ស្រាវជ្រាវដោយ ឈឹម សេរីភួន៖ ថ្ងៃទី៣ ខែឧសភា ឆ្នាំ១៩៥២ ទាហានរាជការខ្មែរ និងបារាំង បានបើកប្រតិបត្តិការសឹកផ្លេកបន្ទោរ វាយប្រហារទៅលើជំរំតស៊ូរបស់សឺង ង៉ុកថាញ់ និងកៅ តក់ បណ្ដាលឲ្យរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរ ។ បើតាមការបញ្ជាក់របស់ស្នងការរងប៉ូលិសថៃ នៅខេត្តសុរិន្ទ បានឲ្យដឹងថា ក្រោយប្រតិបត្តិការសឹកផ្លេកបន្ទោរនោះ កងទ័ពរបស់សឺង ង៉ុកថាញ់ និងកៅ តក់ នៅសល់តែកងទ័ពប្រហែល២៥០នាក់ប៉ុណ្ណោះ ហើយមេខ្មែរឥស្សរៈទាំង២នេះ បានជ្រើសរើសកូនចៅប្រជារាស្រ្តនៅក្នុងស្រុកសំរោង ដើម្បីពង្រីកកម្លាំងឡើងវិញ។ សឺង ង៉ុកថាញ់ ជាមេដឹកនាំចលនាតស៊ូ ដែលប្រជារាស្រ្តនៅប៉ែកខាងលិចប្រទេស ពិសេសនៅខេត្តសៀមរាប និងបាត់ដំបង ស្រឡាញ់គាំទ្រគគ្រឹកគគ្រេង ។ ប៉ុន្តែមេដឹកនាំថ្នាក់ក្រោមគាត់នៅឯខេត្តបាត់ដំបង ពេលនាំកងទ័ពទៅដល់ស្រុកភូមិមួយណាហើយ ពួកគេតែងតែបង្ខំទារពន្ធពីអ្នកភូមិ ក្នុងមួយភូមិៗ ពី៥០០០ ទៅ១០០០០រៀល ជាកំហិត។ ចំនួនទឹកប្រាក់នេះជាការទារពន្ធខ្ពស់បំផុត ដែលចលនាតស៊ូឥស្សរៈផ្សេងៗទៀត មិនដែលទារពន្ធច្រើនដូចនេះឡើយ។ ពេលនោះ ព្រះអង្គម្ចាស់នរោត្តម ច័ន្ទរង្សី និងសាវ៉ាង វង្ស ក៏ចាប់ផ្ដើមផ្សារទំនាក់ទំនង និងជូនពរជាមួយសឺង ង៉ុកថាញ់ ទៅវិញទៅមក។ តែទោះបីជាយ៉ាងនេះក៏ដោយ ក៏ សាវ៉ាង វង្ស ដែលគេសង្ស័យថា ជាមេខ្មែរឥស្សរៈដែលមានពួកបារាំងនៅពីក្រោយខ្នងនោះ ចាប់ផ្ដើមធ្វើទំនាក់ទំនងជាមួយចៅហ្វាយខេត្តកំពង់ស្ពឺ ជាថ្មីឡើងវិញ ។ ចំណែកពុត ឆាយ ដែលមានគំនិតស្អប់ពួកវៀតមិញ និងអាណិកជនវៀតណាម តាំងពីដើមមកនោះ ក៏មានបំណងចង់ទម្លាក់អាវុធ ដើម្បីចុះចូលជាមួយព្រះមហាក្សត្រសីហនុ ដែរ។
បើតាមប្រភពស៊ើបការណ៍របស់បារាំង បានឲ្យដឹងថា សឺង ង៉ុកថាញ់ បានធ្វើដំណើរទៅកាន់តំបន់ដែលកាន់កាប់ដោយពួកវៀតមិញ និងបានចុះកិច្ចព្រមព្រៀងជាមួយសឺង ង៉ុកមិញ នៅថ្ងៃទី២១ ខែមិថុនា ដើម្បីសហការគ្នាប្រឆាំងនឹងពួកបារាំង តែមិនដឹងថា នេះជាការពិតឫអត់នោះទេ។នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៥២ គឺ៣ថ្ងៃ ក្រោយពីមានរបាយការណ៍សម្ងាត់នេះ កៅ តក់ ជាមេដឹកនាំបន្ទាប់ពីសឺង ង៉ុកមិញ ក៏បានផ្ញើលិខិតអញ្ជើញមួយ ទៅឲ្យមេឥស្សរៈខ្មែរ-វៀតមិញ ឈ្មោះហុង ឈុន ដែលជាសហការីជំនិតរបស់ សឺង ង៉ុកមិញ ដើម្បីឲ្យមកចូលរួមពិភាក្សាគ្នាពីកិច្ចព្រមព្រៀងមួយ នៅក្នុងស្រុកសំរោង ដែលជាមូលដ្ឋានតស៊ូធំរបស់គាត់ ។ ប៉ុន្តែដោយសារ ហុង ឈុន មានកិច្ចការច្រើនពេក ក៏ចេះតែពន្យាពេលជួបគ្នានោះរហូត ។នៅខេត្តកំពង់ឆ្នាំង មានក្រុមឥស្សរៈខ្មែរមួយក្រុមតូច ដឹកនាំដោយ ងួន ហុង ដែលទៅចូលរួមជាមួយសាវ៉ាង វង្ស ជាច្រើនខែមកហើយនោះ បានទាក់ទងធ្វើកិច្ចសហការជាមួយមេឥស្សរៈខ្មែរ-វៀតមិញ ឈ្មោះមាស វង្ស នៅទីតាំងឈរជើងរបស់គាត់នៅក្នុងខេត្តកំពង់ឆ្នាំង ក៏បានប្ដូរគំនិតរត់ចេញពីរត់ចេញពី សាវ៉ាង វង្ស ទៅចុះចូលជាមួយសឺង ង៉ុកថាញ់ និងកែវ តក់ នៅឯមូលដ្ឋានតស៊ូស្រុកសំរោង វិញ ។ ដើម្បីជាការលើកទឹកចិត្តចំពោះ ងួន ហុង ក្នុងការចុះចូលនោះ កៅ តក់ ក៏បានប្រគល់កម្លាំងកងឈ្លប ចំនួន៥០នាក់ និងកាំភ្លើងចំនួន៣០ដើម ថែមទៀតឲ្យទៅ ងួន ហុង គ្រប់គ្រង។ មិនយូរប៉ុន្មាន អនុប្រធានរបស់ពុត ឆាយម្នាក់ ក៏បានរត់ចោល ពុត ឆាយ ទៅចូលរួមជាមួយ ងួន ហុង ដោយនាំកងទ័ពមួយចំនួនមកជាមួយផងដែរ ធ្វើឲ្យកម្លាំងដែលគ្រប់គ្រងដោយ ងួន ហុង កើនឡើងដល់១២០នាក់ ។
នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ១៩៥២ សឺង ង៉ុកថាញ់, កៅ តក់ និងអៀ ស៊ីចូវ បានជួបពិភាក្សាគ្នាជាមួយ លាវ កែវមុនី មេដឹកនាំគណៈកម្មាធិការរំដោះជាតិខ្មែរ (KNLC) ។ ក្នុងជំនួបនោះ លាវ កែវមុនី មានសហការី៣នាក់ទៀតដែរគឺ ទុម សុខ, អ៊ូជ និលពេជ្រ និងត្រឡាច ដែលពេលនោះពួកគាត់កំពុងហ្វឹកហាត់កងទ័ពថ្មី ៣០០នាក់បន្ថែមទៀតផងដែរ។ តែជំនួបពិភាក្សាគ្នានោះ មិនបានឈានដល់កិច្ចព្រមព្រៀងណាមួយឲ្យបានច្បាស់លាស់ទេ ព្រោះសឺង ង៉ុកថាញ់ ហាក់ដូចជាចង់សហការជាមួយពួកវៀតមិញ ដោយផ្ទាល់ច្រើនជាង ព្រោះឃើញកម្លាំងកងទ័ព និងគ្រឿងសព្វាវុធរបស់ពួកវៀតមិញ ខ្លាំងក្លា និងមានច្រើនសន្ធឹកសន្ធាប់ អាចសង្ឃឹមបាន។ នៅពាក់កណ្ដាលខែសីហា ឆ្នាំ១៩៥២ ចៅហ្វាយខេត្តសៀមរាប បានរាយការណ៍ដោយយោងទៅតាមប្រភពមិនសូវច្បាស់ការណ៍មួយថា៖ ពេលនោះ សឺង ង៉ុកថាញ់ បានព្រមព្រៀងឲ្យកងទ័ពវៀតមិញ ចំនួន៥០០នាក់ មកបោះទីតាំងឈរជើងនៅប៉ែកខាងជើងនៃទឹកដីខេត្តបាត់ដំបង និងក្នុងខេត្តសៀមរាប ដើម្បីជាជំនួយដល់កងទ័ពគាត់ ។ តែ លាវ កែវមុនី កំពុងត្រួតត្រាកាន់កាប់នៅតំបន់នោះដែរ មិនឯកភាពជាមួយ សឺង ង៉ុកថាញ់ ពីបញ្ហានេះទេ ព្រោះប្រហែលជាគាត់ខ្លាចបាត់បង់ឥទ្ធិពលគណៈកម្មាធិការរំដោះជាតិខ្មែរ (KNLC) របស់គាត់ ក៏មិនដឹង? ។ប៉ូលិសសម្ងាត់ខេត្តបាត់ដំបង បានរាយការណ៍ថា នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៥២ លាវ កែវមុនី , អាចារ្យទុម សុខ , អាចារ្យប៊ូ , អាចារ្យរ៉ែន និងមេវៀតមិញ ៩នាក់ បានប្រជុំកងទ័ពចំនួន១០០នាក់ ដើម្បីពិភាក្សាគ្នាពីការសន្យារបស់ព្រះមហាក្សត្រនរោត្តម សីហនុ ក្នុងការទាមទារឯករាជ្យពីប្រទេសបារាំង ក្នុងរយៈពេល៣ឆ្នាំនោះ និងពិភាក្សាគ្នាពីការទម្លាក់អាវុធ ចុះចូលជាមួយព្រះមហាក្សត្រនរោត្តម សីហនុ ផងដែរ ។ (វាយអត្ថបទដោយ៖ កញ្ញា កៅ សុផានីត)