ខេត្តកណ្តាល៖ បុរសម្នាក់បានហៅក្លើយល់ចិត្តមកផឹកស៊ីនៅផ្ទះរបស់ខ្លួន លុះពេលអស់ស្រាអស់សាច់ក្លែម បុរសជាម្ចាស់បានជិះម៉ូតូទៅទិញស្រា និងសាច់ក្លែម ដើម្បីផឹកស៊ីបន្ត តែដឹងអី ! ពេលត្រឡប់មកផ្ទះវិញ ស្រាប់តែឃើញប្រពន្ធកូនរបស់ខ្លួនចំនួន៣នាក់ ត្រូវក្លើប្រមឹកនោះ កាប់ប្រហារបណ្តាលឲ្យរងរបួសធ្ងន់ដេកដួលក្នុងថ្លុកឈាម។

ករណីប៉ុនប៉ងឃាតកម្មនេះ បានកើតឡើងនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ជនរងគ្រោះ ទី១.ឈ្មោះ សុខ ចាន់ឌី ភេទស្រី អាយុ ៣២ឆ្នាំ រងរបួសធ្ងន់ (សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្សី)។ ទី២.ឈ្មោះ រស្មី ស្រីយ៉ា ភេទស្រី អាយុ ១៣ឆ្នាំ រងរបួសធ្ងន់ (សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផា)។ និងទី៣.ឈ្មោះ រស្មី សូជីញ ភេទស្រី អាយុ ០៨ឆ្នាំ រងរបួសធ្ងន់ (សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផា)។

ចំណែកប្ដី និងឪពុករបស់ជនរងគ្រោះឈ្មោះ ផាន ភក្តី ភេទប្រុស អាយុ៣៨ឆ្នាំ មានលំនៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ដោយឡែក ជនដៃដល់ឈ្មោះ ចន សុវណ្ណចាន់តុកុល ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ សំណង់ មានស្រុកកំណើត នៅភូមិពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បច្ចប្បន្នស្នាក់នៅកន្លែងធ្វើការងារ(ធ្វើកម្មករសំណង់) ស្ថិតនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ បានផឹកស៊ីជាមួយប្ដីជនរងគ្រោះ នៅផ្ទះរបស់ជនរងគ្រោះ។ ពេលផឹកអស់ស្រា និងសាច់ក្លែម ប្តីជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះ ដើម្បីទៅទិញស្រានិងសាច់ក្លែម លុះពេលត្រឡប់មកវិញ ស្រាប់តែឃើញប្រពន្ធកូនរបស់ខ្លួនមានរងរបួសស្នាមពេញខ្លួន បង្កការភ្ញាក់ផ្អើល ហើយក្រុមគ្រួសារចាត់ចែងដឹកបញ្ជូនជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យ។

សមត្ថកិច្ច បញ្ជាក់ថា ពេលជនសង្ស័យ កំពុងផឹកស្រាជាមួយប្ដីជនរងគ្រោះ នៅក្រោមផ្ទះ ស្រ្តីរងគ្រោះ បានរអ៊ូរទាំជេរប្ដីមិនឱ្យផឹកស្រាជាមួយជនសង្ស័យ នៅផ្ទះរបស់ខ្លួននោះទេ នៅពេលប្ដីជនរងគ្រោះទៅទិញស្រាបៀរ និងសាច់ក្លែមជនសង្ស័យមានឱកាស ប្រព្រឹត្តធ្វើសកម្មភាពកាប់ប្រហារជនរងគ្រោះម្តាយកូនតែម្ដង ក្រោយពីធ្វើសកម្មភាពរួច រួចជនសង្ស័យបានរត់គេចខ្លួនរួមទាំងវត្ថុតាង។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បានធ្វើការស្រាវជ្រាវចាប់ខ្លួសនជនសង្ស័យបាននាំមកសាកសួរ និងកសាងសំណុំរឿងបញ្ជូនមកការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីចាត់ការតាមនីតិវិធីបន្ត។