រាជធានីភ្នំពេញ៖ បន្ទាប់ពីមានបណ្តាញសារព័ត៌មានមួយចំនួន និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បានផុសនិងផ្សព្វផ្សាយថា ឃាតករ ដែលបានបាញ់សម្លាប់មន្ត្រីនគរបាល ក្នុងបញ្ហាទំនាស់គ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ជាយោធិននៅក្នុងបញ្ជាការដ្ឋានទ័ពសេស ដែលជាអតីតកងពលតូចទ័ពពិសេសឆត្រយោង ៩១១ គឺជាព័ត៌មានមិនពិតទេ ហើយនៅយប់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ បញ្ជាការដ្ឋានទ័ពពិសេស បានចេញលិខិតបដិសេធ និងបញ្ជាក់ថា ខ្មាន់កាំភ្លើងខាងលើ ពុំមែនជាយោធិន នៅក្នុងបញ្ជាការដ្ឋានទ័ពសេស ដែលជាអតីតកងពលតូចទ័ពពិសេសឆត្រយោង ៩១១ នោះទេ។

ក្នុងលិខិត បញ្ជាការដ្ឋានកងទ័ពពិសេស បានព្រមានថា «បើសិនជានៅតែមានម្ចាស់ Facebook ណា បន្តផ្សព្វផ្សាយព័ត៌មានមិនពិត ដែលគ្មានប្រភពជាក់លាក់ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់យើងខ្ញុំ យើងខ្ញុំទាំងអស់គ្នា ជានាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងបញ្ជាការដ្ឋានទ័ពពិសេស សូមប្តឹងដល់ក្រសួងមានសមត្ថកិច្ច ពិសេសសមត្ថកិច្ចផ្នែកព័ត៌មានវិទ្យា វែកមុខរកម្ចាស់គណនី Facebook នោះ យកមកផ្តន្ទាទោស ចំពោះមុខច្បាប់ជាធរមាន»។

ការផ្សព្វផ្សាយដូច្នេះ ត្រូវបានបញ្ជាការដ្ឋានកងទ័ពពិសេស ចាត់ទុកថា ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសអង្គភាពកងទ័ពពិសេស។ ហេតុនេះ បញ្ជាការដ្ឋានកងទ័ពពិសេស សូមឲ្យម្ចាស់ Facebook ទាំងនោះ កែតម្រូវព័ត៌មាននោះជាថ្មីឡើងិវញ ហើយរង់ចាំសមត្ថកិច្ចជំនាញ ស្រាវជ្រាវចាប់ជនល្មើសយកមកផ្តន្ទាទោសទៅតាមច្បាប់។

នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចចម្រុះ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានចុះទៅពិនិត្យ និងស្រាវជ្រាវផ្ទះលេខB9 ផ្លូវបេតុងបុរី ទឹម សាខន ស្ថិតនៅក្នុងភូមិតាកេរ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលផ្ទះនោះ ត្រូវបានគេអះអាងថា ជាផ្ទះរបស់ជនដៃដល់ បន្ទាប់ពីបក្ខពួកម្នាក់ ត្រូវបានចាប់ខ្លួន នៅខេត្តបាត់ដំបង។ រីឯប្រពន្ធ និងកូនបុរសសង្ស័យ ជាឃាតករ ត្រូវបានប៉ូលិសឃាត់ខ្លួន នៅខេត្តមណ្ឌលគិរី។ ចំណែកជនសង្ស័យជាឃាតករ បានរត់ចូលព្រៃបាត់ ដោយកម្លាំងសមត្ថកិច្ចចម្រុះកំពុងតែតាមប្រមាញ់ចាប់ខ្លួន។

សូមបញ្ជាក់ថា មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញម្នាក់ ត្រូវពីខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបាញ់ចំនួន៩គ្រាប់ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់ ផ្តើមចេញពីទំនាស់គ្រោះថ្នាក់ចរាចរណ៍។ ករណីឃាតកម្មនេះ បានកើតឡើង និងបង្កការភ្ញាក់ផ្អើល កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៉ី ត្រង់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះមានឈ្មោះ រ៉េត ស៊ីណាត មុខរបរជាមន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

សាក្សីបានឲ្យដឹងថា មុនកើតហេតុ គេបានឃើញជនដៃដល់ដែលជាខ្មាន់កាំភ្លើង បានជិះរថយន្ត១គ្រឿងម៉ាក ឡិចស៊ីស RX300 ពណ៌ខ្មៅ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៉ី លុះជិះមកដល់ចំណុចកើតហេតុ បានបុកពីក្រោយរថយន្ត Ford Rapter របស់ជនរងគ្រោះ បណ្តាលឲ្យបែកស្តុបខាងក្រោយ បន្តាប់ពីបុកហើយភាគីទាំងពីរ ក៏បានបើករថយន្តចូលខាង ដើម្បីសម្របសម្រួលគ្នា ។

ប្រភពបន្តថា បន្ទាប់ពីសម្រួលគ្នាអស់រយៈពេលជិតកន្លះម៉ោងមិនត្រូវគ្នា ស្រាប់តែមួយសន្ទុះក្រោយមកទៀតជនសង្ស័យបាន ដើរទៅឡានទាញកាំភ្លើងយកមកបាញ់ជនរងគ្រោះ តែម្តងដោយត្រូវចំក្បាល និងដងខ្លួនបណ្តាលឲ្យស្លាប់បាត់បង់ជីវិតនៅកន្លែង។ ចំណែកជនដៃដល់បានបើករថយន្តគេចចេញពីកន្លែងកើតហេតុ បាត់ស្រមោល។ ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះអន្តរាគមន៍ រកឃើញសំបកគ្រាប់កាំភ្លើងចំនួន៩គ្រាប់ នៅកន្លែងបាញ់តែប៉ុណ្ណោះ។ ចំណែក សពជនរងគ្រោះបានប្រគល់ជូនសាច់ញាតិ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕