ភ្នំពេញ៖ អ្នកលេងហ្វេសប៊ុកម្នាក់ បានបង្ហោះសារមួយថា៖ កូវីដ១៩ ពិន័យក៏ឡើងថ្លៃដែរ កុំថាតែទំនិញនៅផ្សារ ១២០០០០រៀល បើកល្បឿន១០០។ ១៥០០០០រៀល បើកល្បឿន៨០ ។ គួរតែយល់ហើយ ។ ក្រោយបង្ហោះសារខាងលើនេះ មានអ្នកខ្លះមានការងឿងឆ្ងល់ ក៏ខមិនចូលមកថា៖ អត់យល់ម្តេច១៥ម៉ឺន ១២ម៉ឺនចឹងបង? ល្បឿន តិចជាង ផាកច្រើនជាងមែន?។

បើពិនិត្យនៅលើបង្កាន់ដៃផាកពិន័យរបស់មន្រ្តីប៉ូលិសចរាចរណ៍ខេត្តត្បូងឃ្មុំ ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ បានបង្ហាញពីការផាកពិន័យច្បាស់ថា៖ ទឹកប្រាក់១២០០០០ (ដប់ពីរម៉ឺន) រៀល អត្ថន័យ៖ ពិន័យអំពើល្មើសមាត្រា៧ថ្មី នៃអនុក្រិត្យលេខ៣៩អនក្រ.បក ចុះថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២០។ ប៉ុន្តែ បើពិនិត្យនៅលើបង្កាន់ដៃផាកពិន័យរបស់មន្រ្តីប៉ូលិសចរាចរណ៍ខេត្តកំពុងស្ពឺ ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ (គឺថ្ងៃនេះ) បានបង្ហាញពីការផាកពិន័យថា៖ ទឹកប្រាក់១៥០០០០ (ដប់ប្រាំម៉ឺន) រៀល អត្ថន័យ៖ ពិន័យអំពើល្មើសមាត្រា៧ថ្មី នៃអនុក្រិត្យលេខ៣៩អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ដូចគ្នានេះដែរទៅវិញ។

ដើម្បីកុំឱ្យអ្នកបើកបររថយន្តមានការងឿងឆ្ងល់ពីរឿងផាកពិន័យ១២០០០០រៀល បើកល្បឿន១០០ និងផាកពិន័យ១៥០០០០រៀល បើកល្បឿន៨០នេះទៀត មន្រ្តីប៉ូលិសចរាចរណ៍រាជធានីភ្នំពេញ និងបណ្ដាខេត្តទាំងអស់ មុននឹងធ្វើការផាកពិន័យ គួរតែពន្យល់ហេតុផលឱ្យបានច្បាស់លាស់ថា តើអ្នកបើកបររថយន្តនោះ ឬរថយន្តរបស់អ្នកបើកបរមានកំហុសអ្វីខ្លះ ទើបបានជាមន្រ្តីប៉ូលិសចរាចរណ៍ផាកពិន័យប៉ុណ្ណេះ ឬប៉ុណ្ណោះ។ ចៀសវាងកុំឱ្យមានមន្រ្តីប៉ូលិសចរាចរណ៍ខ្លះផាកពិន័យ១២០០០០រៀល ខ្លះផាកពិន័យ១៥០០០០រៀល ក្នុងអត្ថន័យ៖ ពិន័យអំពើល្មើសមាត្រា៧ថ្មី នៃអនុក្រិត្យលេខ៣៩អនក្រ.បក ចុះថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២០ តែមួយដូចគ្នាបែបនេះ។

ដើម្បីកុំឱ្យមានបញ្ហាងឿងឆ្ងល់ទាក់ទងករណីខាងលើនេះ សូមបងប្អូនអ្នកបើកបររថយន្តទាំងឡាយ ចូលទៅមើលហ្វេសប៊ុករបស់នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក-(Road Traffic Safety Department) នឹងបានយល់ច្បាស់ពី អនុក្រឹត្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក នេះហើយ៕