រាជធានីភ្នំពេញ÷ រាជរដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ១៨២,០៣៥ ដុល្លារអាមេរិក ដល់អង្គការមូលនិធិជប៉ុន (PHJ) ក្រោមគ្រោងការណ៍ជំនួយហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ដើម្បីអនុវត្ត “គម្រោងពង្រឹងការថែទាំសុខភាពសហគមន៍ និងបណ្តាញគាំទ្រសម្រាប់កុមារក្នុងខេត្តកំពង់ចាម (ឆ្នាំទី ២)”។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និងលោកស្រី កាណាកុ អ៊ីហ្ស៊ីយ៉ាម៉ា នាយិកាប្រចាំប្រទេសនៃអង្គការ PHJ បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះ កាលពីនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។ រដ្ឋាភិបាលជប៉ុនជឿជាក់ថា ជំនួយឥតសំណងនេះ នឹងជួយក្នុងការកែលម្អគុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងនៃគម្រោង៕