រាជធានី​ភ្នំពេញ៖ ក្រោយពេលកើតមានករណី​បាញ់​​សម្លាប់យ៉ាងសាហាវឃោរឃៅលើលោកនាយ​រង​កា​រិ​យាល័យនគរបាលព្រហ្មទណ្ឌ​កម្រិត​ស្រាល ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​​រួច​មក ​កម្លាំង​នគរបាលជំនាញ បាន​បើក​ការ​ស្រាវជ្រាវ ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​បក្ខពួក ប្រពន្ធ​ និង​បងប្អូន​សាច់ថ្លៃ​របស់​ជន​ដៃដល់​ជា​បន្ត​​បន្ទាប់​ ហើយនៅព្រឹក ថ្ងៃទី៥ ខែមករា​ ឆ្នាំ២០២១នេះ សមត្ថកិច្ចចម្រុះបានបន្ដចុះឆែកឆេរផ្ទះរបស់ជនសង័្សយ (ផ្ទះលេខ​​លេខ ​B9) ផ្លូវ​បេតុង​បុរី​ទឹម សា​ខន ស្ថិត​​ក្នុងភូមិ​តា​កេរ សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល​​។

មន្រ្ដី​នគរបាលខណ្ឌកំបូល ​បាន​​ឲ្យ​ដឹង​ថា ការ​ចុះ​ទៅ​ពិនិត្យ​ផ្ទះ​របស់​ជន​ដៃដល់​ខាងលើនេះ ​គឺ​ដើម្បី​ស្វែងរក​វត្ថុ​តាង​ផ្សេង​ៗ​បន្ថែម​ទៀត ​រួម​ទាំង​កាំភ្លើងខ្លី​ដែល​ជន​នោះ បាន​ប្រើប្រាស់​ក្នុង​ការ​បាញ់​​សម្លាប់​​​លោក ​រ៉េ​ត ស៊ី​ណែ​ត​ នាយ​រង​កា​រិ​យាល័យនគរបាលព្រហ្មទណ្ឌ​កម្រិត​ស្រាល ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​។ ម្យ៉ាងទៀត សមត្ថកិច្ចខ្លាច​ជនសង័្សយ​លាក់​ទុកអ្វីវត្ថុតាងអ្វីផ្សេងទៀត នៅ​ក្នុងផ្ទះ​មួយ​នេះ។

មន្រ្ដី​នគរបាលខណ្ឌកំបូល ​បាន​​បន្ថែមថា ​​ក្រោយ​ពេល​​​​​​ពិនិត្យ​ជាក់ស្តែង​ គឺ​ផ្ទះ​របស់​ជនសង្ស័យ​​បាន​ចាក់សោទុក​ចោល​ គ្មាន​មនុស្ស​នៅឡើយ ហើយ​​​ការឆែកនេះក៏​មិនឃើញ​មានអ្វី​ដែរ។ បន្ទាប់មក​​ គណៈកម្មការ​ចម្រុះ​ ក្រោម​ការ​ដឹកនាំ ​ដោយ​លោក​ព្រះរាជអាជ្ញា​អម​អយ្យការ​សាលាដំបូងរាជធានី​ភ្នំពេញ បាន​សម្រេច​ឃ្លុំបេ​ចាក់សោ​ផ្ទះ​ទុក ​រួច​ប្រគល់​ទៅ​ឲ្យ​អាជ្ញាធរ ​និង​សមត្ថកិច្ច​មូលដ្ឋាន តាម​ឃ្លាំមើល​បន្ត​ទៀត។ ប៉ុន្ដែបើ​មាន​អ្វី​ប្លែក​ត្រូវ​រាយការណ៍​ជូន​ថ្នាក់លើ​ភ្លាម ​ដើម្បី​មាន​ចំណាត់ការ​បន្ត​ទៀត​។

សូមជម្រាបថា  កាលពីវេលា​ម៉ោង​១២ ​និង​៥​នាទី​យប់​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០២០ មានករណីបាញ់ប្រហារគ្នាមួយ នៅតាម​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ត្រង់​ចំណុច​មុខ​ផ្ទះសំណាក់​​«​សាំង​ហ័​រ​ទៀន​» ទល់មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ស្ថិត​​​ក្នុងភូមិ​ក្បាលដំរី​ទី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ នៅក្នុងហេតុការណ៍នោះ ក្រុមជនដៃដល់ បានបាញ់ប្រហារ​ទៅលើ​នាយ​រង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ម្នាក់ បណ្តាល​ឱ្យស្លាប់មួយរំពេច ។ ករណីឃាតកម្មយ៉ាងសាហាវឃោរឃៅនេះ បានផ្ដើម​​ចេញពី​រឿង​គ្រោះថ្នាក់​ចរាចរណ៍​។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ក្រុមជនដៃដល់ បានជិះ​រថយន្ត​ម៉ាក ​Lexus RX-300 ពណ៌​ខ្មៅ​១​គ្រឿង ពាក់​ស្លាក​លេខ ​សៀមរាប 2A-4546 បានបើកបុកគូទ​រថយន្ត​ម៉ាក FORD Raptor F-150 ពណ៌​ស ពាក់​ស្លាក​លេខ ​ភ្នំពេញ 2BD-3738 របស់​ជន​រង​គ្រោះ​ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត ហើយពួកគេ​ប្រុង​គេចខ្លួន ប៉ុន្ដែ​​ជន​រង​គ្រោះ​បានដក​កាំភ្លើង​ភ្ជង់​ឲ្យ​ឈប់ ។ ​ស្របពេល​ជន​រង​គ្រោះ​ភ្លេចខ្លួន ស្រាប់តែ​​ជន​ដៃដល់ បាន​ដក​កាំភ្លើង​បាញ់​​ជាច្រើនគ្រាប់​ រួចហើយ​គេច​ខ្លួន​បាត់​តែ​ម្ដង​។

ប្រភពព័ត៌មានដដែល បានបន្ដថា  ជន​រង​គ្រោះ​ឈ្មោះ​រ៉េ​ត ស៊ី​ណែ​ត ហៅ​ញ៉​ក់ អាយុ​៣៩​ឆ្នាំ​ ជា​មន្ត្រី​នគរបាល​មាន​ឋានន្តរស័ក្ដិ​វរសេនីយ៍ទោ និងមានតួនាទីជានាយ​រង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​១៦៩ ផ្លូវ​លេខ​១៦៩ ភូមិ​៤ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ​។ ជនរងគ្រោះ ត្រូវ​បាន​ជន​ដៃដល់​​​បាញ់​ត្រូវ​ខ្នង ចំនួន​៣​គ្រាប់ ​និង​ថ្ងាស​១​គ្រាប់ ​បណ្ដាលឲ្យបាត់បង់ជីវិត​ ខណៈ​​បញ្ជូន​ទៅ​សង្គ្រោះ​ដល់​មន្ទីរពេទ្យ ។

ប្រភពព័ត៌មានដដែល បានបន្ដថា បន្ទាប់​មកកម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បានសហ​ការ​​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បើក​ការ​ស្រាវជ្រាវ រហូត​កំណត់​បាន​មុខសញ្ញា​ជន​ដៃដល់​។ លុះមកដល់​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០២១ ទើប​​កម្លាំង​សមត្ថកិច្ចចម្រុះ សហការជាមួយនឹងកម្លាំងស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ កែ ចាន់​មាន ​​(ជា​អ្នក​បើក​រថយន្ត) នៅ​​​ផ្ទះ​ជួល​ជិត​ប​ច្ឆា​វត្ត​ទួល​តា​ឯក ស្ថិត​ក្នុងភូមិ​អូរ​តា​គាំ​១ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង។  បន្ទាប់​មក​កម្លាំង​នគរបាល​បាន​តាម​ចាប់​ជន​ដៃដល់​បន្ត​ទៀត ហើយ​កាលពី​វេលា​ម៉ោង​៩ និង​៥០​នាទី​យប់​ថ្ងៃ​ទី​៤ ខែមករា ជន​ដៃដល់​បាន​បើករថយន្ត​ចេញពី​ខេត្តស្ទឹងត្រែង ឆ្ពោះទៅ​កាន់​ខេត្ត​រតនគីរី ហើយ​បន្ត​ចូល​ទៅ​កាន់​ខេត្ត​មណ្ឌល​គិ​រី។ ប៉ុន្ដែនៅពេលជនសង័្សយ​​ទៅ​ដល់​ស្រុក​កោះ ញែក  ក៏បាន​បើករថយន្ត​បំ​បុកបា​រ៉ា​ស់​សមត្ថកិច្ច ហើយរត់គេច​ចូល​ព្រៃ​បាត់។ ​ប៉ុន្តែពេល​នោះ​កម្លាំង​បាន​ឃាត់ខ្លួន​ស្ត្រី​២​នាក់ ​និង​ក្មេង​ម្នាក់​ដែល​ត្រូវជា​ប្រពន្ធ​ កូន​ និង​ប្អូន​សាច់ថ្លៃរបស់ជនសង្ស័យ៕