ស្រាវជ្រាវដោយ ឈឹម សេរីភួន ៖ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ១៩៤៩ ព្រះមហាក្សត្របានប្រកាសរំលាយសភា ដែលមានតំណាងរាស្រ្តភាគច្រើនលើសលប់មកពីគណបក្សប្រជាធិបតេយ្យ និងតែងតាំង អៀវ កើស ឲ្យធ្វើជានាយករដ្ឋមន្រ្តី បានតែរយៈពេលតែ៨ថ្ងៃប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ១៩៤៩ នោះដែរ ព្រះអង្គក៏សម្រេចព្រះទ័យប្រកាសព្យួររដ្ឋធម្មនុញ្ញថែមទៀត ពោលគឺនៅពេលនោះ ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសមួយដែលគ្មានទាំងរដ្ឋសភា និងគ្មានទាំងរដ្ឋធម្មនុញ្ញទៀតផង។លើសពីនេះទៅទៀត ក្រោយរំលាយរាជរដ្ឋាភិបាល អៀវ កើស ចោល នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ១៩៤៩ ព្រះអង្គបានរៀបចំរាជរដ្ឋាភិបាលថ្មីមួយទៀតមកជំនួសវិញ ដោយមានយ៉ែម សំបូរ ជានាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងការពារជាតិ, ស៊ុម ហៀង ជាឧបនាយករដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច ផែនការ និងធម្មការ, កុសល ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌, មាស សាអែម ជារដ្ឋមន្ត្រីអប់រំជាតិ និងយុវជន, ផ្លែក ភឺន ជារដ្ឋមន្រ្តីក្រសួងកសិកម្មសាធារណការ និងគមនាគមន៍, រ៉ាយ ល្មុត ជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងផ្គត់ផ្គង់, នាល ផ្លែង ជារដ្ឋមន្រ្តីក្រសួងសុខាភិបាល និងសង្គមកិច្ច, ឃុត ឃឿន ជារដ្ឋមន្រ្តីក្រសួងព័ត៌មាន និងវិចិត្រសិល្បៈ និងផូ ព្រឿង ជារដ្ឋលេខាធិការក្រសួងការពារជាតិ ។ ការសម្រេចព្រះទ័យរបស់ព្រះមហាក្សត្ររំលាយសភា និងព្យួររដ្ឋននុញ្ញ ព្រមទាំងផ្លាស់ប្ដូររាជរដ្ឋាភិបាលថ្មីភ្លាមៗបែបនេះ ព្រះអង្គក៏ផ្អែកទៅលើរដ្ឋធម្មនុញ្ញ ដែលបានចែងថា ព្រះមហាក្សត្រមានសិទ្ធិធ្វើអន្តរាគមន៍គ្រប់ពេលវេលាក្នុងករណីណាដែលព្រះអង្គឈ្វេងយល់ ជាការចាំបាច់ចំពោះប្រទេសជាតិ។ ពិសេសការដែលព្រះអង្គតែងតាំងរាជរដ្ឋាភិបាលថ្មី ហើយរំលាយសភាចោលដូច្នេះ ព្រះអង្គសំអាងថា ពេលនោះប្រទេសជាតិកំពុងឆ្លងកាត់គ្រោះអាសន្ន ដោយសារពួកខ្មែរឥស្សរៈ និងពួកវៀតមិញ កំពុងបង្កអសន្តិសុខនៅទូទាំងប្រទេស ពិសេសមាត្រា២១ នៃរដ្ឋធម្មនុញ្ញ ក៏បានចែងថា៖ អំណាចគ្រប់យ៉ាងបានមកពីព្រះមហាក្សត្រ ផងដែរ ។ ក្រោយពេលព្រះមហាក្សត្រ តែងតាំងលោក យ៉ែម សំបូរ ឲ្យធ្វើជានាយករដ្ឋមន្ត្រីជាថ្មីម្ដងទៀតនោះ ធ្វើឲ្យផ្ទៃក្នុងរបស់គណបក្សប្រជាធិបតេយ្យកាន់តែបែកបាក់គ្នាខ្លាំងឡើងៗ។

ដោយសារគណបក្សប្រជាធិបតេយ្យ មានជម្លោះបែកបាក់ផ្ទៃក្នុងកាន់តែធ្ងន់ធ្ងរទៅៗ ព្រះមហាក្សត្រសីហនុ ក៏ប្រកាសរំលាយរដ្ឋាភិបាល ដែលមានយ៉ែម សំបូរ ជានាយករដ្ឋមន្ត្រី ចោលវិញ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ១៩៥០ ហើយនៅថ្ងៃទី៣ ខែឧសភា ដដែលនោះ ព្រះអង្គបានរៀបចំសមាសភាពរាជរដ្ឋាភិបាលថ្មីមួយទៀត ដោយមានព្រះអង្គផ្ទាល់ជានាយករដ្ឋមន្រ្តី, ម៉ៅ តាន់ ជាទេសរដ្ឋមន្តី្រ, ប៉ែន នុត ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ, យិត ស្រ៊ុន ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ម៉ម សុន រដ្ឋមន្ត្រីក្រសួងការបរទេស សាធារណការ និងគមនាគមន៍, អូ ឈីន ជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ, ឃួន ណៃ ជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចជាតិ, ចាន់ ណាក ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ពីទូ ដឺម៉ុងតេរ៉ូ ជារដ្ឋមន្រ្តីក្រសួងអប់រំជាតិ, នាល ផេង ជារដ្ឋមន្រ្តីក្រសួងសាធារណសុខាភិបាល ការងារ និងសង្គមកិច្ច និងអ៊ិន ងិន ជារដ្ឋមន្ត្រីក្រសួងធម្មការ និងសិល្បៈ ។ ប៉ុន្តែរាជរដ្ឋាភិបាលដែលមានព្រះមហាក្សត្រសីហនុ ជានាយករដ្ឋមន្រ្តីនេះ ដឹកនាំប្រទេសបានរយៈពេលតែ២៨ថ្ងៃ នៅថ្ងៃទី៣១ ខែឧសភា ព្រះអង្គក៏បានរៀបចំរាជរដ្ឋាភិបាលថ្មីមួយទៀត ដោយតែងតាំងព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីពង្ស ជាព្រះបិតុលារបស់ព្រះអង្គ ជានាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងព័ត៌មាន, រ៉ាយ ល្មុត ជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងផែនការ, សុន វ៉ឺនសៃ ជារដ្ឋមន្ត្រីក្រសួងការពារជាតិ, អូ ឈីន ជាមន្ត្រីក្រសួងហិរញ្ញវត្ថុ, ទឹម កេន ជារដ្ឋមន្ត្រីក្រសួងសាធារណការ និងគមនាគមន៍, ចាន់ ណាក ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ពីទូ ដឺម៉ុងតេរ៉ូ ជារដ្ឋមន្រ្តីក្រសួងអប់រំ និងយុវជន, ឃួន ណៃ ជារដ្ឋមន្ត្រីក្រសួងកសិកម្ម និងចិញ្ចឹមសត្វ, នាល ផ្លែង ជារដ្ឋមន្រ្តីក្រសួងសុខាភិបាល និងសង្គមកិច្ច, មាស ហ៊ែល ជារដ្ឋមន្រ្តីក្រសួងធម្មការ និងវិចិត្រសិល្បៈ , សឺន សាន (មិត្តភក្ដិជិតស្និទ្ធរបស់ព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីពង្ស) ជារដ្ឋមន្ត្រីក្រសួងការបរទេស និង ជា ជិនកុក ជារដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម។ គួរកត់សម្គាល់ថា សុន វ៉ឺនសៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងរាជរដ្ឋាភិបាលថ្មីនេះ ជាអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋាភិបាលរបស់គណបក្សប្រជាធិបតេយ្យ តាំងពីសម័យព្រះអង្គម្ចាស់យុត្តិវង្ស ធ្វើជានាយករដ្ឋមន្ត្រីឆ្នាំ១៩៤៧ មកនោះ ត្រូវបានព្រះមហាក្សត្រតែងតាំងឲ្យធ្វើជារដ្ឋមន្ត្រីជាបន្តបន្ទាប់ ដោយសារគាត់(សុន វ៉ឺនសៃ) តែងតែបានរាយការណ៍ពីរឿងមេដឹកនាំគណបក្សប្រជាធិបតេយ្យ លួចយកអាវុធនិងថ្នាំពេទ្យទៅជួយដល់ចលនាតស៊ូរបស់លោកសឺង ង៉ុកមិញ ឲ្យព្រះអង្គបានជ្រាប និងដើម្បីសម្ដែងការស្មោះត្រង់ចំពោះព្រះអង្គផងដែរ ។

នៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៥១ រាជរដ្ឋាភិបាលព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីពង្ស ក៏បានធ្វើការផ្លាស់ប្ដូរ និងផ្ទេរភារកិច្ចសមាសភាពគណៈរដ្ឋមន្ត្រីមួយចំនួន ដោយដក រ៉ាយ ល្មុត , ចាន់ ណាក , នាល ផ្លែង និងជា ជិនកុក ចេញនិងដាក់ សម ញាណ (ឪពុកសម សារី) ជារដ្ឋមន្រ្តីក្រសួងធម្មការ និងវិចិត្រសិល្បៈ , ញឹក ជូឡុង ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ, ហ៊ុយ កន្ធុល ជារដ្ឋមន្រ្តីក្រសួងអប់រំជាតិ និងយុវជន , ម៉ម សុន ជារដ្ឋលេខាក្រសួងសុខាភិបាល និងសង្គមកិច្ច ។ ប៉ុន្តែរាជរដ្ឋាភិបាលនេះ មានអាយុ២ខែប៉ុណ្ណោះ ក៏ត្រូវព្រះមហាក្សត្រប្រកាសរំលាយវិញ ហើយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ១៩៥១ ព្រះអង្គក៏បានរៀបចំសមាសភាពរដ្ឋាភិបាលថ្មីមួយទៀត ដោយមាន អ៊ុម ឈាងស៊ុន ជានាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ , ម៉ម សុន ជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណសុខាភិបាល , ហ៊ុយ កន្ធុល ជារដ្ឋមន្រ្តីក្រសួងអប់រំជាតិ និងវិចិត្រសិល្បៈ , នាល ផ្លែង ជារដ្ឋមន្ត្រីក្រសួងការបរទេស , ញឹក ជូឡុង ជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ , សម ញាណ (ឪពុកសម សារី) ជារដ្ឋមន្រ្តីក្រសួងធម្មការ , ពីទូ ដឺម៉ុកតេរ៉ូ ជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ , អូ ឈីន ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងព័ត៌មាន , ផ្លែក ភឺន ជារដ្ឋមន្រ្តីក្រសួងកសិកម្ម , សុន វ៉ឺនសៃ ជារដ្ឋមន្ត្រីក្រសួងសាធារណការ និងសម សារី (កូនលោកសម ញាណ និងជាឪពុកលោកសម រង្ស៊ី) ជាអនុលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី ។ ប៉ុន្តែមកដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥១ រាជរដ្ឋាភិបាលដឹកនាំដោយលោក អ៊ុម ឈាងស៊ុន បានធ្វើការផ្លាស់ប្ដូរ និងផ្ទេរភារកិច្ចសមាសភាពគណៈរដ្ឋមន្រ្តីមួយចំនួន ដោយដក ហ៊ុល កន្ធុល , ជា ជិនកុក , សុន វ៉ឺនសៃ និងសម សារី ចេញ ហើយដាក់ ប្រាក់ សារិន ជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ , កុសក ជារដ្ឋមន្រ្តីក្រសួងសាធារណការ-ផែនការ-គមនាគមន៍ និងប្រៃសណីយ៍ , ទេព ផន ជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម និងកជួប ហ៊ែល ជារដ្ឋមន្រ្តីក្រសួងកសិកម្មវិញ ៕ (វាយអត្ថបទដោយកញ្ញា កៅ សុផានីត)