ភ្នំពេញ៖ កាលពីម្សិលមិញ លោកស្រីហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតរបស់សម្ដេចតេជោ ហ៊ុនសែន បានបង្ហោះសារមួយតាមបណ្ដាញសង្គម facebook គួរឱយភ្ញាក់ផ្អើល យ៉ាងដូច្នេះថា៖ ខ្ញុំសូមជម្រាបបងប្អូន កូនក្មួយ មិត្តរួមហ្វេសប៊ុកជាទីស្រលាញ់ ជួយមើល តើមុខមីមួយហ្នឹងវាមកសុំទោសខ្ញុំដល់ផ្ទះ រួមទាំងធ្វើលិខិតថែមទៀត តែអនិច្ចាមីមមាចនេះ វាឡាយថា ខ្ញុំដកពាក្យបណ្ដឹងវា។ នេះហើយ បានជាខ្ញុំស្អប់អាវប្បធម៌អន្ដរាគមន៍ អញ្ចឹងបានជាមីមមាចនេះវាឡើងចាង៕

នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២១នេះ អ្នកនាងម៉េង កែវពេជ្ជតា បានបង្ហោះសារលើហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា៖ យប់មិញ ខ្ញុំសម្រាកមិនលក់ទេ, ព្រោះតែការហួសចិត្តនឹងព័ត៌មានកាឡៃពាក្យសម្តីខ្ញុំ ។ អ្វីដែលខ្ញុំនិយាយកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ មិនបានសំដៅលើលោកជំទាវមីងសោះ ខ្ញុំមានទាំងវីដេអូច្បាស់ៗ គ្រប់គ្នាដែលទស្សនាការឡាយ ក៏អាចធ្វើជាសាក្សីបាន..! ។ ខ្ញុំនិយាយតែពីអ្នកផ្សេង ខ្ញុំក៏មិនបានមានចរិតអំនួតអ្វីដែរ តែពាក្យខ្លះ គឺខ្ញុំចង់ផ្ញើទៅមនុស្សប្រុសម្នាក់ដែលខ្ញុំប្តឹង ព្រោះតែចូលមកជេរខ្ញុំក្នុងការឡាយរបស់ខ្ញុំ គឺដើម្បីចង់ប្រាប់ថា កុំឲ្យម្នាក់នោះប៉ះពាល់ខ្ញុំទៀតតែប៉ុណ្ណោះ។ ប៉ុន្តែព័ត៌មានចុះផ្សាយនិយាយផ្សេងទៅវិញ គួរឲ្យហួសចិត្ត។

អ្នកនាងម៉េង កែវពេជ្ជតា បន្តថា យប់មិញ ដើម្បីកុំឲ្យមានការយល់ច្រឡំ នាងខ្ញុំក៏បានចេញមកឡាយបកស្រាយ ថែមទាំងធ្វើការសុំទោសលោកជំទាវមីងជាច្រើន ក្រោយពីខ្ញុំទទួលបានដំណឹងភ្លាម។ ខ្ញុំសូមបញ្ជាក់ជូនម្ដងហើយម្ដងទៀតថា ខ្ញុំគ្មានគំនិតអាក្រក់ណាមួយចង់ឲ្យលោកជំទាវមីងអាប់ឱនកិត្តិយសទេ។ ខ្ញុំបានទទួលការអភ័យទោសពីលោកជំទាវកាលណោះ គឺជាគុណបុណ្យណាស់ទៅហើយ ដូច្នេះគ្មានប្រយោជន៍អីដែលខ្ញុំត្រូវមកធ្វើអាក្រក់លើលោកជំទាវមីងនោះទេ ខ្ញុំក៏ស្រឡាញ់គោរពលោកជំទាវរហូតមកដែរ ខ្ញុំគ្មានថ្ងៃធ្វើបាបចិត្តលោកជំទាវទេ មានតែការពារ គ្រាន់តែគិតបន្តិច ក៏យល់។

ព្រះសង្ឃមួយអង្គ ប្រើគណនីហ្វេសប៊ុក Chhun Bann បានខមិនមកលោកស្រីហ៊ុន ស៊ីណាត ថា៖ ញោមស្រី សូមញោមមេត្តាលើកលែងទោសដល់គាត់ផង គាត់សុំទោសញោមរួចហើយ ហើយគាត់នៅតែរក្សាការគោរពចំពោះញោម និងគ្មានចេតនាណាមួយប្រមាថមើលងាយញោមទេ។ ចិត្តមេត្តាជាលង្ការរបស់មនុស្សគ្រប់គ្នា អាត្មាភាពឃើញញោមបានបំពេញបុណ្យកុសល និងជួយដល់ប្រជាជនយើងច្រើនណាស់ សូមញោមដាក់ចិត្តបន្ទិច ខន្តី អត់ទោសដល់គាត់ផង។ គាត់ឡាយយប់មេញ គាត់មិនបាននិយាយពាក្យណាមួយប៉ះពាល់ដល់ញោមទេ សូមញោមមេត្តាលើកលែងអោយគាត់ផង អ្នកសរសេរពត៌មានអាចស្តាប់មិនអស់ពាក្យគាត់បរិយាយ ដូច្នេះនាំឲ្យមានការយល់ច្រឡំ អាស្រ័យហេតុនេះសូមញោមលើកលែងអោយគាត់ និងជួយរកអ្នកសរសេរញុះញុងនោះផងញោម។ ព្រះពុទ្ធសម្តែងថា ការមិនបៀតបៀនគ្នាជាសេចក្តីសុខក្នុងលោក។ សូមញោមស្រីជួបប្រទះតែសេចក្តីសុខរហូត ហើយសង្ឃឹមថាញោមនិងលើកលែងជូនអ្នកនាងពេជ្ជតា ម្តងទៀត ដោយអនុគ្រោះ ដូចជាកូនចៅ។

លោកស្រីហ៊ុន ស៊ីណាត បានតបទៅគណនីហ្វេសប៊ុក Chhun Bann វិញថា៖ ហើយនៅវត្តណា ក៏សរសេរបានវែងឆ្ងាយម្ល៉េះ៕ ក្នុងបណ្ដឹង៤ មានតែមួយទេ ដកគឺខ្ញុំ ៣ទៀតគេមិនដកទេ៕ គណនីហ្វេសប៊ុក ច័ន្ទ សន្តិភាព បានឆ្លើយទៅលោកស្រីហ៊ុន ស៊ីណាត ថា៖ ព្រះតេជគុណChhun Bann គឺជាព្រះសង្ឃមួយដែលបានជួយសង្គម សហគមន៍ និងអ្នកក្រីក្រ និងជួយចិញ្ចឹមអប់រំកុមារកំព្រា។ ព្រះអង្គជាសាវកព្រះពុទ្ធដ៏ល្អផូរផង់ ព្រះអង្គជួយសង់ផ្ទះជូនអ្នកក្រីក្រ សង់អណ្តូងទឹក សង់ផ្លូវលំបាកសម្រាប់អ្នកភូមិ។ ព្រះអង្គគង់នៅវត្តដ៏ល្បីក្នុងក្រុងភ្នំពេញ។ តែគណនីហ្វេសប៊ុក ចៅចិត្ត ជាយដែន បានខមិនតបវិញថា៖ ព្រះសង្ឃ បើអាច និមន្តទៅរំងាប់ចិត្តព្រាយតារានោះអោយបានសឹនទៅ ព្រោះវាងងើលច្រើនដង់ហើយដាក់លោកជំទាវ។នេះវាព្រហើនធ្វើដាក់ប្អូននាយករដ្ឋមន្ត្រីបែបនេះ ទៅហើយ ចុះអ្នកល្មមៗវាជាន់ក៍ដកស្លាបទៅហើយទេអី។

ព្រះសង្ឃ Chhun Bannបានខមិនមកលោកស្រីហ៊ុន ស៊ីណាត ថា៖ ញោមស្រី! អាត្មាសព្វថ្ងៃគង់នៅវត្តអំពិលថ្កើង ជិតព្រៃរនាម ក្នុងខេត្តបាត់ដំបងញោម ហើយអាត្មាមិនយល់អំពីច្បាប់ទេ តែសូមចិត្តញោមមេត្តាដល់គាត់ផង ហើយបើអាត្មាសរសេរខុសឆ្គង សូមមេត្តាដល់អាត្មាផងដែរញោម ជាចុងក្រោយសូមជូនពរញោម និងកូនចៅ ព្រមទាំងមហាគ្រួសារខ្មែរ ជួបប្រទះតែសេចក្តីសុខរហូត និងជួបតែពុទ្ធមង្គលពរទាំងឡាយបួនប្រការគឺ អាយុ: វណ្ណ: សុខ: និងពល:កុំបីខាន់៕