​រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ​លោក ឆែម សាវុធ អគ្គនា​យកពន្ធនាគារ នៃក្រសួង​មហាផ្ទៃ​ និងក្រុមគ្រួសាររបស់លោក គឺជាជនរងគ្រោះ ដោយសារជំងឺកូវីដ-១៩។

មានប្រសាសន៍ថ្លែងសារផ្ញើទៅកាន់ជនរួមជាតិ ពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ​-១៩ និងការទិញវ៉ាក់សាំង ជំងឺកូវីដ-១៩នេះ សម្តេច​តេជោ​ បានបញ្ជាក់ថា មានមតិមួយចំនួន ចង់ឲ្យ​លោក ឆែម សាវុធ សម្រាកពីការងារ ក្រោយពេលរកឃើញថា លោក និងក្រុមគ្រួសារ បានកើតជំងឺកូវីដ-១៩ ។ ប៉ុន្ដែ​​ក្រោយការស្រាវជ្រាវ​ បានបង្ហាញថា លោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ នៃក្រសួង​មហាផ្ទៃ​ និងក្រុមគ្រួសារ គឺជាជនរងគ្រោះ ​ដោយសារជំងឺកូវីដ-១៩​។

​លោក ឆែម សាវុធ អគ្គនាយពន្ធនាគារ នៃក្រសួង​មហាផ្ទៃ និងមនុស្សពីរ​នាក់​ទៀត​ ​​ពាក់ព័ន្ធនឹងក្រុម​គ្រួសាររបស់លោក ត្រូវបាន​ប្រកាស​ជាសះស្បើយ ពីជំងឺ​កូវីដ-១៩ នៅថ្ងៃទី១៥ ខែធ្នូ នេះ។ លោក ឆែម សាវុធ បាន​ធ្វើតេស្តអវិជ្ជមាន ចំនួន៣​ដង​ មុននឹង​ត្រូវ​បានអនុញ្ញាតឱ្យ​ចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត​។ ដោយឡែក​អ្នក​ពាក់ព័ន្ធនឹងក្រុម​គ្រួសាររបស់​លោក ចំនួន២នាក់ទៀត ក៏បានធ្វើតេស្តអវិជ្ជមានកូវីដ-១៩ ចំនួន២ដង ហើយ​បាន​អនុញ្ញាតឱ្យ​ចេញពីមន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត​ រាជធានី​ភ្នំពេញផងដែរ៕