ធម្មតា ស្រីៗណាក៏ចង់បានស្បែកភ្លឺរលោង និងមានសុខភាពល្អដែរ។ ម្នាក់ៗស្រឡាញ់ស្បែកដែលមើលទៅទន់មានសំណើម។ ហើយក៏មានអ្នកខ្លះយល់ថា បើចង់បានស្បែកស្អាតមានសំណើមទាន់តែផឹកទឹកច្រើន។ ចុះយើងមិនដែលគិតទេថា ត្រឹមតែផឹកទឹកមិនប្រើផលិតផលផ្ដល់សំណើមដល់ស្បែក តើស្បែកនៅតែអាចមានសំណើមបានទេ? ទោះជាផឹកទឹកបានគ្រប់គ្រាន់សំខាន់សម្រាប់សុខភាពទូទៅយើងក៏ដោយ តែវាមិនទាន់ច្បាស់នៅឡើយទេថា ផឹកទឹកច្រើនជួយឱ្យស្បែកមានសំណើមដែរនោះ។

ជាទូទៅ ស្បែកយើងមាន៣ស្រទាប់ គឺស្រទាប់ខាងក្រៅ ស្រទាប់ក្រោមស្បែក និងជាលិកាក្រោមស្បែក។ ប្រសិនបើស្រទាប់ក្រៅបំផុតមិនមានផ្ទុកជាតិទឹកគ្រប់គ្រាន់នោះទេ ស្បែកនឹងបាត់បង់ភាពតឹង និងមានអារម្មណ៍គ្រើមមិនខាន។ ទោះបីជាយ៉ាងនេះក្ដី វានៅមិនមានការស្រាវជ្រាវឱ្យបានច្បាស់លាស់បញ្ជាក់ពីការផឹកទឹកច្រើនមានឥទ្ធិពលលើស្បែកមានសំណើម ឬរូបរាងខាងក្រៅរបស់ស្បែកយើងទេ។ តែប្រសិនបើយើងចង់បានស្បែកមានសំណើម យើងគួរ៖

១. ចៀសវាងការងូតទឹកក្ដៅ។
២. ប្រើសាប៊ូលាងខ្លួនស្រទន់ គ្មានជាតិកាត់ខ្លាំង។
៣. ចៀសវាងការប្រើសាប៊ូ និងផលិតផលដែលមានជាតិអាល់កុល ក្លិនទឹកអប់ និងអាស៊ីត។
៤. លាបគ្រីម ឬឡេផ្ដល់សំណើមភ្លាមក្រោយងូតទឹករួច ឬលាងដៃហើយ។
៥. ពាក់ស្រោមដៃពេលចេញទៅក្រៅក្នុងអាកាសធាតុត្រជាក់៕