ខេត្តប៉ៃលិន៖ ប្រជាពលរដ្ឋរស់នៅខេត្តប៉ៃលិន តែងតែចេញចូល ប្រទេសថៃ ជាញឹកញាប់ ហើយនៅពេលប្រទេសនេះ (ថៃ) កំពុងឈមនឹងការឆ្លងកូវីដ-១៩ខ្លាំងផងនោះ ទើបបណ្ដាលឲ្យ​មាន​ការចម្លងមេរោគដ៏កាចសាហាវ មកលើពលរដ្ឋខែ្មរយើងផងដែរ។។

បើតាមអាជ្ញាធរខេត្តប៉ៃលិន បានឲ្យដឹងថា បើគិត​ត្រឹម ​ថ្ងៃ​ទី​៦ ខែ​មករា ​ឆ្នាំ​២០២១ ​មាន​ពលករ​ខ្មែរ ​មកពី​ថៃ​ចូល​មក​ខេត្ត​ប៉ៃលិន​ ​​ចំនួន​១០១០​នាក់ (​ស្រី​៤៩៨​នាក់) ហើយ​​ក្នុងចំណោមពលរដ្ឋទាំងនោះបាន​រក​ឃើញ​មានអ្នកឆ្លង​កូ​វីដ-​១៩ ​ចំនួន​១៣​នាក់ផងដែរ។

លោក អ៊ុន ប៊ុនលី នាយក​រដ្ឋបាល​សាលាខេត្ត​ប៉ៃលិន​ បាន​ឲ្យ​ដឹង​​ថា​ ក្នុងចំណោម​ពលករ​ខ្មែរ​ជាង​១​ពាន់​នាក់​នោះ មាន​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក ​សរុប​ចំនួន​៣៦៦​នាក់ ដោយ​ធ្វើ​ច​ត្តា​ឡី​ស័ក ​នៅ​មណ្ឌល​ចំនួន​២៣៥​នាក់ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​តាម​ផ្ទះ​ចំនួន​១៣១​នាក់។ រីឯអ្នក​​បាន​បញ្ចប់​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក មាន​ចំនួន​៧​នាក់​។

នាយក​រដ្ឋបាល​សាលាខេត្ត​ប៉ៃលិន បានបញ្ជាក់ថា មន្រ្ដីជំនាញ​របស់យើង​បាន​យក​សំណាក​ពលករ​ចំនួន​២៨៨​នាក់​ (ស្រី​១៤៣​នាក់) ​ទៅ​​វិភាគ​ ស្វែងរក​វីរុស​កូ​វីដ​-១៩​ ដោយ​លទ្ធផល​បង្ហាញថា ​មាន​លទ្ធផល​អវិជ្ជមាន​ ចំនួន​២៧៥​នាក់​ និង​វិជ្ជមាន​វីរុស​ ចំនួន​១៣​នាក់ (​ស្រី​១២​)។​

បើគិតមកដល់ម៉ោង៧ព្រឹក ថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ នៅកម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុប៣៨៥នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៣៦២នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ២៣នាក់៕