ខេត្តកំពង់ស្ពឺ៖ បុរស៣នាក់ ខណៈដែលកំពុងជុំគ្នា ត្រូវកម្លាំងប៉ូលិសចេញល្បាតប្រទះឃើញ ក៏ឈប់សាកសួរ ស្រាប់តែពេលនោះ បុរសម្នាក់ក្នុងចំណោះនោះ បានស្ទុះមកដាល់សមត្ថកិច្ច១ដៃចំផ្ទៃមុខ បណ្តាលឲ្យដួលដាច់ផ្ងារសន្លប់ឈឹង តែយ៉ាងណា ជនដៃដល់ត្រូវកម្លាំងសមត្ថកិច្ចធ្វើការចាប់ខ្លួននាំមកសាកសួរ ក៏បែកធ្លាយបទល្មើសជាច្រើនទៀត។

ចាប់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើង កាលពីវេលាម៉ោង៥និង៣០ នាទី ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិចំរើនផល ឃុំពោធិម្រាល ស្រុកបរសេដ្ឋ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យដែលដាល់កម្លាំងសមត្ថកិច្ច ឈ្មោះ នូ សារ៉េត ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅមូលដ្ឋានខាងលើ ។ ចំណែក គ្នីគ្នាជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនបាន មានឈ្មោះ ម៉ន សុភាក់ ភេទប្រុស អាយុ២៥ឆ្នាំ ដកហូតចម្ពាមកៅស៊ូ១ និងគ្រាប់ថ្មមួយចំនួន ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេ និងបក្ខពួកបានប្រើប្រាស់គ្រឿងញៀន។ កន្លងមក ពួកគេតែងធ្វើសកម្មភាពគប់ និងបាញ់ កញ្ចក់រថយន្ដរបស់អ្នកដំណើរជាញឹកញាប់ ព្រមទាំងបានប្រព្រឹត្តបទល្មើសផ្សេងទៀតផងដែរ។

ជនសង្ស័យត្រូវកម្លាំងសមត្ថកិច្ចបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាល ស្រុកបរសេដ្ឋ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់។ ចំណែកបក្ខពួកផ្សេងទៀត សមត្ថកិច្ចកំពុងតាមប្រមាញ់ចាប់ខ្លួន មកផ្តន្ទាទោសតាមច្បាប់៕