ភ្នំពេញ៖ បុរសម្នាក់បានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ រហូតទប់កំហឹងរបស់ខ្លួនលែងបាន ក៏​បើកត្រីចក្រយានយន្ដ (កង់បី) ឡើងលើស្ពានជ្រោយចង្វា ​ហើយលោតទឹកសម្លាប់ខ្លួន បង្កឲ្យឲ្យ​ភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ និង៥០នាទីយប់ ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នៅលើស្ពានជ្រោយចង្វាថ្មី សង្កាត់ស្រះចក ខណ្ឌដូនពេញ​។

បើតាមសម្ដីរបស់លោក  សំ ឧត្ដម ជាបង​បង្កើតរបស់បុរសដែលលោតទឹកសម្លាប់ខ្លួននោះ បានឱ្យដឹងថា ​ប្អូនប្រុស​របស់គាត់ ឈ្មោះ សំ បញ្ញា អាយុ២៤ឆ្នាំ មុខរបររត់កង់បី និងប្រពន្ធ ​មានស្រុកកំណើតនៅភូមិព្រៃតាបេស ឃុំពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ប៉ុន្ដែពួកគេ ស្នាក់នៅផ្ទះជួល នៅ​ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោក សំ ឧត្ដម បានបន្ថែមថា  មុនពេលកើតហេតុ ប្អូនប្រុសរបស់គាត់ និងប្រពន្ធរបស់គេបានទៅ​ផឹកស៊ី នៅផ្ទះរបស់គាត់ ស្ថិតក្នុងសង្កាត់ព្រែកលៀប ដើម្បីពិភាក្សាគ្នា អំពីរឿងធ្វើបុណ្យខួបគម្រប់៣ឆ្នាំឲ្យម្តាយ នៅថ្ងៃទី៧ ខែមករា។ លុះពេល​ផឹកស៊ីស្រវឹង ស្រាប់តែប្អូនប្រុសគាត់បានទាស់ពាក្យសម្តីគ្នាជាមួយប្រពន្ធរបស់គេ ធ្វើឲ្យគេខឹងយ៉ាងខ្លាំង ហើយ​ឡើងបើកកង់បីចេញទៅបាត់ ដោយមិនបានប្រាប់អ្នកណាឡើយ។  ប៉ុន្ដែរហូតមកដល់​វេលាម៉ោង៩យប់ ស្រាប់តែ​សមត្ថកិច្ចទាក់ទងទៅប្រពន្ធរបស់ប្អូនប្រុសរបស់គាត់​ថា ប្អូនប្រុសរបស់គាត់បានលោតទឹកសម្លាប់ខ្លួន​ ទើបពួកគាត់បាននាំគ្នាមកមើល។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ​មុនពេលកើតហេតុ ពួកគាត់បានឃើញបុរសម្នាក់បើកកង់បីឥណ្ឌា ពណ៌សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HJ-8498 ឡើងមកលើស្ពានជ្រោយចង្វា ក្នុងទិសដៅពីកើតទៅលិច។ លុះពេល​បើកមកដល់ពាក់កណ្តាលស្ពាន ស្រាប់តែបុរសម្នាក់នោះ បានឈប់កង់បីអែបកៀន ហើយលោតចុះទៅទឹកទន្លេតែម្តង​។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងយកកង់បី​ទៅរក្សាទុកបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលស្រះចក ហើយរង់ចាំសាច់ញាតិយកឯកសារមក ទើប​ប្រគល់ជូនវិញ។ ចំណែក​ប្រពន្ធបានជួលទូករបស់អ្នកនេសាទស្វែងរកសពប្តី ដើម្បីនាំយកមកធ្វើបុណ្យតាមប្រពៃណី៕