រាជធានីភ្នំពេញ ៖ បុរសម្នាក់ បន្ទាប់ពីផឹកស្រាស្រវឹងធ្លាក់ភ្នែក បានឈ្លោះប្រកែកជាមួយប្រពន្ធ រហូតឈឺចិត្តស្អិតទ្រូងលែងចង់រស់តទៅទៀត បានបើកម៉ូតូកង់បីមកស្ពានជ្រោយចង្វារ ហើយលោតទម្លាក់ខ្លួនចូលក្នុងទឹក បណ្តាលឲ្យលង់លិចបាត់ ដោយបន្សល់តែស្បែកជើងមួយគូ និងម៉ូតូកង់បីឥណ្ឌាមួយគ្រឿង កន្លែងកើតហេតុ ។

ករណីធ្វើអត្តឃាតនេះ បានកើតឡើង និងបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នៅលើស្ពានជ្រោយចង្វារថ្មី សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ជនរងគ្រោះដែលគិតខ្លីធ្វើអត្តឃាតនេះ មានឈ្មោះ សំ បញ្ញា អាយុ២៤ឆ្នាំ មុខរបររត់ម៉ូតូកង់បីឥណ្ឌា បច្ចុប្បន្នស្នាក់នៅផ្ទះជួល នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និងមានស្រុកកំណើតនៅភូមិព្រៃតាបេស ឃុំពោធិ៏ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

សាច់ញាតិជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ និងប្រពន្ធ បាននាំទៅផឹកស៊ីនៅផ្ទះបងប្អូន នៅសង្កាត់ព្រែកលាប ដើម្បីពិភាក្សាគ្នារឿងធ្វើបុណ្យខួបគម្រប់៣ឆ្នាំឲ្យម្តាយ។ លុះពេលជនរងគ្រោះត្រូវស្រាចូលពោះ ស្រាប់តែកើតមានជម្លោះជាមួយប្រពន្ធ ហើយរត់ឡើងបើកម៉ូតូកង់បីចេញទៅបាត់ ដោយមិនប្រាប់ថាទៅណាឡើយ លុះដល់ម៉ោង៩យប់ មានសមត្ថកិច្ចទាក់ទងទៅប្រពន្ធជនរងគ្រោះ ដោយប្រាប់ថា ជនរងគ្រោះបានលោតទឹកសម្លាប់ខ្លួនបាត់ទៅហើយ ។

សមត្ថកិច្ច បញ្ជាក់ថា ជនរងគ្រោះ បានបន្សល់ទុកម៉ូតូកង់មួយគ្រឿង ពណ៌ស លាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1HJ-8498 និងស្បែកស៊កមួយគូ នៅក្បែរបង្កាន់ដៃស្ពាន ។ បន្ទាប់មក សមត្ថកិច្ច និងក្រុមគ្រួសារ បានជួលទូកបងប្អូននេសាទ ស្វែងរកសពជនរងគ្រោះ ដើម្បីយកមកធ្វើបុណ្យតាមប្រពៃណី ៕