រាជធានីបាងកក៖ នាយករដ្ឋមន្រ្តីថៃ ​កាលពីថ្ងៃ​ទី២២ ខែធ្នូ ឆ្នាំ២០២០ បានទម្លាក់កំហុសពីការផ្ទុះឡើង នៃករណីកូវីដ-១៩ ចូលក្នុងសហគមន៍ ជាលក្ខណៈទ្រង់ទ្រាយធំ ទៅលើជនចំណាកស្រុកខុសច្បាប់។

បើតាមសារព័ត៌មាន The Nation Thailand  បានផ្សាយ កាលពីថ្ងៃទី២២ ខែធ្នូ ថា លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្ដីថៃ បានថ្លែងទៅកាន់ប្រជាជាតិរបស់ខ្លួនថា លោកសុំឲ្យប្រជាពលរដ្ឋថៃ រួបរួមគ្នាជាកម្លាំងតែមួយ ដើម្បីយកជ័យជម្នះលើបញ្ហាវិបត្ដិកូវីដ-១៩ ដែលកំពុងតែផ្ទុះឡើងជាថ្មីនេះ។ ក្រៅពីនេះ​ លោកនាយករដ្ឋមន្រ្ដី​អាចនឹងប្រកាសវិធានសុវត្ថិភាពថ្មី នៅសប្តាហ៍នេះ នៅមុនការប្រារព្ធពិធីចូលឆ្នាំថ្មីចូលមកដល់។

លោកនាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា  ការផ្ទុះឡើង នៃវីរុសកូវីដ-១៩ នៅក្នុងខេត្តសាមុតសាខន រហូតដល់ជាង១០០០នាក់។ ករណីនេះអាច​បណ្តាលមកពីសកម្មភាពរត់ពន្ធមនុស្ស ចូលមកក្នុងប្រទេសថៃ ហើយរហូតមកដល់ពេលនេះ ថៃកំពុងស្ថិតក្នុងចំណោមប្រទេស មានអត្រាអ្នកទាបបំផុត នៅលើពិភពលោក។

លោកនាយករដ្ឋមន្រ្ដី បានថ្លែងតាមកញ្ចក់ទូរទស្សន៍ទៅកាន់ប្រជាជាតិថៃ​ថា ការផ្ទុះឡើង នៃការរាតត្បាតពីកូវីដ-១៩ចុងក្រោយ នៅខេត្តសាមុតសាខន នេះ  ភាគច្រើនបណ្តាលមកពី​ជនអន្តោប្រវេសន៍ខុសច្បាប់​ ។ ដូច្នេះក្រុម​ជួញដូរពលករចំណាកស្រុក ត្រូវតែលុបបំបាត់ ដោយមិនគិតពីមន្រ្តីរដ្ឋ ដែលពាក់ព័ន្ធនោះឡើយ។

បើតាមគេហទំព័រ Worldometer ចេញផ្សាយ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ថា ប្រទេសថៃ មានអ្នកឆ្លងកូវីដ-១៩ កើនដល់ ៥ ៧១៦នាក់ ស្លាប់៦០នាក់ ជាសះស្បើយ ៤ ០៧៨នាក់ អ្នកកំពុងសម្រាកព្យាបាល ១ ៥៧៩នាក់ និងអ្នកឈឺធ្ងន់ម្នាក់៕