រាជធានីភ្នំពេញ ៖ យុវជនម្នាក់ បានផឹកស្រាឡើងស្រវឹងធ្លាក់ភ្នែកបើកម៉ូតូដួលច្រងាប់ច្រងិលតែម្នាក់ឯង លុះពេលប្រជាពលរដ្ឋចូលទៅជួយលើក មិននិយាយអរគុណសូម្បីតែ១ម៉ាត់ ថែមទាំងជិះបង្ហោះម៉ូតូឌឺគេទៀត តែដឹងអី កម្មទាន់ហន់ ក៏ជ្រុលទៅបុករថយន្ត lexus NXT200 ដែលកំពុងឈប់រង់ចាំភ្លើងស្តុប បណ្តាលឲ្យរងការខូចខាត។

ហេតុការណ៍នេះដែលបានកើតឡើងកាលពីវេលាម៉ោង ១១យប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នៅចំណុចស្តុបក្តាន់ពីរផ្លូវសហព័ន្ធរុស្សី សង្កាត់ស្រះចក ខណ្ឌដូនពេញ។ យុវជនទំនើងចរិតធូរថ្លៃនេះ មានឈ្មោះ បញ្ញា អាយុ ២៣ឆ្នាំ មុខរបរកូនជាងកាត់កញ្ចក់ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ជិះម៉ូតូម៉ាក suzukinex ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DE-2988 ។

សាក្សីឲ្យដឹងថា មុនកើតហេតុគេឃើញ យុវជនទំនើងខាងលើ ជិះម៉ូតូក្នុងល្បឿនលឿន ធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ទិសដៅពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុ ស្រាប់តែដួលច្រងាប់ច្រងិលតែម្នាក់ឯងរងរបួសស្រាល។ ឃើញដូចនេះ ប្រជាពលរដ្ឋនៅទីនោះ មានចិត្តអាណិត ក៏នាំគ្នាចូលទៅជួយលើកម៉ូតូយុវ តែយុវជននោះគ្មានសីលធម៌ក្នុងខ្លួន មិនបាននិយាយអរគុណគេសោះ ថែមទាំងជិះរោទ៍ហើយជិះបង្ហោះឌឺគេទៀត ហើយក៏ជ្រុលទៅបុកនិងរថយន្ត lexusNXT200 មួយគ្រឿង ដែលធ្វើដំណើរបញ្រ្ចាសទិសគ្នា បណ្តាលឲ្យរងការខូចខាត ។

ក្រោយកើតហេតុ ម្ចាស់រថយន្ត បានទាមទារសំណងពីយុវជនខាងលើ ឲ្យជួសជុលរថយន្តគាត់ឡើងវិញ តែដោយសារយុវជននោះស្រវឹងធ្លាក់ភ្នែក និងគ្មានប្រាក់១រៀលជាប់ខ្លួនផងនោះ ទើបម្ចាស់រថយន្តប្រគល់យុវជនទំនើងនោះឲ្យសមត្ថកិច្ចអប់រំ ហើយភាគីរថយន្ត ក៏បើកចេញទៅ៕