រាជធានីភ្នំពេញ៖ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាបេក្ខនារីពាក់ស្លាកលេខ៩ រហូតមកដល់ពេលនេះ កំពុង​តែធ្វើឲ្យមហាជន ភ្ញាក់ផ្អើលកាន់ខ្លាំងឡើងជាមួយរូបសម្ផស្ស ដ៏ស្រស់ស្អាតរបស់នាង រួមជាមួយនឹងសមត្ថភាពរបសើនាង កាន់តែធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងឡើងថែមទៀត មុនថ្ងៃគ្រងមកុដ MISS CAMBODIA  2020 មកដល់។

កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បាននិងកំពុងតែធ្វើឲ្យមហាជនចាប់អារម្មណ៍​ខ្លាំងឡើងបន្ថែមទៀត ក្រោយពេលនាងទទួលបានពានរង្វាន់ កាន់ក្នុងដៃមួយរួចជាស្រេច នៅក្នុងថ្ងៃប្រកួតបឋមកាលពីរាត្រី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០។ ​កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏ត្រូវបានគេស្គាល់ថា ជាតារាសម្តែងស្រី និងបង្ហាញម៉ូដដ៏មានទេពកោសល្យម្នាក់ ហើយនាង​កំពុងសាងកេរ្ដិ៍ឈ្មោះបោះសំឡេង លេចធ្លោខ្លាំង នៅក្នុងកម្មវិធីប្រកួត និងមុនរាត្រីគ្រងមកុដ​។

កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី មានអាយុ២១ឆ្នាំ ​កម្ពស់ ១,៧៧ម៉ែត្រ មានស្រុកកំណើតនៅឯប៉ែកនិរតី (ខេត្តព្រះសីហនុ) នៃប្រទេសកម្ពុជា ហើយបច្ចុប្បន្ន នាងបានក្លាយជាតារាសម្តែង និងបង្ហាញម៉ូដផងដែរ។ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ធ្លាប់ចូលរួមសម្តែង ក្នុងភាពយន្តរឿងភាគ ភាពយន្តខ្លី និងភាពយន្តអប់រំមួយចំនួន ក្នុងតំណែងជាតួឯក មានដូចជា រឿង «ប្តីគេ» និង«ខ្មោចខ្លឹមត្រាច»ជាដើម។

ដោយសារតែរូបសម្ផស្ស និងទេពកោសល្យនេះហើយ ទើបកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានជាប់ពានកញ្ញាឯកថតរូបស្អាត ​ដោយស្វ័យប្រវត្តិ ​​ដើម្បីឲ្យនាងចូលទៅកាន់វគ្គ១២រូបចុងក្រោយ នៅក្នុងកម្មវិធីប្រកួតផ្តាច់ព្រ័ត្រ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៣ ខែធ្នូឆ្នាំ២០២០ខាងមុខនេះ។

ក្រៅពីទម្រង់មុខដ៏ប្រកបដោយការទាក់ទាញ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ​មានកម្ពស់ដ៏ខ្ពស់សមសួន គួបផ្សំជាមួយនឹងចំណេះដឹងដ៏គួឲ្យសរសើរថែមទៀតផង រហូតមានអ្នកគាំទ្រជាច្រើនបានដាក់ក្តីរំពឹងថា កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាម្ចាស់មកុដ ប្រសិនបើនាងធ្វើបានល្អក្នុងថ្ងៃប្រកួតចុងក្រោយនេះ។

កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហាញ​ខ្លួនជាផ្លូវការលើឆាកប្រកួតជាលើកដំបូង នាងទទួលបានការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំង ពីក្រុម​បណ្តាញសង្គម ដោយកោតសរសើរថា កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ពិតជាមាន​រូបសម្រស់ស្រស់ស្អាត និងសមត្ថភាពមិនធម្មតាមែន។​

កញ្ញាពេជ្រ វត្តីសារ៉ាវឌ្ឍី មានបំណងចូលរួមប្រកួតក្នុងកម្មវិធីកញ្ញាឯកជាច្រើនលើកច្រើនសា​មកហើយ ប៉ុន្តែនាង​បានខកខាន ដោយសារតែជាប់កិច្ចសន្យាជាមួយនឹងការសម្តែងភាពយន្ត ។ រីឯ​ការចូលរួមប្រកួត នាពេលនេះក៏ជាឱកាសដ៏ល្អបំផុត សម្រាប់នាង ដែលអាចទទួលចំណាត់ថ្នាក់ណាមួយ នៅក្នុងថ្ងៃប្រកួតផ្តាច់ព្រ័ត្រ ឬក៏អាចគ្រងមកុដថែមទៀតផង ព្រោះតែនាងមាន​សម្រស់ និងសមត្ថភាព​លេចធ្លោ ។

ទោះជាយ៉ាងណា គេនៅតែមិនអាចប៉ាន់ប្រមាណបាននៅឡើយ ហើយប្រសិនបបើកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ធ្វើបានល្អ នៅក្នុងវគ្គចុងក្រោយ​  នាងអាចនឹងក្តាប់ឱកាសជោគជ័យបានខណៈវគ្គឆ្លើយសំណួរពីគណៈកម្មការបានល្អ៕