ខេត្តកណ្តាល៖ យុវតីម្នាក់បានបង្កើតឡើងស្នេហ៍តាមហ្វេសប៊ុកជាមួយប្រុសជើងល្អម្នាក់ លុះក្រោយពីបានស្គាល់ចិត្តថ្លើមគ្នាតាមអនឡាញបានកន្លះខែ ស្រាប់តែប្រុសស្នេហ៍ប្រើល្បិចបបួលដើរលេង រួចអូសក្រឡាដឹកយកទៅចាប់រំលោភសេពសន្ថវៈរហូតបានសម្រេចដូចបំណង។

ករណីរំលោភសេពសន្ថវៈនេះ បានកើតឡើងនៅចន្លោះវេលាម៉ោង១៨ ទៅម៉ោង២០ ថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ នៅចំណុចមណ្ឌលវិបស្សនាធុរ:ទួលសាលាវគ្គ ស្ថិតក្នុងភូមិកណ្ដាល ឃុំសណ្ដារ ស្រុកលើកដែក ។ លុះមកដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ទើបកម្លាំងសមត្ថកិច្ចធ្វើការចាប់ខ្លួនជនសង្ស័យបាន។

នារីរងគ្រោះឈ្មោះ ប. ព . ស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិក្អមសំណលើ ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល ។ ចំណែកជនសង្ស័យឈ្មោះ ខេង ផល្លី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិបឹងក្រោម ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល។

សមត្ថកិច្ច បានឲ្យដឹងថា កាលពីកន្លះខែមុននារីរងគ្រោះ បានឆាតទាក់ទងគ្នា (តាមហ្វេសប៊ុក)ជាមួយជនសង្ស័យ ។ លុះមកដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ វេលាម៉ោងចន្លោះ១៨និង០០នាទី ជនសង្ស័យបានឆាតមកនារីរងគ្រោះដោយបបួលថា ទៅលេងអ្នកលឿង ពេលនោះនារីរងគ្រោះ ក៏ព្រមឲ្យជនសង្ស័យមកយកនៅផ្ទះរបស់ខ្លួន ដល់ម៉ោងប្រហែល១៨ និង ៣០ នាទី ជនសង្ស័យក៏មកដល់ ហើយនារីរងគ្រោះក៏ឡើងជិះម៉ូតូជាមួយជនសង្ស័យ ពេលទៅដល់មណ្ឌលវិបស្សនាធុរ:ទួលសាលាវគ្គ ស្ថិតក្នុងភូមិកណ្ដាល ឃុំសណ្ដារ ស្រុកលើកដែក ខេត្តកណ្ដាល។

ប្រភពបន្តថា ពេលនោះ ជនសង្ស័យបានឌុបនារីរងគ្រោះចូលទៅក្នុងមណ្ឌលវិបស្សនាធុរ: ទួលសាលាវគ្គ រួចធ្វើសកម្មភាពចាប់រំលោភសេពសន្ថវ:ទៅលើនារីរងគ្រោះ រហូតបានសម្រេច ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបាន ទុកជនរងគ្រោះចោល រួចបានឡើងជិះម៉ូតូរបស់ខ្លួនគេចខ្លួនបាត់ ។ លុះមកដល់ថ្ងៃទី ០២ខែមករា ឆ្នាំ២០២១វេលាម៉ោងប្រហែល១៧ និង៣០នាទី ម្ដាយរបស់នារីរងគ្រោះ បានជជីកដេញដោលសួរកូនស្រី ម្យ៉ាងទៀតនាងខ្លាចមានផ្ទៃពោះផង ក៏រៀបរាប់រឿងរ៉ាវ ដែលជនសង្ស័យបានចាប់រំលោភនាងប្រាប់ទៅម្ដាយ ។ បន្ទាប់មកស្រ្តីជាម្ដាយបាននាំកូនស្រី(នារីរងគ្រោះ) មកកាន់ប៉ុស្តិ៍រដ្ឋបាលក្អមសំណរ ដើម្បីដាក់ពាក្យបណ្ដឹង ។

សមត្ថកិច្ច បញ្ជាក់ថា ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់នារីរងគ្រោះ កម្លាំងប៉ុស្តិ៍រដ្ឋបាលបានរាយការណ៍ជូនផ្នែកជំនាញស្រុកលើកដែក ហើយផ្នែកជំនាញក៏បានចុះមកធ្វើការស្រាវជ្រាវ ។ លុះមកដល់ថ្ងៃទី០៦ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៩និង៣០នាទី កម្លាំងបានប្រទះឃើញជនសង្ស័យ ជិះម៉ូតូនៅឃុំខ្ពបអាទាវភ្លាមនោះ កម្លាំងបានឃាត់ជនសង្ស័យ បញ្ជូនមកកាន់អធិការដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ៕