ខេត្តកណ្ដាល៖ ស្រ្តីចំណាស់ធ្វើការនៅក្នុងឡឥដ្ឋម្នាក់ បានដេកស្លាប់ចោលប្តី និងកូនយ៉ាងអាណោចអាធ័ម ដោយសារជំងឺខ្យល់គរ កាលពីវេលាម៉ោង០៨និង៣០នាទី ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ចំណុចលើគ្រែក្រោមផ្ទះជនរងគ្រោះក្នុងបរិវេណឡឥដ្ឋ សុង វ៉ា ភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។

ស្រ្តីរងគ្រោះឈ្មោះ ជន ខន អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករឡឥដ្ឋ ស្រុកកំណើតនៅភូមិគោកស្រុក ឃុំតាំងសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។ បច្ចុប្បន្នស្នាក់នៅក្នុងបរិវេណឡឥដ្ឋ សុង វ៉ា ភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។

បុរសឈ្មោះ សេន ដែន អាយុ៤៩ឆ្នាំ ជាប្ដីរបស់ជនរងគ្រោះ បានរៀបរាប់ថា ប្រពន្ធគាត់ (ស្រ្តីរងគ្រោះ) មានជំងឺលើសឈាម រយ:ពេល ០២ខែមកហើយ ដោយពុំបានទិញថ្នាំយកមកលេប ឲ្យបានទៀងទាត់នោះទេ ។ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ក្រុមគ្រួសារគាត់បាននាំគ្នាហូបបាយជុំគ្នា រួចហើយក៏នាំគ្នាចូលដេក នៅពេលនោះ ប្រពន្ធគាត់បានត្អូញរប្រាប់ថា ចេះតែឈឺក្បាល ទើបគាត់ប្រាប់ថា រកប្រេងក្រឡាលាប និងនាំកូនៗដេកលក់អស់ ។ រហូតដល់ម៉ោង០៤និង០០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ប្រពន្ធគាត់បានភ្ញាក់ពីដេកហើយនាំគ្នាអាំងភ្លើងកុំឱ្យរងា ។ ចំណែក គាត់ចេញទៅអូសផេះចេញពីក្នុងឡឥដ្ឋ ។ លុះដល់វេលាម៉ោង០៧និង៣០នាទី ខ្លួនបានវិលត្រឡប់មកផ្ទះវិញ ហើយបានឃើញប្រពន្ធដេកនៅក្នុងមុងលើគ្រែក្រោមផ្ទះ ពេលនោះខ្លួនពុំបានដាស់ប្រពន្ធទេ។

បុរសជាប្តីបន្តថា រហូតដល់វេលាម៉ោង ០៨និង៣០នាទី កូនរបស់ខ្លួនឈ្មោះ ដែន ចាន់ បានទៅដាស់ជនរងគ្រោះ ទើបដឹងថាជនរងគ្រោះស្លាប់ ហើយក៏ដើរមកប្រាប់ខ្លួន ហើយខ្លួនក៏បានងើបទៅមើលឃើញជនរងគ្រោះដេកស្លាប់នៅលើគ្រែក្រោមផ្ទះ បន្ទាប់មកក៏បានហៅអ្នកជិតខាងឱ្យជួយមើល ហើយខ្លួនក៏បានតេទូរស័ព្ទប្រាប់ថៅកែឡឥដ្ឋឲ្យបានជ្រាប ។ ហើយម្ចាស់ឡឥដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញ។

សមត្ថកិច្ច បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានខាងលើ កម្លាំងផ្នែកជំនាញពិនិត្យវិភាគ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញ ក្រុមប្រឹក្សាឃុំព្រែកអញ្ចាញ មេភូមិ និងគ្រូពេទ្យ ឃុំព្រែកអញ្ចាញ ចុះទៅកន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យសពជនរងគ្រោះ ។ នៅលើខ្លួនជនរងគ្រោះ ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ជនរងគ្រោះពិតជាស្លាប់ដោយខ្យល់គរប្រាកដមែន មិនមានជាប់ពាក់ព័ន្ធនឹងករណីអ្វីផ្សេងទេ ។ បន្ទាប់មក បានធ្វើកំណត់ហេតុប្រគល់សពស្រ្តីរងគ្រោះជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕