ភ្នំពេញ ៖ នៅក្នុងឆ្នាំ ២០២១នេះ ធនាគារអេស៊ីលីដាបានផ្ដល់នូវភាពភ្ញាក់ផ្អើលពីរគឺផ្លាស់ប្តូរនិមិត្តសញ្ញារបស់ខ្លួន និងផ្លាស់ប្តូររូបរាងរបស់ App ដើម្បីបំពេញសេចក្តីត្រូវការអតិថិជនរបស់ខ្លួន ។

បើតាមការបញ្ជាក់ពីលោកបណ្ឌិតអ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានឱ្យដឹងថា ក្នុងឆ្នាំ ២០២១នេះ ធនាគារបានសម្រេចផ្លាស់ប្តូរនិមិត្តសញ្ញាជាផ្លូវការ ដែលផ្លាស់ប្តូរពីនិមិត្តសញ្ញាមានតែអក្សរ មកជានិមិត្តសញ្ញា មានរូបភាពផង និងមានអក្សរផង ។ និមិត្តសញ្ញាថ្មីនេះ មានបីពណ៌ មានអត្តន័យ ៖ ១-ពណ៌ស តំណាងអភិសមាចារ (តម្លាភាព ភាពស្មោះត្រង់ និងសុច្ចរិតភាព)

២-ពណ៌ មាស តំណាង គុណតម្លៃ និងគុណភាព និង ៣-ពណ៌ខៀវទឹកប៊ិក តំណាងសាមគ្គីភាព ស្ថិរភាព និងសុវត្ថិភាព រីឯពណ៌ទាំងបីបញ្ចូលគ្នាប្រៀបទៅនឹងគ្រាប់ពូជ និងធនធានដែលបានរីកដុះដាល និងអភិវឌ្ឍក្នុងវិស័យហិរញ្ញវត្ថុ ប្រកបដោយចីរភាព ។

ក្រៅពីការផ្លាស់ប្តូរនិមិត្តសញ្ញា ដ៏ស្រស់ស្អាតនេះដែរ ធនាគារអេស៊ីលីដា ក៏បានផ្លាស់ប្តូររូបរាងថ្មីនៃ App អេស៊ីលីដាម៉ូបាលផងដែរ ។ App នេះ មានភាពងាយស្រួលសម្រាប់អតិថិជន ក្នុងពេលដែលកំណើននៃការប្រើប្រាស់បច្ចេកវិទ្យា សម្រាប់ការទូទាត់នៅក្នុងពេលបច្ចុប្បន្ននេះកាន់តែកើនឡើងជាពិសេសនៅអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ១៩ ។

App នេះ មានភាពងាយស្រួលជាងមុនដោយប៊ូតុងរចនាឡើងល្អឥតខ្ចោះសាកសមនឹងអតិថិជនឆ្លាតវៃប្រើប្រាស់លឿន រហ័ស ដូចជា ការបង់ថ្លៃទឹក-ភ្លើង បង់ថ្លៃសំរាម ទូទាត់វិក្កយបត្ររួម បញ្ចូលប្រាក់ក្នុងទូរស័ព្ទដៃ ផ្ទេរប្រាក់ ផ្សារអនឡាញ (ទិញទំនិញតាមអនឡាញ) ទូទាត់តាម QR ពិនិត្យមើលសមតុល្យគណនី ដាក់ប្រាក់បញ្ញើមានកាលកំណត់ថ្មី ដាក់ប្រាក់បញ្ញើមានកាលកំណត់ សំណើសុំឥណទាន ដកប្រាក់តាម ATM ។

សូមបញ្ជាក់ថា ធនាគារ អេស៊ីលីដា តែងគិតពីអតិថិជន ហើយចង់ឲ្យអតិថិជន ទទួលជោគជ័យលើមុខជំនួញ ។ ធនាគារខ្មែរមួយនេះតែងប្រកាន់ខ្ជាប់នូវទស្សនៈ អតិថិជនរីកចម្រើន ធនាគាររីកចម្រើន ដោយបម្រើសេវាកម្មជូនអតិថិជនប្រកបដោយភាពទទួលខុសត្រូវ ហើយឆ្លើយតបនឹងសេចក្តីត្រូវការរបស់ពួកគេបានយ៉ាងឆាប់រហ័សបំផុត ៕