ស្បែករបស់អ្នកគឺជាសរីរាង្គសំខាន់បំផុតមួយនៃរាងកាយរបស់អ្នក។ តាមពិតវាជាសរីរាង្គធំជាងគេ ហើយក៏ជាសរីរាង្គមួយដែលមនុស្សគ្រប់គ្នាអាចមើលឃើញដោយផ្ទាល់ភ្នែកបាន។ ដូច្នេះ នៅពេលអ្នកញ៉ាំអាហារមិនល្អ ឬមិនបានគេងគ្រប់គ្រាន់ស្បែករបស់អ្នកនឹងបង្ហាញភ្លាមៗ ដោយលេចចេញនូវភាពមិនប្រក្រតី។ ខាងក្រោមនេះគឺជាបញ្ជីឈ្មោះនៃប្រភេទអាហារដែលមិនល្អសម្រាប់ស្បែករបស់អ្នក៖

១. អាហារកែច្នៃ
ត្រូវហើយអាហារកំប៉ុងពិតជាធ្វើឱ្យជីវិតរបស់យើងមានភាពងាយស្រួលនិងជួយឱ្យយើងចំអិនម្ហូបបានលឿន។ ទោះយ៉ាងណាក៏ដោយអ្នកត្រូវដឹងថាភាគច្រើននៃអាហារកែច្នៃទាំងនេះមានផ្ទុកនូវសារធាតុបន្ថែមនិងសារធាតុដែលធ្វើឳ្យអាហាររក្សារទុកបានយូរ នៅពេលលោកអ្នកទទួលច្រើនវានឹងបង្កើតជាតិស្ករនៅក្នុងខ្លួននិងបណ្តាលឱ្យកើតមុនទៀតផង។ អាហារបែបនេះក៏ធ្វើឱ្យស្បែករបស់អ្នកប្រែជាស្រអាប់និងគ្មានសំណើមដោយសារតែខ្វះសារធាតុចិញ្ចឹមនៅក្នុងខ្លួន។

២- ជាតិកាហ្វេអ៊ីន
ទោះបីជាមានគេនិយាយថា ការផឹកកាហ្វេនៅពេលព្រឹកជួយកាត់បន្ថយភាពងងុយគេងនិងធ្វើឱ្យអ្នកមើលទៅមានអារម្មណ៍ស្រស់ថ្លា ប៉ុន្តែការទទួលទានកាហ្វេអ៊ីនជារៀងរាល់ថ្ងៃពិតជាមិនល្អសម្រាប់ស្បែករបស់អ្នកនោះទេ។ វាធ្វើឱ្យស្បែករបស់អ្នកខ្សោះជាតិទឹកនិងបណ្តាលឱ្យ ស្ងួត។ លើសពីនេះទៅទៀតវាធ្វើឱ្យស្បែករបស់អ្នកមើលទៅស្រអាប់និងគ្មានជីវិត។

៣. ជាតិស្ករ
ការទទួលទានជាតិស្ករច្រើនពេកបណ្តាលឱ្យតុល្យភាពនៃរាងកាយប្រែជាស្រអាប់ហើយនាំឱ្យមានការកើតមុន។ អ្នកត្រូវតែកាត់បន្ថយការប្រើប្រាស់ស្កររបស់អ្នកប្រសិនបើអ្នកចង់បានស្បែកស្អាត។ ប្រសិនបើអ្នកចូលចិត្តចំណីអាហារផ្អែមៗ អ្នកអាចទទួលទានអាហារធម្មជាតិជំនួសវិញដូចជាផ្លែឈើ ទឹកផ្លែឈើស្រស់ និងទឹកដូងជាដើម។

៤. អាហារសម្រន់ជាប្រភេទកញ្ចប់
អំបិលនិងសារធាតុផ្សេងទៀតដើម្បីរក្សាអាហារទុកបានយូរគឺមានច្រើននៅក្នុងអាហារសម្រន់ប្រភេទកញ្ចប់នេះ។ អាហារប្រភេទទាំងនេះនាំឱ្យបាត់បង់ជាតិទឹកនៅក្នុងខ្លួននិងថែមទាំងបង្កបញ្ហាស្នាមជ្រួញទៀតផង។ អ្នកត្រូវចៀសវាងការទទួលទានអាហារបែបនេះឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ជាពិសេសការទទួលទានជាតិអំបិលច្រើនពេកគឺមិនល្អសម្រាប់រាងកាយរបស់អ្នកឡើយ។

៥. អាហារញ៉ាំបានភ្លាមៗ (Fast Food)
អាហារញ៉ាំបានភ្លាមៗដូចជាប៉ាស្តា នំភីហ្សា នំបារាំងបំពងជាដើម។ ពួកគេមិនត្រឹមតែបន្ថែមទំងន់ដល់លោកអ្នកប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបង្កបញ្ហានៅក្នុងចរន្តឈាមនិងបង្កើនកំរិតកូលេស្តេរ៉ុលទៀតផង ដូចនេះស្បែករបស់អ្នកច្បាស់ជាសំបូរទៅដោយជាតិខ្លាញ់ដែលនាំឱ្យមានបញ្ហាស្បែកផ្សេងៗជាក់ជាមិនខាន។ មនុស្សជាច្រើនមានការយល់ច្រឡំថា ពួកគេអាចធ្វើអោយស្បែកដែលខូចរបស់ពួកគេវិលត្រលប់មកវិញដោយការទទួលថ្នាំនិងផលិតផលថែរក្សាសម្រស់ផ្សេងៗទៀត។ទោះយ៉ាងណាក៏ដោយវាចាំបាច់ណាស់សម្រាប់ពួកគេក្នុងការយល់ដឹងអំពីប្រភេទអាហារូបត្ថម្ភប្រភេទណាដែលអាចធ្វើអោយស្បែករបស់ពួកគេមានសុខភាពល្អ ហើយអ្នកនឹងមើលទៅក្មេងជាងមុនដោយមិនបាច់ប្រើថ្នាំឬផលិតផលផ្សេងនោះទេ៕