អាមេរិក ៖​ ក្រោយពីមានការប្រកាសជាបន្តបន្ទាប់ពីក្រុមហ៊ុនជាច្រើនដូចជា Facebook Twitter និង​YouTube ដែលបានប្រកាសបិទគណនីរបស់លោក ដូណាល់ ត្រាំ នោះ ពេលនេះសូម្បីតែក្រុមហ៊ុន Snapchat ក៏មិនទុកដែរ ដោយក្រុមហ៊ុនមួយនេះបានប្រកាសថាខ្លួននឹងបិទគណនីរបស់លោក ត្រាំ ជាអចិន្រ្តៃយ៍នៅលើកម្មវិធី Snapchat នេះតែម្ដង ព្រោះតែមានការព្រួយបារម្ភយ៉ាងខ្លាំងបន្ទាប់ពីមានកុបកម្មមួយនៅវិមានសភាកាលពីសប្តាហ៍មុន។

អ្នកនាំពាក្យខាងក្រុមហ៊ុន Snapchat បានលើកឡើងថា ការដែលខាងក្រុមហ៊ុនសម្រេចបិទគណនីរបស់លោក ត្រាំ ព្រោះតែប្រធានាធីបតីរូបនេះបានបន្តផ្សាយនូវព័ត៌មានមិនពិតឲ្យមានការស្អប់ខ្ពើម និងការញុះញង់ដែលអាចនាំឲ្យមានអំពើហិង្សាណាមួយកើតឡើង ហើយការដែលលោក ត្រាំ ធ្វើបែបនេះគឺជាការបំពាននៅលើគោលការណ៍របស់ក្រុមហ៊ុន។

ជាក់ស្តែងអ្នកនាំពាក្យរូបនេះបានបន្ថែមថា ការបិទគណនី Snapchat របស់លោក ត្រាំ ជាអចិន្ត្រៃយ៍គឺដើម្បីសុវត្ថិភាពសាធារណៈ និងដើម្បីផលប្រយោជន៍សហគមន៍ Snapchat ទាំងមូលផងដែរ។

គួរបញ្ជាក់ផងដែរថា Snapchat គឺជាបណ្តាញសង្គមចុងក្រោយបង្អស់ដែលមានការផ្លាស់ប្ដូរដ៏ធំមួយជាមួយលោក ត្រាំ ខណៈដែលធ្វើឲ្យលោក ត្រាំ ចាប់ផ្តើមជួបផលពិបាកយ៉ាងខ្លាំង បន្ទាប់ពីក្រុមហ៊ុនបណ្តាញសង្គមធំជាច្រើនបានបិទគណនីរបស់លោកដូច្នេះ៕