ភ្នំពេញ៖ លោក អ៊ឹម វណ្ណៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានតម្រូវឲ្យមន្រ្តីអនុរក្សពន្ធនាគារព្រៃស នាំខ្លួនឧកញ៉ា សង ថន មកសាកសួរបន្ថែម ពាក់ពព័ន្ធសំណុំចំនួន៤ ករណីទិញលក់ដីរដ្ឋនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ការនាំខ្លួនឧកញ៉ា សង ថន មកសាកសួរបន្ថែមនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ប្រយោជន៍បិទការស៊ើបអង្កេត ដើម្បីឈានទៅដាក់ការជំនុំជម្រះតែម្ដង។ក្រោយពីសាកសួររួចរាល់ហើយ អនុរក្សពន្ធនាគារបាននាំខ្លួនឧកញ៉ា សង ថន ទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃសវិញ នាល្ងាចថ្ងៃដដែលនេះ។

សូមរំលឹកថា កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ ចៅក្រមស៊ើបសួរ បានតម្រូវឲ្យមន្រ្តីអនុរក្សពន្ធនាគារ នាំខ្លួនឧកញ៉ា សង ថន មកសាកសួរម្តងរួចមកហើយ លើសំណុំរឿងចំនួន៤ករណីនេះ ប៉ុន្តែទំនងសួរមិនទាន់អស់សេចក្តី ទើបតម្រូវឲ្យនាំឧកញ៉ាមកសាកសួរបន្ថែម ម្ដងទៀត។

ឧកញ៉ា សង ថន មានអាយុប្រមាណ៧០ឆ្នាំ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការចោទប្រកាន់ចំនួន៤បទល្មើសរួមមាន៖ ១- បទប្រើប្រាស់ឯកសារសាធារណៈក្លែង, ២-បទផ្តើមគំនិតក្នុងបទបំផ្លិចបំផ្លាញដោយចេតនា, ៣-បទគៃបំបាត់ដោយទុច្ចរិត និង៤-បទសូកប៉ាន់តាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

ក្រោយពីតំណាងអយ្យការចោទប្រកាន់ផ្លូវការហើយ ឧកញ៉ា សង ថន ត្រូវបានចៅក្រមស៊ើបសួរសម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារព្រៃសបណ្ដោះអាសន្ន កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ រួមជាមួយជនជាប់សង្ស័យម្នាក់ទៀត ឈ្មោះ ស៊ូ អារ៉ាហ្វាត់ អតីតជាអភិបាលរងខេត្តបាត់ដំបង ដោយជាប់ចោទពីបទបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត និងបទស៊ីសំណូក។

ជនសង្ស័យទាំង២នាក់ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួនជាបន្តបន្ទាប់តាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ក្នុងនោះឧកញ៉ា សង ថន មានដីប្រមាណ៥ពាន់ហិកតា ស្មើនឹង១ភាគ៤នៃផ្ទៃដីស្រុកគាស់ក្រឡ ខេត្តបាត់ដំបង៕