បើសុខៗសំឡេងប្រែជាស្អក យើងក៏មិនសូវគិតច្រើនពីរឿងនឹងដែរ ភាគច្រើនគិតថាប្រហែលសំឡេងស្អកដោយសារស្ងួតក ឬឈឺកតែប៉ុណ្ណឹងឯង។ ប៉ុន្ដែយើងគួរចាប់អារម្មណ៍បន្ដិចទៅ នៅពេលដែលសំឡេងស្អក ពេលខ្លះបណ្ដាលមកពីបញ្ហាធ្ងន់ធ្ងរជាងអ្វីដែលយើងគិត។ ភាគច្រើនកត្តាដែលបណ្ដាលឱ្យសំឡេងប្រែជាស្អកមាន ការរលាកបំពង់សំឡេងស្រួចស្រាវ ការបង្ករោគដោយការរលាកផ្លូវដង្ហើមខាងលើ និងមួយចំនួនតូចទៀត បណ្ដាលមកពីការប្រើប្រាស់សំឡេងច្រើន។

ក្រៅពីកត្តាប៉ុន្មានខាងលើ នៅមានបញ្ហាមួយចំនួនទៀតក៏អាចធ្វើឱ្យសំឡេងយើងប្រែជាខុសប្រក្រតីដូចជា៖
•ដុំពក ឬគីសនៅនឹងបំពង់សំឡេង
•ការច្រាលជាតិអាស៊ីតក្រពះ
•អាលែកហ៊្សី
•ការហឺតចូលនូវសារធាតុគីមី
•ការជក់បារី ជំងឺកក
•គ្រោះថ្នាក់ចំបំពង់សំឡេង
•វិបត្តិប្រព័ន្ធប្រសាទ
•ដុំមហារីកបំពង់សំឡេង…។

ប៉ុន្ដែក្នុងករណីដែលយើងមានបញ្ហាសំឡេងស្អកលើសពី២ ទៅ៣សប្ដាហ៍គួរតែប្រញាប់ទៅពិគ្រោះនិងវិនិច្ឆ័យជាមួយគ្រូពេទ្យជំនាញ ឱ្យបានទាន់ពេលវេលា ព្រោះយើងឃើញថាសំឡេងស្អកក៏អាចបណ្ដាលឱ្យមានជំងឺកាចសាហាវដូចជា ជំងឺដុំមហារីកបំពង់សំឡេងបានដែរ។

យ៉ាងណាមិញ យើងក៏អាចការពារ និងថែទាំបំពង់សំឡេងយើង ឱ្យចៀសផុតពីបញ្ហាសំឡេងស្អកនេះបានដែរ ជាមួយវិធីសាស្រ្ដផ្សេងៗរួមមាន៖
•ចៀសវាងប្រើសំឡេងខ្លាំងៗ បើចាំបាច់ត្រូវប្រើមីក្រូហ្វូនជំនួសវិញ
•ចៀសវាងការជក់បារី
•សម្រាប់អ្នកជំងឺស្អកបណ្ដាលមកពីច្រាលជាតិអាស៊ីតអាចព្យាបាលដោយថ្នាំ និងការតមអាហារមួយចំនួន។
•សម្រាប់អ្នកជំងឺមួយចំនួន ទាមទារឱ្យមានការព្យាបាលដោយសំឡេង និងលំហាត់សំឡេងជាមួយគ្រូពេទ្យជំនាញ៕