជម្រាបថា នៅថ្ងៃដែលលោក ដូណាល់ ត្រាំ ចូលស្បថឡើងកាន់តំណែងជាប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៦នោះ ឆ្មាំការពារជាតិ បានដាក់ពង្រាយកងទ័ព តែចំនួន ៨ ០០០នាក់តែប៉ុណ្ណោះ។ ប៉ុន្ដែការដាក់ពង្រាយកម្លាំងទ័ព រហូតដល់ទៅ២០ ០០០នាក់ការពារ នៅក្នុងអំឡុងពេលលោក ចូ បៃដិន ចូលស្បថឡើងកាន់តំណែងជាប្រធានាបតីទី៤៦របស់សហរដ្ឋអាមេរិកនេះ ក៏ដោយសារតែ ​កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ កន្លងមកនេះ ក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ បានសម្រុកចូលអុកឡុក នៅក្នុងវិមានកាពីតូល ខណៈសភាកំពុងប្រជុំសម្រេចលើកបេក្ខភាពប្រធានាធិបតីណាមួយជាអ្នកទទួលជ័យជម្នះ។

សកម្មភាពរបស់ក្រុមបាតុករគាំទ្រលោក ដូណាល់ ត្រាំ បង្កហិង្សានេះ ក៏ដើម្បីរា​រាំងដល់ការទទួលស្គាល់លោក ចូ បៃដិន ក្លាយជាប្រធានាធិបតីឈ្នះឆ្នោតរបស់សហរដ្ឋអាមេរិកផងដែរ។ អំពើហិង្សា នៅក្នុងវិមានកាពីតូល មិនធ្លាប់មាន នៅក្នុងប្រវត្ដិសាស្រ្ដរបស់សហរដ្ឋអាមេរិកនោះ បានបណ្ដាលឲ្យបាតុករ៤នាក់ស្លាប់ និងប៉ូលិសម្នាក់ស្លាប់៕