ការអាន គឺទទួលបានចំណេះដឹងច្រើនជួយលើកស្ទួយប្រាជ្ញាស្មារតីគិតបានស៊ីជម្រៅ និងបង្កើនចំណេះដឹងផ្នែកអក្សរសាស្ត្រស្គាល់ពាក្យចាស់ពាក្យថ្មីកាន់តែច្រើនហើយអាចយក មកប្រើក្នុងការនិយាយ និងការសរសេរបានកាន់តែល្អ។ ម្យ៉ាងវិញទៀត ការអានធ្វើឲ្យអ្នកមាន អារម្មណ៍រីករាយព្រោះវាជាផ្នែកមួយនៃការកម្សាន្តផងដែរ។ តែផ្ទុយទៅវិញ មនុស្សភាគច្រើន មិនចូលចិត្តអានទេហើយប្រសិនជាអានក៏មិនសូវយល់ពីរបៀបនៃការអានសៀវភៅនោះដែរ។ តើគួរអានដោយរបៀបណាទើបមានប្រសិទ្ធភាព?

ទី១) ជ្រើសរើសសៀវភៅ៖ អ្នកត្រូវតែសួរខ្លួនឯងថាសៀវភៅប្រភេទណាដែលអ្នកចូលចិត្តអាន អ្នកចង់ដឹងចង់ឃើញ និងគិតថា វាមានប្រយោជន៍សម្រាប់អ្នក។ ហើយក៏ត្រូវមើលកាលបរិច្ឆេទ និងឈ្មោះអ្នកនិពន្ធផងដែរថាតើ អ្នកនិពន្ធ នោះមានឈ្មោះល្បីឬទេ? ស្នាដៃនិពន្ធរបស់គាត់ មានអ្នកទទួលស្គាស់ច្រើនដែរឬអត់?

ទី២) អានមាតិកា និងសេចក្តីផ្តើម៖ មុននឹងចាប់ផ្តើមអានសៀភៅអ្នកត្រូវតែអានមាតិកា និង សេចក្តីផ្តើមនៃសៀវភៅនោះថាតើក្នុងមាតិកា និងសេចក្តីផ្តើមនោះមានចំណុចដែលអ្នកចង់ដឹងឬ ចាប់អារម្មណ៍ដែរឬទេ? ប្រសិនជាអ្នកចាប់អារម្មណ៍សឹមយកមកអានបន្តទៀត។

ទី៣) ត្រូវមានវចនានុក្រម៖ នៅពេលចាប់ផ្តើមអានសៀវភៅគឺត្រូវមានវចនានុក្រមជាប់ខ្លួន ដើម្បីពិនិត្យមើលពាក្យដែលអ្នកមិនចេះ ឬមិនយល់ពីអត្ថន័យនៃពាក្យនោះ។

ទី៤) ត្រូវមានខ្មៅដៃ ឬប៊ិក៖ ពេលកំពុងអានត្រូវមានខ្មៅដៃ ឬប៊ិកដើម្បីទុកគូសចំណុចសំខាន់ៗ គូសពាក្យដែលអ្នកមិនចេះឬមិនយល់ និងគូសជាសញ្ញាសម្គាល់អ្វីមួយ។

ទី៥) ចេះឆ្ងល់និងចោទជាសំណួរ៖ ពេលកំពុងអានប្រសិនជាអ្នកមិនយល់ត្រូវចេះឆ្ងល់ និង ចោទជាសំណួរហើយព្យាយាមស្វែងយល់ និងរកចម្លើយតាមរយៈការអានរបស់អ្នក។ ម្យ៉ាងទៀតប្រសិនជាឆ្ងល់ហើយនៅតែរកចម្លើយមិនឃើញទៀតអ្នកត្រូវធ្វើការស្រាវជ្រាវ ក្នុងសៀវភៅផ្សេង ឬទុកសួរអ្នកដទៃទៀត។

ទី៦) សង្ខេបខ្លឹមសារ៖ បន្ទាប់ពីអានរួចហើយអ្នកត្រូវសង្ខេបយកចំណុចសំខាន់ថា តើគេចង់បង្ហាញពីអ្វី? គេចង់ ផ្ដល់ចំណេះដឹងអ្វីខ្លះ? ហេតុអ្វីបានជាគេហ៊ានអះអាង ឬបកស្រាយយ៉ាង ដូច្នេះ? ជាពិសេសអ្នកត្រូវ សង្ខេបយកខ្លឹមសារសំខាន់ៗទាំងនោះដើម្បីយកទៅពន្យល់ដល់ អ្នកដទៃឲ្យពួកគេអាចយល់ដូចអ្វីដែលអ្នកបានអានសៀភៅនោះផ្ទាល់៕