រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១​ បានចេញសេចក្ដីប្រកាសព័ត៌មានថា ក្រសួងបានប្រកាសរកឃើញពលករខ្មែរម្នាក់ ​ទើបត្រឡប់មកពីប្រទេសថៃ​ឆ្លងជំងឺកូវីដ-១៩ ហើយនៅកម្ពុជាក៏​មិនមានករណីជាព្យាបាលសះស្បើយថ្មីពីជំងឺកូវីដ-១៩  ដែរ។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា ពលករខ្មែរដែលរកឃើញឆ្លងកូវីដ-១៩ថ្មីនោះ គឺគាត់ទើបនឹងវិលត្រឡប់មកពីប្រទេសថៃ។ បុរសម្នាក់នេះ មាន​អាយុ២៨ឆ្នាំ ស្នាក់នៅផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ហើយគាត់បានមកដល់កម្ពុជា នៅថ្ងៃទី​២ ខែមករា ឆ្នាំ២០២១។ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។

បើគិតមកដល់វេលា​ម៉ោង៧ព្រឹក ថ្ងៃទី​៦ ខែមករា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សុរប ៣៨៣ នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកព្យាបាល​ជាសះស្បើយ ចំនួន ៣៦២ នាក់ ហើយអ្នកជំងឺចំនួន២១នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យរបស់រដ្ឋ៕