រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា បានរកឃើញពលករខ្មែរម្នាក់ ជាស្រ្តីដែលទើបធ្វើដំណើរត្រឡប់មកពីប្រទេសថៃ បានឆ្លងជំងឺកូវីដ-១៩ ។

ស្ត្រីជនជាតិខ្មែរ ដែលឆ្លងជំងឺកូវីដ-១៩ នៅព្រឹកនេះ អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិស្ពានកណ្តាល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១។ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ ។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុបចំនួន៣៨៦នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន៣៦២នាក់ និងអ្នកជំងឺ២៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕